មិនត្រឹមតែមិនធ្វើតាមការស្នើសុំរបស់ចិនអោយអូសខ្មោចនាវាចម្បំាងតាំងពីសម័យសង្គ្រាមលោកលើកទី២ចេញពីតំបន់ជម្លោះ ថ្មប៉ប្រះទឹកដែលគេស្គាល់ថា TheSecond Thomas Shoal ប៉ុណ្ណោះទេផ្ទុយទៅវិញមេបញ្ជាការយោធាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១០សីហាថាហ្វីលីពីននឹងបញ្ជូនការផ្គត់ផ្គង់បន្ថែមទៀតទៅកាន់ប៉ុស្តិ៍ដាច់ស្រយាលមួយនៅលើថ្មប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះនៅដើមសប្តាហ៍ក្រោយនេះ ។តំបន់Thomas Shoalមានចម្ងាយប្រហែល២០០ គីឡូម៉ែត្រពី Palawanរបស់ហ្វីលីពីន និងច្រើនជាង ១០០០ គីឡូម៉ែត្រពីដីគោកដ៏សំខាន់បំផុតរបស់ប្រទេសចិនគឺកោះ Hainan ។

ឧត្តមនាវីឯក Alberto Carlos ប្រធានបញ្ជាការខាងលិចនៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីននៅលើកោះ Palawan បានប្រាប់ អ្នកយកព័ត៌មាន ដោយក្តីសង្ឃឹមថាការដឹកជញ្ជូនលើកក្រោយនឹងធ្វើឡើងនៅដើមសប្តាហ៍ក្រោយប៉ុន្តែប្រាកដណាស់មុនពេលការផ្គត់ផ្គង់អស់យើងមកដល់ហើយ។លោកបាននិយាយថា ពួកគេនឹងប្រើប្រាស់ទូកដូចគ្នាកាលពីថ្ងៃសៅរ៍មុន ដោយបន្ថែមថាលោកសង្ឃឹមថានឹងមិនមានឧបទ្ទវហេតុកាណុងបាញ់ទឹកទៀតទេ។ឧត្តមសេនីយ Romeo Brawner អគ្គសេនាធិការយោធាហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីបញ្ជាការលោកខាងលិចក្នុងទីក្រុង Palawan ថាប្រទេសនេះត្រូវការបង្កើនវត្តមានរបស់ខ្លួននៅក្នុងដែនទឹក។
លោក Brawner បានបន្ថែមថាយើងមានផែនការដាក់ពង្រាយកប៉ាល់បន្ថែមទៀត និងយន្តហោះចម្បាំរបស់យើង ដើម្បីអាចការពារតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើង… យើងពិតជាត្រូវតែបង្កើតវត្តមានរបស់យើងនៅក្នុងតំបន់នេះ វាទាំងអស់អំពីចំនួន ៕