ឆ្មាំសមុទ្រអាមេរិកបាននិយាយកាលពីថ្ងៃពុធ ទី២១ មិថុនាថា ក្រុមអ្នកជួយសង្គ្រោះដែលកំពុងស្វែងរកនាវាទេសចរណ៍ដែលបាត់ខ្លួននៅជិតខ្មោចកប៉ាល់ទីតានិក បានរកឃើញ សំឡេងក្រោមទឹកនៅក្នុងតំបន់រុករក ខណៈអុកស៊ីសែនសម្រាប់អ្នកទាំងប្រាំនៅលើនាវានោះនៅសល់តែជាង៣០ម៉ោងទៀតប៉ុណ្ណោះ។អ្នកជំនាញនិយាយថាវាពិបាកនឹងធ្វើការបកស្រាយសំឡេងដែលយើងទទួលបាននេះ។

យោងតាមឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយនៅលើទំព័រ Twitter ផ្លូវការរបស់ខ្លួនថាយន្តហោះ P-3របស់កាណាដាបានរកឃើញសំឡេងនៅក្រោមទឹកនៅក្នុងតំបន់រុករក។ ជាលទ្ធផល ប្រតិបត្តិការ ROV (យានដែលដំណើរការពីចម្ងាយ) ត្រូវបានផ្លាស់ប្តូរទីតាំងក្នុងការប៉ុនប៉ងដើម្បីរុករកប្រភពដើមនៃសំលេង។ ទស្សនាវដ្ដី Rolling Stone បានដកស្រង់អ៊ីមែលផ្ទៃក្នុងផ្ញើទៅមន្ត្រីក្រសួងសន្តិសុខជាតិ អាមេរិក បាននិយាយថា យន្តហោះកាណាដា ដែលកំពុង ការស្វែងរក បានឮសំឡេងនៅតំបន់រុករកនោះរៀងរាល់ ៣០នាទីម្តង។ក្រុមជួយសង្គ្រោះកំពុងស្វែងរកពួកគេមុនពេលអស់អុកស៊ីហ្សែន។
នាវា និងយន្តហោះឆ្មាំឆ្នេរសមុទ្រអាមេរិក និងកាណាដា កំពុងរុករកក្នុងលំហមហាសមុទ្រទំហំ២០០០០គីឡូម៉ែត្រក្រឡា ធំជាងរដ្ឋ Connecticut របស់សហរដ្ឋអាមេរិក។
គួររំឭកថាអ្នកដែលជិះនៅលើនាវាមុជទឹក Titanធ្វើដំណើរទេសចរណ៍ទៅទស្សនាខ្មោចនាវាទីតានិកដែលចំណាយលុយម្នាក់ៗ២៥ម៉ឺនដុល្លារនោះ រួមមានមហាសេដ្ឋីអង់គ្លេសលោក Hamish Harding អាយុ ៥៨ ឆ្នាំ ពាណិជ្ជករដើមកំណើតប៉ាគីស្ថានលោក Shahzada Dawood អាយុ ៤៨ឆ្នាំជាមួយកូនប្រុសរបស់គាត់លោក Suleman អាយុ ១៩ឆ្នាំ ដែលជាពលរដ្ឋអង់គ្លេស។
អ្នករុករកជនជាតិបារាំងឈ្មោះ Paul-Henri Nargeolet អាយុ ៧៧ ឆ្នាំ និងលោក Stockton Rush ស្ថាបនិក និងជានាយកប្រតិបត្តិនៃ OceanGate Expeditions ក៏ត្រូវបានគេរាយការណ៍ថាមានវត្តមាននៅលើនាវានោះផងដែរ៕