យន្តហោះមួយគ្រឿងដែលមានមនុស្ស សរុប៨នាក់ដែលក្នុងនោះមានអ្នកបើកបរ២នាក់ផងនៅ បានធ្លាក់លើផ្លូវ ហាយវេមួយកន្លែងនៅជិត Shah Alam ក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ សីហា បណ្តាលឲ្យស្លាប់ទាំងអស់។ជុំវិញមូលហេតុនៃការធ្លាក់នេះមិនទាន់ត្រូវបានគេបង្ហើបឲ្យនោះទេខណៈការស៊ើបអង្កេតកំពុងបន្ត។

យន្តហោះដែលដំណើរការដោយក្រុមហ៊ុន Jetvalet Sdn. Bhd. បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Langkawi នៅម៉ោង ២និង ៨នាទីរសៀល ទៅកាន់អាកាសយានដ្ឋាន Sultan Abdul Aziz Shah។នេះបើតាម លោក Norazman Bin Mahmud នាយកប្រតិបត្តិរបស់ CAAM បាននិយាយ។
នៅម៉ោង ២និង៥១នាទីរសៀល អគារត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស Subang បានសង្កេតឃើញ មានផ្សែង ហុយចេញពីកន្លែងធ្លាក់ ប៉ុន្តែមិនមានការហៅទូរស័ព្ទអោយជួយដោយយន្តហោះនោះទេ។យោងតាមសារព័ត៌មាន New Straits Times (NST) មេប៉ូលិស តំបន់Selangor លោក Hussein Omar Khan បាននិយាយថា យើងជឿថា អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងឧបទ្ទវហេតុនេះ បានស្លាប់បាត់បង់ជីវិត។ លោក បន្ថែមមនុស្ស ៨ នាក់នៅលើយន្តហោះ និងពីរនាក់នៅលើដីបានស្លាប់។

អ្នកទាំង២នាក់ដែលនៅលើដីគឺម្នាក់ជាអ្នកបើកបររថយន្ត និងម្នាក់ជាអ្នកជិះម៉ូតូ ។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានយន្តហោះបុកពេញទំហឹង ។
លោក Hussein ត្រូវបានដកស្រង់សម្តីដោយ NST ថា នាយកដ្ឋានពន្លត់អគ្គីភ័យនិងជួយសង្គ្រោះអាចពន្លត់ភ្លើង បានក្នុងរយៈពេល ១០នាទី។
កម្លាំងជំនាញកំពុងធ្វើកោសល្យវិច័យ ក្នុងការប្រមូលសាកសព ហើយនឹងនាំយកទៅមន្ទីរពេទ្យ Tengku Ampuan Rahimah ក្នុងក្រុង Klang ដើម្បីពិនិត្យ និងកំណត់អត្តសញ្ញាណសាកសព។

លោក Norazman បាននិយាយថា “ការស៊ើបអង្កេតសុវត្ថិភាពនឹងត្រូវបានធ្វើឡើងដោយការិយា ល័យស៊ើប អង្កេតគ្រោះថ្នាក់អាកាសក្រោមក្រសួងដឹកជញ្ជូនម៉ាឡេស៊ីដោយអនុលោមតាមច្បាប់ XXVI នៃបទប្បញ្ញត្តិអាកាស ចរណ៍ស៊ីវិលឆ្នាំ ២០១៦ ៕