យោងតាមប្រភពពីមន្ត្រីសេតវិមានបានអោយដឹងថាប្រធានាធិបតីអាមេរិកលោកចូ បៃឌិន នឹងមកបំពេញ ទស្សនកិច្ចប្រទេសសម្ព័ន្ធមិត្តកូរ៉េខាងត្បូងនិងជប៉ុននៅខែឧសភាចាប់ពីថ្ងៃទី២០-២៤ ។នេះជាដំណើរទស្សនកិច្ច លើកដំបូងមកកាន់ទ្វីបអាស៊ីចាប់តាំងពីលោកក្លាយជាប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០២១។
លោក ចូបៃឌិន នឹងជួបពិភាក្សាជាមួយសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូងជុំវិញការកើនឡើងនៃឥទ្ធិពលរបស់ចិន នៅក្នុងតំបន់និងការគំរាមកំហែងអាវុធនុយក្លេអ៊ែរចុងក្រោយបង្អស់ពីប្រទេសកូរ៉េខាងជើងព្រមទាំងការឆ្លើយតបទៅរុស្ស៊ីជុំវញសង្គ្រាមអ៊ុយក្រែនផងដែរ។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំនឹងពិភាក្សាអំពីឱកាសដើម្បីធ្វើឱ្យកាន់តែ ស៊ីជម្រៅនូវទំនាក់ទំនងសន្តិសុខដ៏សំខាន់ដោយ បង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងពង្រីកកិច្ចសហប្រតិបត្តិការជិត ស្និទ្ធដើម្បីផ្តល់លទ្ធផលជាក់ស្តែង។
លោកស្រីJenPsakiអ្នកនាំពាក្យសេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចនេះនឹងជំរុញ ការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋបាល លោកបៃឌិន ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ និងចំពោះសម្ព័ន្ធភាពសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក” ជាមួយកូរ៉េខាងត្បូង និងជប៉ុន។
ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា លោក បៃឌិននឹងជួបជាមួយប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក Yoon Suk-yeol នៅថ្ងៃទី ២១ ខែឧសភា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃដែលកើតឡើងភ្លាមៗ បន្ទាប់ពីការស្បថចូលកាន់តំណែងរបស់លោក Yoon នៅថ្ងៃទី 10 ខែឧសភា។
ជាមួយគ្នានេះដែរប្រធានាធិបតីអាមេរិកនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃទី២២ខែឧសភាជាកន្លែងដែលលោកនឹងជួបជាមួយនាយករដ្ឋមន្ត្រី Fumio Kishidaមុនពេលមេដឹកនាំទាំងពីរចូលរួមការជួបជុំរបស់ក្រុមសន្តិសុខQuadរួមជាមួយនឹងសមភាគីរបស់ពួកគេមកពីប្រទេសអូស្ត្រាលី និងឥណ្ឌា៕