យោងតាមបណ្តាញTwitter ផ្លូវការរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានផ្សាយថាប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានទៅដល់រដ្ឋធានីគៀវរបស់អ៊ុយក្រែនហើយនៅថ្ងៃសុក្រនេះ។លោកត្រូវបានស្វាគមន៍នៅស្ថានីយ៍រថភ្លើងដោយបេសកជនពិសេសរបស់អ៊ុយក្រែនសម្រាប់អាហ្វ្រិក និងមជ្ឈិមបូព៌ា លោក MaksymSubkh និងឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំនៅអ៊ុយក្រែន។ការិយាល័យរបស់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថាលោក Ramaphosa កំពុងបំពេញទស្សនកិច្ចនៅអ៊ុយក្រែនដែលជាផ្នែកនៃបេសកកម្មសន្តិភាពអាហ្រ្វិកក្នុងគោលបំណងដោះស្រាយជម្លោះដោយសន្តិវិធី។

ប្រធានាធិបតី Ramaphosa បានសន្ទនាជាមួយប្រធានាធិបតី រុស្ស៊ីលោកពូទីនប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីនិង ប្រធានាធិបតីចិន លោកស៊ី ជីនពីង មេដឹកនាំនៃបណ្តាប្រទេស BRICS និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលដំណើរការដោយសន្តិវិធីចំពោះជម្លោះអ៊ុយក្រែន និងរុស្ស៊ី ស្របនឹងជំហររបស់អាហ្វ្រិកខាងត្បូងជារដ្ឋមិនចូលបក្សសម្ព័ន្ធ។
លោក Ramaphosa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ផលប៉ះពាល់អវិជ្ជមានផ្នែកសេដ្ឋកិច្ច និងមនុស្ស ព្រមទាំងភាពតានតឹងដែលកើតចេញពីជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីគឺជាស្ថានភាពធ្ងន់ធ្ងរដែលប៉ះពាល់ដល់យើងទាំងអស់គ្នានៅក្នុងពិភពលោកដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក” ។បេសកកម្មសន្តិភាពអាហ្រ្វិករួមមានមេដឹកនាំនៃប្រទេសអាហ្រ្វិកខាងត្បូង ហ្សំប៊ី កូម៉ូរ៉ូ សាធារណរដ្ឋកុងហ្គោ អេហ្ស៊ីប សេណេហ្គាល់ និងអ៊ូហ្គង់ដា ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា បន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចនៅអ៊ុយក្រែនគណៈប្រតិភូអាហ្រ្វិកនឹងចាកចេញពីទីក្រុង គៀបវតាមផ្លូវទៅកាន់ទីក្រុង St Petersburg ប្រទេសរុស្ស៊ីជាកន្លែងដែលពួកគេនឹងជួបជាមួយលោកពូទីននៅថ្ងៃសៅរ៍៕