មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រទី២៤សីហា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះ F-16ដល់កងទ័ពអ៊ុយក្រែននៅសហរដ្ឋអាមេរិកចាប់ពីខែក្រោយដើម្បីឲ្យពួកគេអាចប្រើយន្តហោះទំនើបប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បាននិយាយថាការហ្វឹកហ្វឺនរបស់សហរដ្ឋអាមេរិកនឹងរួមបញ្ចូលអ្នកបើកយន្តហោះ៤-៥នាក់និងបុគ្គលិក ជាច្រើននាក់ដើម្បីថែរក្សាយន្តហោះនេះ។លោកបាននិយាយថាអាកាសយានិកទាំងនេះនឹងធ្វើការបណ្តុះបណ្តាលភាសាអង់គ្លេសនៅឯមូលដ្ឋានទ័ពអាកាស Lackland ក្នុងទីក្រុង San Antonio រដ្ឋតិចសាស់ ក្នុងខែកញ្ញា មុនពេលចូលរួមការហ្វឹកហាត់ហោះហើរ F-16 នៅរដ្ឋ Arizona” នៅខែបន្ទាប់។លោកបានបន្ថែមថា ការហ្វឹកហ្វឺននៅរដ្ឋ Arizona នឹងធ្វើឡើងនៅមូលដ្ឋានឆ្មាំជាតិ Morris Air ។
សេតវិមានបាននិយាយថា ប្រធានាធិបតី ចូបៃដិន និងសមភាគីអ៊ុយក្រែនលោក ហ្សេឡិនស្កីបានពិភាក្សាអំពីកម្មវិធីបណ្តុះបណ្តាល។

សេចក្តីថ្លែងការណ៍របស់សេតវិមានបានឲ្យដឹងថា ប្រធានាធិបតី បៃដិនបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រការការពាររបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីសម្រាប់រយៈពេលដែលវាត្រូវការ ដើម្បីឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។
កាលពីសប្តាហ៍មុនសហរដ្ឋអាមេរិកបានប្រាប់ប្រទេសដាណឺម៉ាក និងហូឡង់ថា ពួកគេអាចផ្ទេរយន្តហោះចម្បាំង F-16 របស់ពួកគេទៅកាន់អ៊ុយក្រែន នៅពេលដែលអាកាសយានិករបស់ប្រទេសនេះត្រូវបានបណ្តុះបណ្តាលឱ្យចេះប្រើវា។ប្រទេសដាណឺម៉ាកមានគម្រោងបញ្ជូនF-16 ចំនួន១៩គ្រឿងអោយអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាក លោក Mette Frederiksen បាននិយាយថា ប្រទេសរបស់នាងនឹងផ្តល់យន្តហោះចំនួន ១៩គ្រឿង ដោយសង្ឃឹមថា ចំនួនប្រាំមួយនឹងទៅដល់នៅឆ្នាំថ្មី ប្រាំបីបន្ថែមទៀតនៅឆ្នាំ២០២៤ និងប្រាំគ្រឿងទៀតនៅឆ្នាំ២០២៥ ។

ចំណែកឯលោក Mark Rutte នាយករដ្ឋមន្ត្រីហូឡង់ មិនបានកំណត់ចំនួននៃការបរិច្ចាគF-16ទេ ប៉ុន្តែបាននិយាយថា ហូឡង់មាន៤២គ្រឿង នៅក្នុងកងទ័ពអាកាសរបស់ខ្លួនហើយថាប្រទេសរបស់លោកកំពុងស្ថិតក្នុងដំណើរដាក់ជំនួសដោយយន្តហោះ F-35 ទំនើបជាងមុនដែលផលិតដោយអាមេរិក។ជាមួយគ្នានេះដែរកាលពីថ្ងៃព្រហស្បតិ៍ន័រវែសក៏បាននិយាយថាខ្លួននឹងផ្តល់យន្តហោះ F-16 ដល់អ៊ុយក្រែនដែរ ដោយទីភ្នាក់ងារព័ត៌មាន NTB បានរាយការណ៍ថាការបរិច្ចាគនឹងមានយន្តហោះចន្លោះពី ៥ ទៅ ១០ គ្រឿងផងដែរ ៕