ប្រធានាធិបតីអាមេរិកលោកចូបៃដិន និងនាយករដ្ឋមន្ត្រីឥណ្ឌាលោកនរិន្ទ្រ ម៉ូឌីបានសាទរចំពោះយុគសម័យថ្មីក្នុងការពង្រឹងទំនាក់ទំនងរបស់ពួកគេបន្ទាប់ពីសេតវិមានបានក្រាលកម្រាលព្រំក្រហមសម្រាប់នាយករដ្ឋមន្ត្រីឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍។នៅក្នុងជំនួបដ៏កម្ររនេះមេដឹកនាំទាំងពីរបានលើកឡើងពីកិច្ចព្រមព្រៀងលើវិស័យការពារជាតិនិងពាណិជ្ជកម្មដែលមានគោលបំណងប្រឆាំងនឹងឥទ្ធិពលសកលរបស់ចិន។

លោក បៃដិនបានប្រាប់លោក ម៉ូឌីក្នុងពិធីជប់លៀងនៅអាហារពេលល្ងាចថាពិតជារីករាយណាស់សម្រាប់ប្រជាជាតិដ៏អស្ចារ្យពីរ មិត្តដ៏អស្ចារ្យពីរ និងមហាអំណាចពីរ។ ចំណែកឯលោកម៉ូឌីវិញបានឆ្លើយតបថាអ្នកជាមនុស្សនិយាយទន់ភ្លន់ ប៉ុន្តែពេលនិយាយដល់សកម្មភាព អ្នកខ្លាំងណាស់។

ទោះបីជាប្រទេសទាំងនោះមិនមែនជាសម្ព័ន្ធមិត្តដែលមានសន្ធិសញ្ញាជាផ្លូវការហើយឥណ្ឌាបានពេញចិត្តចំពោះឯករាជ្យភាពរបស់ខ្លួនជាយូរមកហើយក៏ដោយក៏ទីក្រុងវ៉ាស៊ីនតោនចង់ឱ្យទីក្រុងដេលីធ្វើជាដៃគូយុទ្ធសាស្ត្រទប់ទល់នឹងប្រទេសចិន។ ខណៈពេលដែលមេដឹកនាំទាំងពីរមិនបានរិះគន់ទីក្រុងប៉េកាំងដោយផ្ទាល់នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការនោះទេ ពួកគេបានសំដៅទៅលើរដ្ឋាភិបាលដែលដឹកនាំដោយលោកស៊ីជីនពីង ។លោកម៉ូឌីបានប្រាប់សភាអាមេរិកថា ពពកខ្មៅងងឹតនៃការបង្ខិតបង្ខំ និងការប្រឈមមុខដាក់គ្នា កំពុងលេចចេញជាស្រមោលនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ ស្ថិរភាពនៃតំបន់បានក្លាយជាកង្វល់រួមនៃភាពជាដៃគូរបស់យើង។បន្ទាប់ពីលោក បៃដិន និងម៉ូឌីបាននិយាយជាលក្ខណៈឯកជនអស់រយៈពេលជាងពីរម៉ោងសេចក្តីថ្លែងការណ៍រួមមួយក៏បាន ព្រមានអំពីការកើនឡើងនៃភាពតានតឹង និងសកម្មភាពអស្ថិរភាពនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូងហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃច្បាប់អន្តរជាតិ និងសេរីភាពនៃការធ្វើនាវាចរណ៍។លោកបៃដិនបាននិយាយនៅពេលគាត់ស្វាគមន៍លោកម៉ូឌី នៅសេតវិមានថាបញ្ហាប្រឈម និងឱកាសដែលកំពុងប្រឈមមុខនឹងពិភពលោកក្នុងសតវត្សនេះ ទាមទារឱ្យឥណ្ឌា និងសហរដ្ឋអាមេរិកធ្វើការ និងដឹកនាំជាមួយគ្នា។

លោកម៉ូឌី កំពុងស្វែងរកការលើកឋានៈប្រទេសឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកដែលមានចំនួន១,៤ពាន់លាន និងមានសេដ្ឋកិច្ចធំជាងគេទី ៥បានស្ថិតនៅលើឆាកពិភពលោកក្នុងនាមជាមហាអំណាចខាងផលិតកម្មនិងការទូតខណៈខ្លួនកំពុងស្វែងការបញ្ជៀសទំនាក់ទំនងដ៏តានតឹងជាមួយប្រទេសចិន៕