អាហ្រ្វិកខាងត្បូងនឹងមិនអនុវត្តដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់ការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនទេ។នេះបើយោងតាមសម្តីរបស់លោកស្រី Khumbudzo Ntshavheni រដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីអាហ្វ្រិកខាងត្បូង បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។

លោកស្រី Khumbudzo Ntshavheni បាននិយាយដោយសំអាងលើសេចក្តីថ្លែងការណ៍របស់ លោក ឌីមីទ្រី មេដវេដេវ កាលពីខែមីនាថាអនុប្រធានក្រុមប្រឹក្សាសន្តិសុខប្រទេសរុស្ស៊ីបានបង្ហាញថាអ្នកណាម្នាក់ដែលចាប់ខ្លួនប្រធានាធិបតី ពូទីន នឹងស្មើនឹងការប្រកាសសង្គ្រាម។
នៅពេលនោះ លោក មេដវេដេវ បានប្រកាសថា ប្រសិនបើលោក ពូទីន ត្រូវចាប់ខ្លួនដោយ ប្រទេស អាឡឺម៉ង់… ឬប្រទេសណាមួយមីស៊ីលរបស់យើងទាំងអស់នឹងហោះទៅការិយាល័យអធិការបតីតែម្តង។អ្នកស្រីបន្ថែមថាខ្ញុំមិនគិតថាប្រទេសនេះចង់ឱ្យយើងប្រកាសសង្គ្រាមជាមួយរុស្ស៊ីទេ។
កាលពីពាក់កណ្តាលខែមីនា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលោកស្រី ម៉ារីយ៉ា លូវ៉ា-បេឡូវ៉ា ដែលជាស្នងការប្រធានាធិបតី
ទទួលបន្ទុកសិទ្ធិកុមារ។ តុលាការបានចោទប្រកាន់ពួកគេពី ការផ្ទេរប្រជាជនដោយបង្ខំដោយសំដៅលើកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូក្នុងការជម្លៀសកុមារចេញពីតំបន់ប្រយុទ្ធចំពេលមានអរិភាពជាមួយអ៊ុយក្រែន។ក្នុងនាមជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមឆ្នាំ ២០០២អាហ្វ្រិកខាងត្បូងមានកាតព្វកិច្ចអនុវត្តដីកានេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះក៏នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS នៅឆ្នាំនេះផងដែរនៅក្នុងខែសីហា ដែលមេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនធំជាងគេលើពិភពលោក ដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងនឹងត្រូវជួបប្រជុំគ្នា។

ទោះបីជាមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលបង្ហាញថាអាហ្រ្វិកខាងត្បូងបានស្នើឱ្យប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក៏ដោយ លោកស្រី បានប្រាប់អ្នកយកព័ត៌មានថា គ្មានអ្វីផ្លាស់ប្តូរទេហើយថាកិច្ចប្រជុំនឹងនៅតែប្រព្រឹត្តទៅនៅទីក្រុង Johannesburg ដូចដែលបានគ្រោងទុក។ ទីក្រុងម៉ូស្គូបានច្រានចោលរបាយការណ៍ទាំងនោះថាជាការបោកបញ្ឆោតកាលពីសប្តាហ៍មុន។
ថ្លែងទៅកាន់ BBC នៅថ្ងៃពុធនេះ លោក Obed Bapela អនុរដ្ឋមន្ត្រីនៅក្នុងតំណែងប្រធានាធិបតីអាហ្វ្រិកខាងត្បូង បាននិយាយថា រដ្ឋាភិបាលកំពុងធ្វើការលើច្បាប់ដែលនឹងធ្វើឱ្យច្បាប់ជាតិរបស់ខ្លួន លើសពី ICC ។ លោក Bapela បានពន្យល់ថាប្រសិនបើសភាអនុម័តច្បាប់នេះទីក្រុង Pretoria អាចផ្តល់ការលើកលែងដោយខ្លួនឯងថាអ្នកណាត្រូវចាប់ខ្លួន និងអ្នកណាមិនចាប់ខ្លួន៕