ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃចន្ទទី១៤ ខែសីហា ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការបង្កើនការផលិតមីស៊ីល ដើម្បីធានា អំណាចយោធាដ៏លើសលប់និងត្រៀមខ្លួនសម្រាប់ សង្គ្រាមស្របពេលដែលកូរ៉េខាងត្បួងនិងអាមេរិកបង្កើនសមយុទ្ធយោធាប្រចាំឆ្នាំ ។
កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថាពួកគេនឹងធ្វើសមយុទ្ធរដូវក្តៅដែលមានឈ្មោះថា Ulchi Freedom Guardian នៅថ្ងៃទី២១ ខែសីហាដល់ថ្ងៃទី ៣០ ខែសីហាដើម្បីបង្កើនសមត្ថភាពរបស់ពួកគេក្នុង ការឆ្លើយតបទៅនឹងការវិវត្តនៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។

លោក គីម បានចេញបទបញ្ជាបែបនេះ ក្នុងអំឡុងពេលដែលលោកបានទៅទស្សនារោង ចក្រផលិតគ្រាប់រំសេវ សំខាន់ៗ ដូចជាមីស៊ីលយុទ្ធសាស្ត្រ ជើងទម្របាញ់មីស៊ីល រថពាសដែក និងគ្រាប់កាំភ្លើងធំកាលពីថ្ងៃសុក្រ និង ថ្ងៃសៅរ៍។
KCNA បាននិយាយថាក្នុងឱកាសនោះ លោកគីម បានកត់សម្គាល់ពី គោលដៅសំខាន់មួយ ដើម្បីបង្កើនសមត្ថ ភាពផលិតមីស៊ីលដើម្បីបំពេញតម្រូវការរបស់អង្គភាពយោធាជួរមុខដែលបានពង្រីកនិងពង្រឹង។លោកត្រូវបានដកស្រង់សម្តីថាកម្រិតគុណភាពនៃការរៀបចំសង្រ្គាមអាស្រ័យលើការអភិវឌ្ឍន៍នៃឧស្សាហកម្មអាវុធ ហើយរោងចក្រមានទំនួលខុសត្រូវយ៉ាងធំធេងក្នុងការពន្លឿនការរៀបចំសង្រ្គាមរបស់យោធារបស់យើង។

លោកបានបន្តថា មាន តម្រូវការបន្ទាន់ក្នុងការ បង្កើនការផលិតគ្រាប់រ៉ុក្កែតបែបនេះដើម្បីពង្រឹង អង្គភាពកាំភ្លើង ធំជួរមុខ។កងទ័ពរបស់យើងត្រូវតែធានាឱ្យបានហ្មត់ចត់នូវអំណាចយោធាដ៏លើសលប់និងការត្រៀមខ្លួនយ៉ាងរឹងមាំដើម្បីដោះស្រាយសង្រ្គាមនៅពេលណាមួយ ដើម្បីកុំឱ្យសត្រូវហ៊ានប្រើកម្លាំង ហើយនឹងត្រូវវិនាស ប្រសិនបើវាកើត ឡើង៕
