កាលពីថ្ងៃសុក្រទី៩ខែមិថុនាឆ្នាំ ២០២៣ អ៊ុយក្រែនបានជំរុញឱ្យរុស្ស៊ី ផ្តល់ សិទ្ធិចូល ដោយគ្មានការរារាំងដល់អង្គការសហប្រជាជាតិ និងកាកបាទក្រហម ដើម្បីជម្លៀសជនស៊ីវិលបន្ទាប់ពីការបាក់ទំនប់វារីអគ្គិសនីធំមួយនៅក្នុងទឹកដីគ្រប់គ្រងដោយរុស្ស៊ី។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ លោក Sergiy Kyslytsya ចូលរួមដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន និងបណ្តាប្រទេសនៅអឺរ៉ុបបានសម្តែងនូវ ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ផ្លោង ទៅលើតំបន់Kherson នៅភាគខាងត្បូងអ៊ុយក្រែនអំឡុងពេលជម្លៀសចេញពីតំបន់ជន់លិចបន្ទាប់ពីការបំផ្លាញទំនប់ Kakhovka ។
លោកបាននិយាយថាយ៉ាងហោចណាស់មនុស្សប្រាំបួននាក់ រួមទាំងប៉ូលីស បុគ្គលិកពេទ្យនិងក្រុមសង្គ្រោះបានរងរបួសកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងនេះ ដោយសារការបាញ់ផ្លោងក្នុងអំឡុងពេលប្រតិបត្តិការជម្លៀសដែលកំពុងបន្ត។
រុស្ស៊ី អំពាវនាវឱ្យសភាពិភពលោកដាក់ទោសអ៊ុយក្រែន
កាលពីថ្ងៃព្រហស្បតិ៍ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបានជំរុញឱ្យសភាពិភពលោកផ្តល់ការវាយតម្លៃជាគោលការណ៍នៃការបំផ្ទុះទំនប់ Kakhovka ដែលបានជន់លិចការតាំងទីលំនៅនៅក្បែរនោះ បណ្តាលឱ្យមានការជម្លៀសអ្នកស្រុក។
ក្រុមប្រឹក្សាសហព័ន្ធនៃសភារុស្ស៊ីអំពាវនាវឱ្យសភានៃរដ្ឋនានាក្នុងពិភពលោកផ្តល់ការវាយតម្លៃជាគោលការណ៍នៃឧក្រិដ្ឋកម្មបន្ទាប់ទៅលើរបបទីក្រុងគៀវនិងការខិតខំប្រឹងប្រែងដោយផ្ទាល់ដើម្បីការពារអំពើភេរវកម្មអន្តរជាតិថ្មី។នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានអនុម័តដោយ សភាជាន់ខ្ពស់របស់ប្រទេសនេះ។
សេចក្តីថ្លែងការនោះបាននិយាយថាប្រទេសរុស្ស៊ីបានព្រមានអគ្គលេខាធិការអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងលិខិតមួយពីខែតុលាឆ្នាំ ២០២២ អំពីការគំរាមកំហែងនៃ ផែនការរបស់អ៊ុយក្រែន” ដើម្បីបំផ្លាញទំនប់Kakhovkaដោយបានចោទប្រកាន់អ៊ុយក្រែនបន្ថែមទៀតថាបានបំផ្ទុះវាឡើង។រុស្ស៊ី បាននិយាយថាការទទួលខុសត្រូវទាំងស្រុងចំពោះអំពើភេរវកម្មនៅរោងចក្រវារីអគ្គិសនី Kakhovka ស្ថិតនៅជាមួយរបប ទីក្រុងគៀវនិងរដ្ឋនៃសមូហភាពលោកខាងលិច៕