Tuesday, July 1, 2025
Homeព័ត៌មានអន្តរជាតិកើបតុងទីន ១៣ម៉ឺនដុល្លារ ចេញសែកស្អុយ ខ្នោះ

កើបតុងទីន ១៣ម៉ឺនដុល្លារ ចេញសែកស្អុយ ខ្នោះ

ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) និងឆបោកប្រាក់ចំនួន១៣ម៉ឺនដុល្លារ។ការឃាត់ខ្លួនស្ត្រីបោលលុយតុងទីននេះ ធ្វើឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចបុរីពិភពថ្មី កួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះឈូក សាលីន អាយុ៣២ឆ្នាំ មុខរបរអាជីវករ មានលំនៅផ្ទះលេខ២៥ ផ្លូវ២៨ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ សម្ភារៈបាត់បង់ ប្រាក់ចំនួន១៣ម៉ឺនដុល្លារ។ ចំណែកជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះថេង ធានី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរអាជីវករ មានលំនៅផ្ទះលេខ៦៥ ផ្លូវលេខ០៥ បុរីពិភពថ្មី កួរស្រូវ២ ស្ថិតនៅ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

របាយការណ៍បន្តថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ជនរងគ្រោះកំពុងតែនៅផ្ទះលេខ២៥ ផ្លូវលេខ២៨ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ពេលនោះជនសង្ស័យបាន មកជួបជនរងគ្រោះ ដើម្បីធ្វើការទូទាត់លុយ ដែលជនសង្ស័យបានដេញតុងទីន យកលុយសរុបចំនួន ១៣ម៉ឺន ដុល្លារ  ពីជនរងគ្រោះ ហើយជនសង្ស័យបានទូទាត់ជាមូលប្បទានបត្រចំនួន៣សន្លឹក ទី១-មូលប្បទានបត្រលេខ ៧៦៧១៦៤ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ មានទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារ ទី២-មូលប្បទានបត្រលេខ ៧៦៧១៦០ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ មានទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ និងទី៣-មូលប្បទានបត្រលេខ ៧៦៧១៥២ មាន ទឹកប្រាក់ ចំនួន១ម៉ឺនដុល្លារ ដើម្បីឱ្យជនរងគ្រោះទៅបើកលុយនៅធនាគារ ABA។

លុះដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានយកមូលប្បទានបត្រលេខ៧៦៧១៦៤ ដែលមានទឹកប្រាក់ ចំនួន ១០ម៉ឺនដុល្លារ  ទៅធ្វើការដកលុយនៅ ធនាគារ ABA ក៏ត្រូវខាងធនាគារចេញលិខិតបញ្ជាក់ថា មូលប្បទាន បត្រខាងលើ ពុំមានទឹកប្រាក់ទេ ពោលគឺសែកស្អុយ ហើយជនរងគ្រោះបានទាក់ទងទៅជនសង្ស័យ ដើម្បីសួរ នាំរឿងមូលប្បទានបត្រខាងលើ ប៉ុន្តែជនសង្ស័យមិនមានដំណោះស្រាយឱ្យជនរងគ្រោះទេ។លុះដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅអធិការ​ដ្ឋាន​នគរបាលខណ្ឌដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

រហូតដល់វេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានឃើញ​ជនសង្ស័យ​នៅ បុរីពិភពថ្មី កួរស្រូវ២ ស្ថិតនៅភូមិ ស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ក៏បានទូរស័ព្ទរាយការណ៍ប្រាប់​សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ហៅជនសង្ស័យ យកមកធ្វើការ សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីតែម្តង។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានចេញមូលប្បទានបត្រ​គ្មានសាច់ប្រាក់ ចំនួន ៣សន្លឹក ឲ្យជនរងគ្រោះប្រាកដមែន។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយដោយមានការសម្របសម្រួលពីលោកសុក កែវបណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង៕

RELATED ARTICLES