យោងតាមរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារទី ៦ខែមិថុនា ឆ្នាំ២០២៣ បានអោយដឹងថា២០២១គឺជាឆ្នំា ដ៏សោកនាដកម្មមួយនៅក្នុងសហរដ្ឋអាមេរិកដោយសារអំពើហិង្សាប្រើប្រាស់កាំភ្លើងបណ្តាលឲ្យបាត់បង់ជីវិតមនុស្សម្នាក់រៀងរាល់១១នាទីម្តង ។

របាយការណ៍ដែលមានចំណងជើងថាអំពើហិង្សាដោយកាំភ្លើងរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២១ រៀបរៀងដោយមជ្ឈមណ្ឌល Johns Hopkins សម្រាប់ដំណោះស្រាយអំពើហិង្សាដោយកាំភ្លើង វាបានបង្ហាញថានៅឆ្នាំ២០២១ការស្លាប់ដោយកាំភ្លើងបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងកំណត់ត្រាក្នុងរយៈពេលពីរឆ្នាំជាប់គ្នា។
របាយការណ៍ខាងលើបាននិយាយថាមនុស្សជិត ៤៩០០០នាក់បានស្លាប់ដោយសារអំពើហិង្សាកាំភ្លើងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២១។ ជារៀងរាល់ថ្ងៃជាមធ្យមមនុស្ស ១៣៤នាក់បានស្លាប់ដោយសារអំពើហិង្សាដោយកាំភ្លើងមានន័យថារៀងរាល់ ១១នាទីម្តងមានមនុស្សស្លាប់ម្នាក់។
ក្នុងនេះដែរមនុស្ស៤៨៨៣០នាក់ បានបាត់បង់ជីវិតដោយអាវុធនៅឆ្នាំ២០២១ ការកើនឡើងជាង ៣៦០០បើធៀបទៅនឹងតួលេខឆ្នាំ២០២០ដែលជាកំណត់ត្រាខ្ពស់។ ក្នុងចំណោមនោះ របាយការណ៍បានបង្ហាញថា ការធ្វើអត្តឃាតចំនួន២៦៣២៨ពាក់ព័ន្ធនឹងអាវុធបានកើតឡើងក្នុងឆ្នាំ២០២១ និងមនុស្សឃាតចំនួន២០៩៥៨ នាក់ត្រូវបានកត់ត្រាទុក។
យោងតាមរបាយការណ៍អត្រាអត្តឃាតដោយកាំភ្លើង កើនឡើង ៨,៣% ពីឆ្នាំ២០២០ ដែលជាការកើនឡើងប្រចាំឆ្នាំដ៏ធំបំផុតក្នុងរយៈពេលជាង ៤ទសវត្សរ៍ខណៈដែលអត្រាមនុស្សឃាតដោយកាំភ្លើងកើនឡើង ៧,៦% ។
របាយការណ៍បានបន្តទៀតថា ជាថ្មីម្តងទៀតកាំភ្លើងគឺជាមូលហេតុនាំមុខគេនៃការស្លាប់ក្នុងចំណោមកុមារនិងក្មេងជំទង់នៅឆ្នាំ២០២១ ដែលមានចំនួនអ្នកស្លាប់ច្រើនជាងជំងឺកូវីដ-១៩, គ្រោះថ្នាក់រថយន្តឬជំងឺមហារីក ។

បាញ់ប្រហារក្នុងពិធីចែកសញ្ញាប័ត្រ ស្លាប់២របួស៥
ប៉ូលិសបាននិយាយថាយ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និងប្រាំនាក់បានរងរបួសកាលពីថ្ងៃអង្គារ ដោយសារការបាញ់ប្រហារនៅក្នុងពីធីចែកសញ្ញាប័ត្របញ្ចប់ការសិក្សានៅវិទ្យាល័យមួយក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក ដែលជាការរីករាលដាលចុងក្រោយនៃការបាញ់ប្រហារដ៏ធំដែលកំពុងញាំញីប្រទេសនេះ។
ការបាញ់ប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ៥ល្ងាច នៅខាងក្រៅរោងមហោស្រពមួយក្នុងរដ្ឋធានីរដ្ឋ Richmond ជាកន្លែងដែលសិស្សមកពីវិទ្យាល័យក្នុងតំបន់កំពុងប្រារព្ធពិធីបញ្ចប់ការសិក្សារបស់ពួកគេ។នេះបើយោងតាម លោក Rick Edwards មេប៉ូលិសប្រចាំរដ្ឋRichmond បានប្រាប់អ្នកយកព័ត៌មាន។
លោកបានបន្ថែមថា អ្នកស្លាប់ម្នាក់មានអាយុ ១៨ ឆ្នាំដែលទើបបញ្ចប់ការសិក្សា និងឪពុករបស់គាត់មានអាយុ ៣៦ ឆ្នាំ ដែលមកចូលរួម។ក្រៅពីអ្នកស្លាប់ក៏មានមនុស្ស៥នាក់ផ្សេងទៀតរងរបួសហើយ មានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក Rick Edwards មេប៉ូលិសបណ្តោះអាសន្ននៅទីក្រុង Richmond បាននិយាយក្នុងសន្និសីទសារព័ត៌មានពេលយប់ថា ជនសង្ស័យអាយុ១៩ឆ្នាំម្នាក់បានព្យាយាមរត់គេចដោយថ្មើរជើង ប៉ុន្តែត្រូវបានចាប់ខ្លួន ហើយនឹងត្រូវចោទប្រកាន់ពីបទឃាតកម្មកម្រិតទីពីរចំនួនពីរករណី។
មន្ត្រីប៉ូលិសមិនបានប្រាប់ពីមូលហេតុពិតប្រាកដដែលនាំអោយមានការបាញ់ប្រហារនេះទេប៉ុន្តែបាននិយាយថា ជនសង្ស័យបានស្គាល់ជនរងគ្រោះយ៉ាងហោចណាស់ម្នាក់។កាំភ្លើងខ្លីជាច្រើនដើម ត្រូវបានដកហូតពីកន្លែងកើតហេតុ៕