យោងតាមប្រភពពីកងទ័ពអាកាសតៃវ៉ាន់បានប្រាប់រ៉យទ័រថា យន្តហោះចម្បាំងតៃវ៉ាន់ ប្រភេទMirage 2000 បានធ្លាក់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃចន្ទ បន្ទាប់ពីមានបញ្ហាមេកានិចប៉ុន្តែអ្នកបើកបរត្រូវបានជួយសង្គ្រោះ។នេះជាការបាត់បង់យន្តហោះប្រយុទ្ធលើកទីពីរក្នុងរយៈពេលបីខែ។
កងកម្លាំងអាកាសបាននិយាយថា យន្តហោះដែលផលិតដោយប្រទេសបារាំងបានហោះឡើងបន្ទាប់ពីម៉ោង10ព្រឹកក្នុងបេសកកម្មហ្វឹកហាត់មួយពីមូលដ្ឋានទ័ពអាកាស Chihhang ក្នុងទីក្រុង Taitung ហើយបានរាយការណ៍ថា កំពុងវិលត្រឡប់មកវិញបន្ទាប់ពីមានបញ្ហាមេកានិច។អ្នកបើកយន្តហោះបានលោតចូលសមុទ្រភាគ ខាងត្បូងនៃមូលដ្ឋានទ័ពអាកាសហើយត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពនិងស្ថិតក្នុងស្ថានភាពល្អ។

ក្រុមស៊ើបអង្កេតត្រូវបានបង្កើតឡើងហើយបញ្ជូនទៅក្រុង Taitung ។តៃវ៉ាន់បានទទួលយន្តហោះ Mirage ដំបូងរបស់ខ្លួនក្នុងឆ្នាំ1997ទោះបីជាពួកគេត្រូវបានធ្វើឱ្យប្រសើរឡើងជាច្រើនដងចាប់តាំងពីពេលនោះមកក៏ដោយ។
កាលពីខែមករាកងទ័ពអាកាសបានផ្អាកការហ្វឹកហ្វឺនប្រយុទ្ធសម្រាប់យន្តហោះចម្បាំងប្រភេទ F-16របស់ខ្លួនបន្ទាប់ពីយន្តហោះមូដែលខាងលើនេះ បានធ្លាក់ចូលទៅក្នុងសមុទ្រដោយសម្លាប់អ្នកបើកយន្តហោះ។
កាលពីឆ្នាំមុន យន្តហោះចម្បាំង F-5E ពីរគ្រឿងដែលចូលបម្រើការដំបូងនៅតៃវ៉ាន់ក្នុងទសវត្សរ៍ឆ្នាំ 1970 បានធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីពួកគេទំនងជាបានបុកគ្នានៅកណ្តាលអាកាសអំឡុងពេលបេសកកម្មហ្វឹកហ្វឺន ពីមូលដ្ឋានអាកាស Chihhang ផងដែរ៕
