Wednesday, July 2, 2025
Homeព័ត៌មានអន្តរជាតិបៃឌិនយល់ព្រមផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយឲ្យអ៊ុយក្រែនតែហាមបាញ់ចូលដីរុស្ស៊ី

បៃឌិនយល់ព្រមផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយឲ្យអ៊ុយក្រែនតែហាមបាញ់ចូលដីរុស្ស៊ី

ផ្ទុយពីការអះអាងកាលពីថ្ងៃអង្គារប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូបៃឌិនបានផ្លាស់ប្តូរចិត្តដោយយល់ព្រមផ្តល់មីស៊ីលបាញ់ចំគោលដៅជាក់លាក់រយៈចម្ងាយឆ្ងាយឲ្យដល់ប្រទេសអ៊ុយក្រែនដែលជាផ្នែកមួយនៃកញ្ចប់ថវិកាសព្វាវុធដែលមានទឹកប្រាក់៧០០លានដុល្លារហើយត្រូវបានរំពឹងថានឹងដាក់បង្ហាញនៅថ្ងៃព្រហស្បតិ៍ទី២មិថុនានេះ(គិតតាមពេលវេលានៅកម្ពុជា)។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។​

មន្ត្រីរដ្ឋបាលជាន់ខ្ពស់បាននិយាយថាសហរដ្ឋអាមេរិកនឹងផ្តល់ឲ្យអ៊ុយក្រែននូវមីស៊ីល កាំភ្លើងធំចល័ត ដែលអាចបាញ់ចំគោលដៅយ៉ាងត្រឹមត្រូវក្នុងរយៈ ចម្ងាយ៨០គីឡូម៉ែត្របន្ទាប់ពីអ៊ុយក្រែនបានផ្តល់ការធានា ថាពួកគេនឹងមិនប្រើដើម្បីវាយប្រហារចូលនៅក្នុងទឹកដីប្រទេសរុស្ស៊ី។

នៅក្នុងកាសែត New York Times op-ed ចេញផ្សាយកាលពីថ្ងៃអង្គារ លោក បៃឌិន បាននិយាយថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននឹងបញ្ចប់តាមរយៈការទូតប៉ុន្តែសហរដ្ឋអាមេរិកត្រូវតែផ្តល់អាវុធ និងគ្រាប់រំសេវសំខាន់ៗដើម្បីឱ្យអ៊ុយក្រែនមានឥទ្ធិពលខ្ពស់បំផុតនៅតុចរចា។

លោកបៃឌិនបានបន្តថានោះហើយជាមូលហេតុដែលខ្ញុំបានសម្រេចចិត្តថាយើងនឹងផ្តល់ឱ្យប្រជាជនអ៊ុយក្រែននូវប្រព័ន្ធមីស៊ីលនិងអាវុធទំនើបៗបន្ថែមទៀតដែលអាចឱ្យពួកគេវាយប្រហារគោលដៅសំខាន់ៗនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន។

ក្រុមមន្ត្រីអាមេរិកបាននិយាយថាកញ្ចប់សព្វាវុធនេះរួមមានគ្រាប់រំសេវ រ៉ាដាប្រឆាំងការបាញ់ប្រហារ រ៉ាដាឃ្លាំមើលដែនអាកាស មីស៊ីលប្រឆាំងរថក្រោះJavelinក៏ដូចជាអាវុធប្រឆាំងរថពាសដែកផងដែរ។

ការសម្រេសចិត្តរបស់រដ្ឋបាលលោកចូបៃឌិនវាស្របគ្នាទៅនឹងការបញ្ជាក់​របស់​លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិកាលពី​ថ្ងៃ​អង្គារ​ដែលបានប្រាប់អ្នកសារព័ត៌មានថា យើងដឹងច្បាស់តាំងពីថ្ងៃដំបូងថាយើងនឹងផ្តល់អាវុធដល់អ៊ុយក្រែនដើម្បីការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី ដើម្បីការពារខ្លួននៅក្នុងព្រំដែនរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីតែយើងមិនផ្តល់អាវុធណាដែលអនុញ្ញាត ឱ្យអ៊ុយក្រែនវាយប្រហារចូលទឹកដីរុស្ស៊ីទេ ហើយប្រធានាធិបតីដឹងច្បាស់ណាស់អំពីរឿងនេះ ។

លោកស្រីបាន​បន្ថែម​ថាយើង​នឹង​មិន​ក្លាយ​ជា​ភាគី​នៃ​សង្គ្រាម​នោះ​ទេ៕

RELATED ARTICLES