ប្រធានាធិបតី កូរ៉េខាងត្បួងលោកយុនស៊ុក យុល និងមេដឹកនាំនៃសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាកាលពីថ្ងៃច័ន្ទដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាអាកាសធាតុ សុខភាពឌីជីថលនិងសន្តិសុខនៅក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទ។

លោកយុនបានជួបជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រីUrsula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកCharles Michel នៅការិយាល័យប្រធានាធិបតី ចំពេលប្រារព្ធខួបលើកទី ៦០នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគីនៅឆ្នាំនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលមេដឹកនាំទាំងបីបាននិយាយថាពួកគេបានយល់ព្រមចាប់ផ្តើមភាពជាដៃគូបៃតងកូរ៉េខាងត្បូង-សហភាពអឺរ៉ុប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន និងការផ្លាស់ប្តូរបៃតង។
នៅក្រោមការរៀបចំនេះពួកគេក៏បានយល់ព្រមរួមគ្នាជួយប្រទេសផ្សេងទៀត បង្កើនសមត្ថភាពរបស់ពួកគេ ក្នុងការទប់ស្កាត់ រកឃើញនិងឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសុខភាពសាធារណៈ។សេចក្តីថ្លែងការណ៍រួម បាននិយាយថា មេដឹកនាំបានស្វាគមន៍ការចាប់ផ្តើមនៃភាពជាដៃគូឌីជីថលកូរ៉េខាងត្បូង-សហភាពអឺរ៉ុបកាលពីខែវិច្ឆិកាឆ្នាំមុន។បន្ថែមពីនេះទៀតសេចក្តីថ្លែងការណ៍រួមក៏បាននិយាយដែរថា ប្រទេសកូរ៉េខាងត្បូង និងសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដើម្បីចាប់ផ្តើមកិច្ចសន្ទនាជាយុទ្ធសាស្ត្ររវាងអ្នកការទូតកំពូលរបស់ខ្លួន ដើម្បីបង្កើតភាពជាដៃគូសន្តិសុខ ចំពេលមានភាពតានតឹងជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕