យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣បានអោយដឹងថាបើទោះជាមេយោធាទាំងពីរបានយល់ព្រមឲ្យមានបទឈប់បាញ់គ្នារយៈពេល៤ថ្ងៃក៏ដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំពុងផ្ទុះឡើងសាជាថ្មីទៀតនៅកណ្តាលទីក្រុងKhartoum នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈដែលកងទ័ពគាំទ្ររដ្ឋាភិបាលស៊ូដង់បានព្យាយាមរុញច្រានកងកម្លាំងទាហានប៉ារ៉ា (RSF) ឲ្យចេញពីតំបន់ជុំវិញវិមានប្រធានាធិបតី និងទីបញ្ជាការកងទ័ព ។

ការបាញ់ផ្លោងយ៉ាងខ្លាំងបានផ្ទុះឡើង នៅក្នុងទីក្រុង Omdurmanនិងទីក្រុងBahriហើយកងទ័ពស៊ូដង់ អះអាងថាបានសម្លាប់ក្រុមទាហានប៉ារ៉ា RSF និងបំផ្លាញយានជំនិះមួយចំនួនបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅក្នុងតំបន់យោធានៃទីក្រុងទីក្រុងBahri។
ឧត្តមសេនីយ Abdel Fattah al-Burhan មេទ័ពរបស់ប្រទេស និង លោកMohamed Hamdan ដែលដឹកនាំកងកម្លាំងឆ្លើយតបរហ័ស (RSF) យោធាប៉ារ៉ាបានបន្តប្រយុទ្ធគ្នា។រហូតមកដល់ពេលនេះមិនទាន់មានលេចលឺព័ត៌មាននៃការចរចាគ្នានៅឡើយទេ។

កាលពីយប់ថ្ងៃពុធ បេសកជនរបស់ al-Burhan លោក Dafallah Alhaj បានប្រាប់ទូរទស្សន៍ Al Jazeera ថា កិច្ចព្រមព្រៀងនេះគឺគ្រាន់តែជាបទឈប់បាញ់ប៉ុណ្ណោះ មិនមែនសំដៅទៅលើការសម្រុះសម្រួលទាក់ទងនឹងដំណោះស្រាយនៃជម្លោះនោះទេ។

គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងរយៈពេលជាង ៣សប្តាហ៍ មកនេះ មនុស្សប្រហែល ១០០,០០០នាក់បានភៀសខ្លួន ចេញពីប្រទេសស៊ូដង់ទៅកាន់ប្រទេសជិតខាង ដោយមានតែអាហារ ឬទឹកតិចតួចប៉ុណ្ណោះ។ រីឯមនុស្សស្លាប់បានកើនឡើងដល់ ៥៥០នាក់ ខណៈអ្នករបួសមានចំនួន ៤,៩២៦នាក់៕