នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស លោក Rishi Sunak និងហូឡង់ លោក Mark Rutte បានព្រមព្រៀងគ្នាបង្កើត សម្ព័ន្ធអន្តរជាតិមួយដើម្បីផ្តល់ការគាំទ្រយន្តហោះចម្បាំងសម្រាប់អ៊ុយក្រែនដែលជាសម្ភារៈយោធាដ៏សំខាន់និងចង់បានបំផុតរបស់ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី ដែលបានស្វះស្វែងរកជាយូរមកហើយពីសម្ព័ន្ធមិត្តលោកខាងលិចដើម្បីគាំទ្រដល់ការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីហូឡង់នៅកិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុបកាលពីថ្ងៃអង្គារ ការិយាល័យរបស់លោក Sunak បាននិយាយថា មេដឹកនាំទាំងពីរនឹងចាត់វិធានការដើម្បីជួយសម្របសម្រួលការដឹកជញ្ជូនយន្តហោះទៅកាន់ទីក្រុងគៀវ។
សេចក្តីថ្លែងការនោះបានសង្កត់ធ្ងន់ថា លោកSunak និង Rutte បានយល់ព្រមថាពួកគេនឹងបង្កើត សម្ព័ន្ធអន្តរជាតិដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវសមត្ថភាពប្រយុទ្ធតាមផ្លូវអាកាសដោយគាំទ្រជាមួយនឹងអ្វីគ្រប់យ៉ាងចាប់តាំងពីការហ្វឹកហាត់រហូតដល់ការទិញយន្តហោះ F16។ នាយករដ្ឋមន្ត្រីទាំងពីរមិនបានបញ្ជាក់ឈ្មោះប្រទេសដែលអាចផ្តល់ជូនយន្តហោះចម្បាំងផលិតដោយអាមេរិក ប៉ុន្តែបានស្នើថាលោកនឹងជំរុញសម្ព័ន្ធមិត្តដើម្បីជួយសម្រួលដល់ការផ្ទេរអាវុធ។

មន្ត្រីអ៊ុយក្រែនបានស្នើសុំយន្តហោះប្រភេទនេះអស់រយៈពេលជាច្រើនខែ ហើយកាលពីថ្ងៃចន្ទជំនួយការជាន់ខ្ពស់ក្រសួងការពារជាតិបានប្រាប់ការសែតPolitico ថា ទីក្រុងគៀវសង្ឃឹមថានឹងទទួលបានយន្តហោះ F-16 រហូតដល់ ៥០ គ្រឿងពីទីក្រុងវ៉ាស៊ីនតោន និងដៃគូផ្សេងទៀត។
ទោះបីជាមានការពិភាក្សាជាថ្មីអំពីគម្រោងផ្តល់យន្តហោះក៏ដោយប្រទេសមហាអំណាចលោកខាងលិចមួយចំនួនហាក់ដូចជាស្ទាក់ស្ទើរក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបៗនេះ។
អាកាសយានិកអ៊ុយក្រែនកំពុងត្រូវបានបណ្តុះបណ្តាលរួចហើយ ដើម្បីដំណើរការយន្តហោះ F-16 ដោយយោធាអាមេរិក ហើយឆាប់ៗនេះនឹងទទួលបានការណែនាំស្រដៀងគ្នាពីអាកាសយានិកអង់គ្លេស – មន្ត្រីអាមេរិក អាល្លឺម៉ង់ និងបារាំងបើទោះជាពួកគេនឹងមិនមានឆន្ទៈក្នុងការផ្គត់ផ្គង់យន្តហោះពីឃ្លាំងអាវុធផ្ទាល់របស់ពួកគេក៏ដោយ៕