កាលពីថ្ងៃព្រហស្បតិ៍ ទី ១៧ខែសីហាអ៊ីស្រាអែលបាននិយាយថា សហរដ្ឋអាមេរិក បានយល់ព្រម បើកភ្លៀងខៀវអោយខ្លួនលក់ប្រព័ន្ធការពារមីស៊ីលល្បឿនលឿន ជាងសំឡេង Arrow 3 ទៅឱ្យប្រទេសអាល្លឺម៉ង់ ដែលជាកិច្ចព្រមព្រៀងយោធាដ៏ធំបំផុតរបស់ប្រទេសដែលមានតម្លៃ ៣,៥ពាន់លានដុល្លារ។
ប្រព័ន្ធការពារមីស៊ីលលឿន ជាងសំឡេង Arrow 3 ដែលត្រូវបានរចនាឡើងដើម្បីបាញ់ទម្លាក់មីស៊ីលផ្លោងពីលើបរិយាកាសផែនដីត្រូវបានអភិវឌ្ឍនិងផលិតរួមគ្នាដោយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក។ក្រសួងការពារជាតិអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រសួងការបរទេសសហរដ្ឋអាមេរិកបានជូនដំណឹងដល់ខ្លួនអំពីការយល់ព្រមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ប្រទេសអាល្លឺម៉ង់ក្នុងការទិញប្រព័ន្ធ Arrow 3 ។

ក្រសួងការពារជាតិអ៊ីស្រាអែល និងក្រសួងការពារជាតិសហព័ន្ធអាល្លឺម៉ង់ ព្រមទាំងឧស្សាហកម្មអាកាសចរណ៍អ៊ីស្រាអែល នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដែលមានតម្លៃ ៣,៥ពាន់លានដុល្លារ ដែលជាសញ្ញាសម្គាល់កិច្ចព្រមព្រៀងការពារជាតិដ៏ធំបំផុតមិនធ្លាប់មានរបស់អ៊ីស្រាអែល។
ក្រសួងបាននិយាយថាមន្ត្រីជាន់ខ្ពស់មកពីក្រសួងការពារជាតិអ៊ីស្រាអែលនិងអាល្លឺម៉ង់នឹងចុះហត្ថលេខាលើលិខិតសន្យាមួយចំពោះកិច្ចព្រមព្រៀងជាមួយនឹងការបង់ប្រាក់បឋមចំនួន ៦00លានដុល្លារ។ក្រសួងបាននិយាយថាប្រព័ន្ធនេះសមត្ថភាពស្ទាក់ចាប់រយៈចម្ងាយឆ្ងាយ និង រយៈកម្ពស់ខ្ពស់ពីលើបរិយាកាស ។ដោយមួយផ្នែកផ្តល់ហិរញ្ញប្បទានដោយសហរដ្ឋអាមេរិក ប្រព័ន្ធ Arrow ត្រូវបានបង្កើតឡើង និងផលិតដោយ Israeli Aerospace Industries (IAI) ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Boeing ។យោងតាម IAI បានឱ្យដឹងថា Arrow 3 អាចស្ទាក់ចាប់មីស៊ីលផ្លោងដែលបានបាញ់ពីចម្ងាយរហូតដល់ ២៤០០គីឡូម៉ែត្រ ។ប្រព័ន្ធនេះត្រូវបានដាក់ពង្រាយជាលើកដំបូងនៅក្នុងមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែលក្នុងឆ្នាំ ២០១៧ហើយត្រូវបានប្រើប្រាស់ដើម្បីការពារអ៊ីស្រាអែលប្រឆាំងនឹងការវាយប្រហារពីអ៊ីរ៉ង់ និងស៊ីរី។

ក្រសួងការពារជាតិអ៊ីស្រាអែលបាននិយាយថា កិច្ចសន្យាចុងក្រោយសម្រាប់កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងចុះហត្ថលេខានៅចុងឆ្នាំ ២០២៣ បន្ទាប់ពីវាត្រូវបានអនុម័តដោយសភានៃប្រទេសទាំងពីរអាល្លឺម៉ង់ និងអ៊ីស្រាអែល។ទីក្រុងប៊ែកឡាំងរំពឹងថាប្រព័ន្ធ Arrow 3 នឹងត្រូវបានចែកចាយនៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៥ ៕