ខេត្តបាត់ដំបង ៖ បុរសម្នាក់ ជាបុគ្គលិកបើកបររថយន្តដឹកប្រេង ឃើញប្រេងសាំង ចាប់ផ្តើមឡើងថ្លៃ ក៏បែកគំនិតលួចបូមសាំងរបស់ក្រុមហ៊ុន លក់ លុះថៅកែរកឃើញថាបាត់សាំង ដល់ទៅជាង ៥០០លីត្រ ក៏ដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះស្រាវជ្រាវ ឈានដល់ ការឃាត់ខ្លួនជនសង្ស័យជាតៃកុងរថយន្តដឹកប្រេង យកមកសាកសួរ និងត្រូវជនសង្ស័យឆ្លើយថា បានលួចប្រេងសាំង តែជាង១០០លីត្រប៉ុណ្ណោះ។

ករណីលួចប្រេងនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចក្រុមទី០១ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះហៀក អ៊ីហុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាបុគ្គលិកបើកបរ រថយន្តដឹកប្រេង មានលំនៅ ភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះឈឿត គឹមលាង ភេទស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកផ្នែកគណនេយ្យ ដែលតំណាងឱ្យស្ថានីយប្រេងឥន្ធនៈ លឹម អ៊ូ ត្រែង ថាមានករណីលួចប្រេងសាំង កម្លាំងសមត្ថកិច្ចបានចាប់ផ្តើមស្រាវជ្រាវយ៉ាងសកម្ម តាមបទបញ្ជាពីថ្នាក់ដឹកនាំ។
លទ្ធផលនៃការស្រាវជ្រាវ រហូតដល់វេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះហៀង អ៊ីហុង ដែលជាតៃកុងរថយន្តរបស់ក្រុមហ៊ុន នាំយកមកសាក សួរនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាតៃកុងរថយន្តខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្ម ភាពលួចប្រេងសាំង ចំនួន ៣ប៊ីដុងកន្លះ ស្មើនឹង ១១៤លីត្រ ប្រាកដមែន ខណៈសម្ភារៈបាត់បង់សរុប មានចំនួនដល់ទៅ៥០៥លីត្រ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុករតនមណ្ឌល សាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីបន្តចាត់ការតាមនីតិវិធី៕