មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថាកាលពីវេលាម៉ោង៤និង៤៥នាទីព្រឹកថ្ងៃចន្ទនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបាញ់សាកល្បងមីស៊ីលនៅលើផ្ទៃរាបស្មើចំនួន៨គ្រាប់នៅឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសកូរ៉េខាងត្បូងដែលជាការឆ្លើយតបទៅនឹងកូរ៉េខាងជើងដែលបានបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន៨គ្រាប់កាលពីថ្ងៃអាទិត្យ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទទី៦មិថុនា២០២២។
មន្ត្រីម្នាក់មកពីក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) ចំនួនប្រាំបីត្រូវបានបាញ់។(ATACMS) គឺជាមីស៊ីលបាញ់ពីដីទៅដី (SSM) ផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin ។ វាមានចម្ងាយរហូតដល់៣១០ គីឡូម៉ែត្រ។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងដកស្រង់សំដីយោធាបានអោយដឹងថា សកម្មភាពនេះគឺជាការបង្ហាញពី សមត្ថភាពនិងការត្រៀមខ្លួនក្នុងការអនុវត្តវាយប្រហារយ៉ាងជាក់លាក់ប្រឆាំងនឹងប្រភពនៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។
ប្រធានាធិបតីកូរ៉េខាងត្បូងលោកYoon Suk-yeol ដែលទើបឡើងកាន់តំណែងកាលពីខែមុនបានប្តេជ្ញាថានឹង ប្រកាន់ខ្ជាប់នូវបន្ទាត់ដ៏តឹងរ៉ឹងប្រឆាំងនឹងកូរ៉េខាងជើង ហើយបានយល់ព្រមជាមួយប្រធានាធិបតីអាមេរិកលោកចូ បៃឌិននៅក្នុងកិច្ចប្រជុំកំពូលកាលពីខែឧសភាក្នុងទីក្រុងសេអ៊ូល ថានឹងធ្វើឱ្យប្រសើរឡើងនូវសមយុទ្ធយោធារួមគ្នា។

មន្ត្រីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូលកាលពីពេលថ្មីៗនេះ ក៏បានព្រមានផងដែរថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧។
គួររំឭកថាកាលពីថ្ងៃអាទិត្យកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនប្រាំបី ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ការបាញ់នេះបានធ្វើឡើងតែមួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានបញ្ចប់សមយុទ្ធរួមគ្នាដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកនៅក្នុងដែនទឹកអន្តរជាតិ ក្បែរកោះអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន៕
