Thursday, July 3, 2025
Homeព័ត៌មានអន្តរជាតិលោកម៉ាកូស៖អាមេរិក មិនត្រូវប្រើមូលដ្ឋានទ័ពក្នុង ទឹកដីហ្វីលីពីន វាយប្រហារចិនទេ

លោកម៉ាកូស៖អាមេរិក មិនត្រូវប្រើមូលដ្ឋានទ័ពក្នុង ទឹកដីហ្វីលីពីន វាយប្រហារចិនទេ

ប្រធានាធិបតីហ្វីលីពីនលោក ហ្វើឌីណាន់ ម៉ាកូសបានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃព្រហស្បតិ៍ថា មូលដ្ឋាន យោធាបន្ថែមនៅក្នុងប្រទេសរបស់លោក ដែលថ្មីៗនេះបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលប្រើប្រាស់នឹង មិនត្រូវយកវាទៅប្រើដើម្បីកំណត់គោលដៅវាយប្រហារលើប្រទេសចិន ឬប្រទេសណាមួយឡើយ។

ការលើកឡើងរបស់លោកបានធ្វើឡើងនៅមុនពេលបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃនៅទីក្រុងវ៉ាស៊ីនតោនស្របពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនដែលត្រូវបានជាប់គាំងនៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Think Tank នៅពេលត្រូវបានសួរថាតើសហរដ្ឋអាមេរិកបានស្នើសុំឱ្យរដ្ឋាភិ បាលរបស់លោកផ្តល់ជំនួយដល់កងទ័ពសម្រាប់ប្រតិបត្តិការប្រយុទ្ធ ប្រសិនបើសង្រ្គាមផ្ទុះឡើងរវាងទីក្រុងវ៉ាស៊ីន តោន និងទីក្រុងប៉េកាំងលើកោះតៃវ៉ាន់ លោក ម៉ាកូសបានផ្តល់ ចម្លើយសាមញ្ញគឺ ទេ ដែលមានន័យថាលោក នឹងមិនអោយប្រើប្រាស់មូលដ្ឋានទ័ពទាំងនោះដើម្បីធ្វើសង្គ្រាមប្រឆាំងចិននោះទេ។

លោកម៉ាកូសដែលបានយល់ព្រមជាមួយប្រធានាធិបតីអាមេរិក លោកចូបៃដិនក្នុងសប្តាហ៍នេះ ក្នុងការជំរុញកិច្ច សហប្រតិបត្តិការលើវិស័យការពារជាតិ និងសេដ្ឋកិច្ចបានសង្កត់ធ្ងន់ថាមូលដ្ឋានទ័ពបន្ថែម៥ត្រូវ បានបម្រុងទុក សម្រាប់ប្រើប្រាស់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ រួមទាំងការផ្តល់ជំនួយសង្គ្រោះ និងជំនួយ យ៉ាងឆាប់រហ័សផងដែរ។

នៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ លោកម៉ាកូសក៏បានលាតត្រដាងផងដែរថា សហរដ្ឋអាមេរិក មិនដែលបានលើកឡើងពីលទ្ធភាព នៃការប្រើប្រាស់ទីតាំងទាំងនោះ សម្រាប់សកម្មភាព វាយលុកប្រឆាំងនឹងប្រទេសណាមួយឡើយ។

ប្រធានាធិបតីដែលទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនជាលើកទីមួយក្នុងរយៈពេលជាងមួយទសវត្សរ៍ក្នុងឋានៈជាមេដឹកនាំហ្វីលីពីនបាននិយាយថាខ្ញុំជឿជាក់ថាទីក្រុងម៉ានីលនិងទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមគ្នាទាំងស្រុង លើបញ្ហានេះ ហើយមន្រ្តីអាមេរិកបានដឹងពីកង្វល់របស់ហ្វីលីពីន។

ហ្វីលីពីនដែលជាសម្ព័ន្ធមិត្តសន្តិសុខចាស់ជាងគេរបស់សហរដ្ឋអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិកបានជាប់ពាក់ព័ន្ធក្នុងជម្លោះទឹកដីជាមួយចិនជាយូរមកហើយនៅសមុទ្រចិនខាងត្បូង។

ចាប់តាំងពីចូលកាន់តំណែងជិតមួយឆ្នាំមុន លោក ម៉ាកូស បាននិយាយម្តងហើយម្តងទៀតថាគោលនយោបាយ ការបរ ទេសរបស់ហ្វីលីពីននឹងឯករាជ្យហើយទីក្រុងម៉ានីលនឹងមិនជ្រើសរើសភាគីរវាងសហរដ្ឋអាមេរិក និងចិន ទេ ខណៈពេលដែលកំពុងខិតខំប្រឹងប្រែងដើម្បីកសាងទំនាក់ទំនងឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោន និងដៃ គូរបស់ខ្លួន៕

RELATED ARTICLES