នៅក្នុងជំនួបក្រៅផ្លូវការមូយនៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ប្រធានាធិបតីចិនលោក ស៊ីជីនពីង បានប្រាប់អតីតប្រធានាធិបតីហ្វីលីពីនលោកឌូតើតេ ឱ្យបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ទាប់ពីទំនាក់ទំនងទ្វេភាគីចុះត្រជាក់ជាមួយអ្នកស្នងតំណែងរបស់លោកដែលកំពុងស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន។នេះបើយោងតាមការចេញផ្សាយសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារទី១៨កក្កដាឆ្នាំ ២០២៣។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីនហួដកស្រង់សម្តីលោកស៊ីដែល បាននិយាយក្នុងអំឡុងកិច្ចប្រជុំនៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទកាលពីខែកក្កដា ថា ខ្ញុំសង្ឃឹមថាអ្នកនឹងបន្តដើរតួយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសចិន និងហ្វីលីពីន។

លោកស៊ីបានប្រាប់លោកឌូតើតេថា ក្នុងអំឡុងពេលដែលអ្នកកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនអ្នកបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់នូវជម្រើសជាយុទ្ធសាស្រ្តដើម្បីកែលម្អទំនាក់ទំនងជាមួយប្រទេសចិនក្នុងអាកប្បកិរិយាទទួលខុសត្រូវចំពោះប្រជាជន និងចំពោះប្រវត្តិសាស្ត្រ។
កាលពីខែមុន អតីតប្រធានាធិបតី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ហ្វីលីពីនអាចក្លាយជា ទីបញ្ចុះសពប្រសិនបើខ្លួនជាប់ក្នុងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។
លោកហ្វ៊ើឌីណាន់ ម៉ាកូស Ferdinand Marcos Jr ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីសម្រាប់រយៈពេលប្រាំមួយឆ្នាំកាលពីឆ្នាំ ២០២២ ស្នងតំណែងលោកឌូតើតេ Duterte ដែលបានប្រកាន់ជំហរគាំទ្រចិនច្រើនជាង។
ក្រោមការដឹកនាំរបស់លោកម៉ាកូស ទំនាក់ទំនងរវាងចិន និងហ្វីលីពីនកាន់តែតានតឹងដោយទីក្រុងម៉ានីលបានងាកទៅរកសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួន គឺសហរដ្ឋអាមេរិក។
ហ្វីលីពីននិងសហរដ្ឋអាមេរិកបានអះអាងជាថ្មីអំពីសម្ព័ន្ធភាពសន្តិសុខដែលមានអាយុកាលរាប់ទសវត្សរ៍ក្នុងអំឡុងពេលធ្វើដំណើរដោយលោកម៉ាកូសទៅកាន់សហរដ្ឋអាមេរិកកាលពីខែឧសភា ជាកន្លែងដែលគាត់បានជួបជាមួយប្រធានាធិបតី លោកចូ បៃដិន ដែលបាននិយាយថាការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួនដោយកណ្តាប់ដៃដែក ៕