Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិតើលោកប្រាយុទ្ធ នឹងចេញបទបញ្ជាពិសេសដល់​អគ្គស្នង​ការ​ប៉ូលិសភូមិន្ទថៃជុំវិញដំណើរ​មាតុភូមិនិវត្តន៍​របស់ថាក់ស៊ីន ដែរឬទេ?

តើលោកប្រាយុទ្ធ នឹងចេញបទបញ្ជាពិសេសដល់​អគ្គស្នង​ការ​ប៉ូលិសភូមិន្ទថៃជុំវិញដំណើរ​មាតុភូមិនិវត្តន៍​របស់ថាក់ស៊ីន ដែរឬទេ?

បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍លោក ប្រាយុទ្ធ បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅវិមានរដ្ឋាភិ​បាលដែលបានសួរសំណួរថាតើលោក បានផ្តល់បទបញ្ជាពិសេសណាមួយដល់អគ្គស្នងការប៉ូលិសភូមិន្ទថៃ លោក Pol General Damrongsak Kittiprapas ជុំវិញការវិលត្រឡប់ចូលមាតុភូមិវិញរបស់អតីត​នាយករដ្ឋមន្ត្រី​ថាក់​ស៊ីន ស៊ីណាវ៉ាត្រានៅខែកក្កដាខាងមុខនេះដែរឬទេ។

នាយករដ្ឋមន្ត្រីដែលផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា បានឆ្លើយថា លោកមិនបានផ្តល់ការណែនាំពិសេស​ណាមួយដល់ប៉ូលិសក្នុងករណីដែលអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រឡប់មករាជាណាចក្រវិញ​នៅខែក្រោយនោះទេ។

លោក ប្រាយុទ្ធ បាននិយាយថា លោកថាក់ស៊ីនអាចត្រឡប់មកប្រទេសវិញនៅពេល​ណាដែលលោកចង់បាន​ដរាបណាលោកគោរពតាមច្បាប់ និងអនុវត្តទោសដែលបានផ្តល់ឱ្យលោក។

លោក ប្រាយុទ្ធ បានដើរចេញពីវេទិកា នៅពេលអ្នកសារព័ត៌មានសួរគាត់ថា តើដល់ពេលដែលត្រូវបញ្ចប់​ជម្លោះ​រវាងក្រុមស៊ីណាវ៉ាត្រា និងគូប្រជែងរបស់ពួកគេហើយឬនៅ? លោកតបានឆ្លើយដោយខ្លីថាមិនមានជម្លោះ​អ្វី​នោះទេ។ អ្នក [អ្នករាយការណ៍] បានបង្កើតជម្លោះដោយខ្លួនឯង។

លោកថាក់ស៊ីនបានកំពុងរស់នៅនិរទេសខ្លួនឯងនៅក្នុងទីក្រុងឌូបៃតាំងពីឆ្នាំ២០០៨ហើយលោក ត្រូវបាន​កាត់​ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារសរុបចំនួន ១២ឆ្នាំក្នុងសំណុំរឿងពុករលួយចំនួនបួន។លោកថាក់ស៊ីនបាននិយាយម្តងហើយម្តងទៀតថា លោកនឹងត្រឡប់ទៅប្រទេសថៃវិញនៅខែក្រោយ ដើម្បីឲ្យ​លោក​មានឱកាស​នៅជាមួយចៅៗរបស់លោកក្នុងជីវិតចុងក្រោយ។

កូនស្រីថាក់ស៊ីន៖ឪពុករបស់ខ្ញុំនៅតែរក្សាជំហរវិលត្រឡប់មកវិញ

លោកស្រីPaetongtarn Shinawatra បានបញ្ជាក់ជាថ្មីកាលពីថ្ងៃពុធទី១៤មិថុនាឆ្នាំ២០២៣ថាឪពុក​របស់លោកស្រី​នៅតែមានបំណងវិលត្រឡប់មកប្រទេសថៃវិញនៅខែកក្កដានេះដដែល។

លោកស្រីPaetongtarnបាននិយាយនៅទីស្នាក់ការគណបក្សភឿថៃថាលើក​ចុងក្រោយដែលខ្ញុំបាន​និយាយជា​មួយឪពុករបស់ខ្ញុំគាត់នៅតែប្តេជ្ញាចិត្តថានឹងវិលត្រឡប់មកវិញនៅខែក្រោយដូចដែលគាត់បានសន្យា។លោកស្រីក៏បានច្រានចោលការរំពឹងទុកដែលថាម្តាយរបស់លោកស្រី Khunying Potjaman Na Pombejra និងសមាជិកដទៃទៀតនៃគ្រួសារមិនចង់ឱ្យថាក់ស៊ីនត្រឡប់មកវិញនៅខែក្រោយ។ អ្នកស្រី Paetongtarn បាននិយាយថាពួកគេមិនប្រឆាំងនឹងការវិលត្រឡប់របស់គាត់ទេប៉ុន្តែព្រួយបារម្ភអំពីផលវិបាកដែលអាចកើតមាន។

ជាមួយគ្នានេះដែតលោកស្រីក៏បាននិយាយថា លោកស្រីបានត្រៀមខ្លួនជានាយករដ្ឋមន្ត្រីបន្ទាប់ប្រសិនបើលោក Pita Limjaroenrat ប្រធានគណបក្ស ឆ្ពោះទៅមុខមិនអាចធ្វើបាន។ រហូតមកដល់ពេលនេះ លោកស្រីនៅតែគាំ​ទ្រ​លោក Pita ជានាយករដ្ឋមន្ត្រីបន្ទាប់៕

RELATED ARTICLES