ភ្នំពេញ ៖ ប្រៃសណីយ៍កម្ពុជា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសលក់ឡៃឡុង សម្ភារៈក្នុងកញ្ចប់ បញ្ញើមួយចំនួន ដែលគ្មានអាសយដ្ឋានអ្នកទទួលត្រឹមត្រូវ ដើម្បីប្រមូលយកថវិកាដែលលក់បានទាំងអស់ឧបត្ថ ម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា។

យោងតាមសេចក្តីជូនដំណឹងរបស់ប្រៃសណីយ៍កម្ពុជា បានឱ្យដឹងថា ដោយមានការរីករាលដាលជា សកល នៃជំងឺកូវីដ-១៩ បណ្តាលឱ្យប្រៃសណីយ៍កម្ពុជា មានការកកស្ទះបញ្ញើមួយចំនួន ដែលគ្មានអាសយដ្ឋានអ្នកផ្ញើ ពុំអាចរកអាសយដ្ឋានអ្នកផ្ញើ ឬអ្នកទទួលឃើញ មិនអាចបញ្ជូនត្រលប់ទៅប្រទេសដើមវិញបាន និងគ្មានសំណូម ពរឱ្យបញ្ជូនត្រឡប់ ហើយបញ្ញើទាំងនោះ ក៏ត្រូវបានរក្សាទុកចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១ ផងដែរ។

ប្រៃសណីយ៍កម្ពុជា បានពិនិត្យលើកញ្ចប់បញ្ញើទាំងនោះ មានសម្ភារៈមួយចំនួន មិនអាចទុកបន្តទៀតបាន ដូច្នេះប្រៃសណីយ៍កម្ពុជា នឹងធ្វើការលក់ឡៃឡុង ហើយថវិកាដែលលក់បាន នឹងយកទៅឧបត្ថម្ភដល់មន្ទីរ ពេទ្យគន្ធបុប្ផា ទាំងអស់។
យ៉ាងណា ប្រៃសណីយ៍កម្ពុជា មិនបានបញ្ជាក់ច្បាស់ថា ក្នុងកញ្ចប់បញ្ញើដែលត្រូវលក់ឡៃឡុងទាំងនោះ តើមាន សម្ភារៈអ្វីខ្លះនោះទេ។

ប្រសិនបើសាធារណជន ឬក្រុមហ៊ុនមានបំណងចង់ចូលរួមដេញថ្លៃសម្ភារៈទាំងនោះ នៅប្រៃសណីយ៍កម្ពុជា សូមអញ្ជើញមកទាក់ទងនៅទីស្នាក់ការកណ្តាលប្រៃសណីយ៍កម្ពុជា ដែលមានអាសយដ្ឋាន កាច់ជ្រុងវិថីលេខ១៣ និង១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ នៅរៀងរាល់ថ្ងៃម៉ោងធ្វើការ ឬតាមរយៈតេឡេក្រាម លេខ ០៩២ ៦៧០ ១១៨ ឬ ០១០ ៩៤១ ១១៨ ៕


