យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថាមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានប្រកាសកប្តេជ្ញាកៀកស្មាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគោលដៅរួមគ្នារបស់ប្រទេសទាំងពីរ។
នៅក្នុងសារមួយផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ីក្នុងឱកាសទិវាបុណ្យ ជាតិរបស់រុស្ស៊ី មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ជាថ្មីលើការគាំទ្រការសម្រេចចិត្តធ្វើសង្រ្គាមនៅអ៊ុយក្រែន និងបង្ហាញការគាំទ្រពេញលេញ ព្រមទាំងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

នៅក្នុងសាររបស់របស់លោកគីមជុងអ៊ុនបាននិយាយថាយុត្តិធម៌ប្រាកដជាឈ្នះ ហើយប្រជាជនរុស្ស៊ីនឹងបន្តបន្ថែមភាពរុងរឿងដល់ជ័យជម្នះជាប្រវត្តិសាស្ត្រ។មេដឹកនាំកូរ៉េខាងជើងរូបនេះក៏បានទទូចឱ្យមានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធជាមួយទីក្រុងមូស្គូបន្ថែមទៀតស្របតាម បំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសម្រេចបានគោលដៅធំលើការកសាងប្រទេសដ៏មានឥទ្ធិពលមួយ។
នេះជាសារចុងក្រោយនៃការគាំទ្ររបស់ទីក្រុងព្យុងយ៉ាងដល់ក្រុងម៉ូស្គូចាប់តាំងពីមានសង្រ្គាមនៅអ៊ុយក្រែន។ប្រទេសកូរ៉េខាងជើងបានពណ៌នាជម្លោះនោះថាជា “សង្រ្គាមកូនកាត់របស់សហរដ្ឋអាមេរិក ដើម្បីបំផ្លាញប្រទេសរុស្ស៊ីហើយបានថ្កោលទោសជំនួយយោធារបស់លោកខាងលិចដល់ទីក្រុងគៀវ ។
កូរ៉េខាងជើងបានព្យាយាមបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវិមានក្រេមឡាំងចាប់តាំងពីការលុកលុយនៅអ៊ុយក្រែនកាលពីឆ្នាំមុនមក ដោយមិនខ្វល់ខ្វាយពីការថ្កោលទោសជាអន្តរជាតិលើរុស្ស៊ីឡើយ។ ទីក្រុងព្យុងយ៉ាងថែមទាំងបានបន្ទោសលើគោលនយោបាយរបស់អាម៉េរិក និងលោកខាងលិចចំពោះការបង្កជម្លោះមួយនេះ៕