អាជ្ញាធរហ្វីលីពីនបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និងជាង៣៨ម៉ឺននាក់ នាក់ផ្សេងទៀតបានរងផលប៉ះពាល់ ដោយសារព្យុះទីហ្វុង Saola ដែលបានបោកបក់មកលើប្រទេសហ្វីលីពីននៅថ្ងៃសុក្រនេះ។ក្រុមប្រឹក្សាកាត់បន្ថយនិងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្គត់ផ្គង់អគ្គិសនីនិងការផ្គត់ផ្គង់ទឹកក៏រងផលប៉ះពាល់ផងដែរនៅក្នុងតំបន់មួយចំនួននៃប្រទេសអាស៊ីអាគ្នេយ៍ ដោយសារព្យុះ Saola ដែលគេស្គាល់ថាជាព្យុះទីហ្វុង Goring។

ប្រទេសប្រជុំកោះក៏រងផលប៉ះពាល់ដោយព្យុះទីហ្វុង Hanna និងព្យុះត្រូពិច Kirogi ផងដែរ។Goring និង Hanna គឺជាព្យុះស៊ីក្លូនត្រូពិចទី ៧និងទី ៨រៀងៗខ្លួន ដែលវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះ។ទន្ទឹមនឹងនេះប្រទេសចិនបានចេញការប្រកាសអាសន្នពណ៌ក្រហមដែលជាកម្រិតធ្ងន់ធ្ងរបំផុតនៃប្រព័ន្ធព្រមានបួនជាន់របស់ខ្លួនខណៈដែលSaolaត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់តំបន់ឆ្នេរនៃប្រទេស។តំបន់ជាច្រើនបានពន្យារពេលថ្ងៃចូលរៀនដំបូង និងផ្អាកសកម្មភាពផលិតកម្ម និងការដឹកជញ្ជូនសាធារណៈ នេះបើតាមការចុះផ្សាយរបស់កាសែត Global Times ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ។នេះជាព្យុះទីហ្វុងទី៩ហើយដែលវាយប្រហារប្រទេសចិនក្នុងឆ្នាំនេះ។នៅទីក្រុងហុងកុង អាជ្ញាធរអាកាសធាតុបានព្រមានថាSaolaត្រូវបានគេរំពឹងថានឹងគ្របដណ្តប់ទីក្រុងនៅភាគខាងត្បូងរបស់ខ្លួននៅថ្ងៃសុក្រ៕