ក្រសួងយុត្តិធម៌បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣សីហា ថាសមាជិកពីរនាក់នៃកងទ័ពជើងទឹកអាមេរិកត្រូវបានចាប់ខ្លួនពីបទសង្ស័យថាបានធ្វើចារកម្មឲ្យប្រទេសចិន។នេះបើយោយងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAFP។

បុរសទាំងនោះត្រូវបានគេសង្ស័យថាបានលក់ព័ត៌មានសម្ងាត់ទៅឱ្យទីក្រុងប៉េកាំងដែលរួមបញ្ចូលសៀវភៅណែនាំសម្រាប់នាវាចម្បាំង និងប្រព័ន្ធអាវុធ ក៏ដូចជាប្លង់មេសម្រាប់ប្រព័ន្ធរ៉ាដា និងផែនការសម្រាប់សមយុទ្ធយោធាដ៏ធំរបស់សហរដ្ឋអាមេរិក។
សមាជិកកងទ័ពជើងទឹកដែលរងការចោទប្រកាន់ត្រូវបានគេកំណត់ អត្តសញ្ញាណមានឈ្មោះថាJinchao Wei ដែលគេស្គាល់ថាជា Patrick Wei ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការបញ្ជូនព័ត៌មានការពារជាតិទៅឱ្យមន្ត្រីចារកម្មដែលធ្វើការឱ្យប្រទេសចិន នេះបើយោងតាមការចោទប្រកាន់។
នៅក្នុងករណីដាច់ដោយឡែកមួយទៀត សមាជិកកងទ័ពជើងទឹក Wenheng Zhao ត្រូវបានគេស្គាល់ថាជា Thomas Zhao អាយុ ២៦ ឆ្នាំត្រូវបានចោទប្រកាន់ពីបទទទួលសំណូកជាថ្នូរនឹងការបញ្ជូនព័ត៌មានយោធាដ៏រសើបដល់មន្ត្រីចារកម្មមកពីប្រទេសចិន។
ការចោទប្រកាន់បាននិយាយថាគាត់បានទទួលប្រាក់ប្រហែល១៤៨៦៦ ដុល្លារសម្រាប់ព័ត៌មាន។នាវិកទាំងពីរនាក់បានចូលរួមក្នុងប្រតិបត្តិការប្រមូលព័ត៌មានដាច់ដោយឡែកពីគ្នាខណៈពេលដែលកំពុងបម្រើការងារនៅកងនាវាចរអាមេរិក។ នេះបើយោងតាមក្រសួងយុត្តិធម៌។
សម្រាប់លោកWeiត្រូវបានចោទប្រកាន់ដោយចាប់ផ្តើមនៅឆ្នាំ ២០២២នៅពេលដែលគាត់បានបម្រើការជាមួយជាងម៉ាស៊ីននៅលើនាវា USSEssex ដែលជាកប៉ាល់វាយលុកតាមសមុទ្រ។នៅក្នុងខែកុម្ភៈនៃឆ្នាំនោះគាត់បានចាប់ផ្តើមទំនាក់ទំនងជាមួយមន្ត្រីចារកម្មចិនដែលស្វែងរកព័ត៌មានអំពីនាវា Essex និងនាវាផ្សេងទៀតនៅក្នុងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ។នេះបើយោងតាមព្រះរាជអាជ្ញា។ករណីប្រឆាំងបុរសទាំងពីរកើតឡើងនៅពេលដែលមានភាពតានតឹងខ្លាំង រវាងអាមេរិក និង ចិនដោយភាគីទាំង ពីរបានចោទភាគី ម្ខាងទៀតថាជាចារកម្ម៕