ប្រធានសភាថៃ លោក Wan Muhamad Noor Matha បានប្រាកាសពន្យារពេលកោះប្រជុំសភាដើម្បីជ្រើសរើស នាយករដ្ឋមន្ត្រីថ្មីទី៣០ដែលគ្រោងធ្វើនៅថ្ងៃសុក្រនេះ។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញ បាន ប្រកាសថាខ្លួនកំពុងពិនិត្យមើលសេចក្តីសម្រេចលើដំណោះស្រាយ របស់សភាក្នុងការបដិសេធការតែង តាំងមេដឹកនាំគណបក្សឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីលើកទី២។

លោក Wan បាននិយាយ ថា មូលហេតុនៃការពន្យារពេលការបោះឆ្នោតនៅថ្ងៃសុក្រនេះ ដោយសារតែតុលាការ មិនទាន់សម្រេចលើការបដិសេធការតែងតាំងរបស់លោក ភីតានៅឡើយទេ។ លោក បន្ថែមថា តុលាការមិនទាន់ សម្រេចលើការតវ៉ាអំពីការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី និងសំណើ របស់ការិយាល័យប្រជាជន (Ombudsman)ដើម្បីពន្យារពេលការបោះឆ្នោតបន្ទាប់សម្រាប់នាយករដ្ឋមន្ត្រី ។ចំណែកឯតុលាការធម្មនុញ្ញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថាពាក្យបណ្តឹងត្រូវការពេលវេលាពិចារណាយ៉ាងប្រុងប្រយ័ត្ន។
យោងតាមសេចក្តីថ្លែងការណ៍ តុលាការបានបញ្ជាឱ្យបុគ្គលិករបស់ខ្លួនសិក្សាព័ត៌មានពាក់ព័ន្ធ ដើម្បីគាំទ្រដល់ ការពិចារណាព្រោះញត្តិពាក់ព័ន្ធនឹងបញ្ហារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញហើយតុលាការរំពឹងថានឹងធ្វើសេចក្តីសម្រេចនៅថ្ងៃទី១៦ ខែសីហា។
ដើមបណ្តឹងក្នុងករណីនេះគឺលោកសាស្ត្រាចារ្យ Pornchai Theppanya និងលោកសាស្ត្រាចារ្យ Boonsong Chalaythorn ដែលបានបោះឆ្នោតឲ្យ MFP ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី ១៤ ខែឧសភា។ អ្នកតវ៉ាម្នាក់ទៀត គឺសមាជិកសភា MFP Panyarat Pusitanont៕