Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិក្មេងស្រីលេងបិទពួន ឡានកិនស្លាប់

ក្មេងស្រីលេងបិទពួន ឡានកិនស្លាប់

ភ្នំពេញ ៖ ក្មេងប្រុសស្រីតូចៗ ចំនួន២នាក់ ជាអ្នករស់នៅក្បែរផ្ទះគ្នា បាននាំគ្នាលេងបិទពួន នៅលើចិញ្ចើមផ្លូវលំ ខាងមុខផ្ទះ ស្រាប់តែមានរថយន្ត ១គ្រឿង បើកបរឆ្លងកាត់ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកនិងកិនក្មេង ស្រីម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានឪពុកម្តាយប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះដែរតែ អកុសលក្មេងស្រីតូចបានបាត់បង់ជីវិតទៅហើយ រីឯអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ទុករថយន្តចោល នៅកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅតាម បណ្តោយផ្លូវបេតុង ១កន្លែង ស្ថិតក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ក្មេងស្រីរងគ្រោះដែលត្រូវរថយន្តកិនស្លាប់ មានឈ្មោះវ៉ា ខេលី អាយុជាង៣ខួប ទើបចូលរៀនបានជាង១ខែ មាន ឪពុកឈ្មោះនួន វ៉ា អាយុ៣០ឆ្នាំ មុខរបរជាងដេគ័រ ម្តាយឈ្មោះហុន ឈ៊ុនឡាង អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ និង មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេ ឃើញក្មេងស្រីរងគ្រោះខាងលើ និងក្មេងប្រុសម្នាក់ទៀត ដែលរស់នៅផ្ទះក្បែរគ្នា បាននាំគ្នារត់លេងបិទពួននៅ តាមចិញ្ចើមផ្លូវបេតុង នៅជិតផ្ទះខ្លួន។ លុះខណៈដែលក្មេង តូចទាំង២នាក់ កំពុងរត់លេងបិទពួននោះ ស្រាប់តែ មានរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ហាយឡែនដឺរ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AA-6512 បើកបរតាម បណ្តោយផ្លូវបេតុងខាងលើ ក្នុងល្បឿនមធ្យម ដោយមានការធ្វេសប្រហែស មិនបានមើលក្មេងលេង ក៏ជ្រុលបុក និងកិនក្មេងស្រីរងគ្រោះខាងលើ បណ្តាលឱ្យរងរបួសធ្ងន់។ ចំណែកក្មេងប្រុសម្នាក់ទៀត បានថយចេញទាន់។

ប្រភពដដែល បន្តថា ខណៈរថយន្តខាងលើ បុកនិងកិនក្មេងស្រីហើយ ភ្លាមៗនោះ បងប្អូនជិតខាង បានបីក្មេង ស្រីទៅឱ្យក្រុមគ្រួសារ និងឃើញក្មេងស្រីរងគ្រោះនិយាយបានតិចៗ ហើយភ្លាមនោះ ក្រុមគ្រួសារប្រញាប់ដឹក កូនស្រីតាមម៉ូតូ ដើម្បីយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ឯកមូលមិត្ត ភ្លាមៗដែរ តែទៅដល់ ក្រុមគ្រូពេទ្យ ឃើញស្ថានភាពធ្ងន់ពេក ក៏ប្រាប់ឱ្យបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារជាតិ។ ប៉ុន្តែជាអកុសល ក្មេងស្រីរងគ្រោះបានបាត់បង់ជីវិត ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

ចំណែកអ្នកបើកបររថយន្តបង្កហេតុ ក្រោយពីកិនក្មេងស្រីរួច បានគេចខ្លួនបាត់ ទុករថយន្តនៅកន្លែងកើតហេតុ។ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ បានចុះមកវាស់វែងទីកន្លែងកើតហេតុ និង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។

ដោយឡែក សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES