Friday, March 20, 2026
Homeទេសចរណ៍ប្រកួតថតវីដេអូ តាមទូរស័ព្ទ ព្រឹត្តិការណ៍សមរាត្រីអង្គរ

ប្រកួតថតវីដេអូ តាមទូរស័ព្ទ ព្រឹត្តិការណ៍សមរាត្រីអង្គរ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានបង្កើតកម្មវិធីការប្រកួតប្រជែងថតវីដេអូ អំពីព្រឹត្តិការណ៍សមរាត្រីអង្គរ (Equinox Angkor) ក្រោមប្រធានបទ “អច្ឆរិយភាពអង្គរ” ដោយប្រើប្រាស់ទូរស័ព្ទដៃ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានជម្រាបភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា “ព្រឹត្តិការណ៍សមរាត្រីអង្គរ Equinox Angkor” ឆ្នាំ២០២៦ ដែលត្រូវបានស្គាល់ថា ជាបាតុភូត ព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កើតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ ស្អាតនិងអស្ចារ្យ របស់ដូនតាខ្មែរបន្សល់ទុកដល់មនុស្សជាតិ បានឃើញនិងយល់អំពីជំនឿនិងវិទ្យាសា ស្ត្រពិត បង្កើតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ មកទស្សនានិងថតផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ។

ព្រឹត្តិការណ៍សមរាត្រី នឹងកើតមានឡើង ពីរដង ក្នុងមួយឆ្នាំ ដោយនៅរដូវប្រាំង (Vernal Equinox) ចាប់ពីថ្ងៃទី២១-២៣ ខែមីនា និងរដូវវស្សា (Autumnal Equinox) ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ដើម្បីជំរុញផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីការប្រកួតប្រជែងថតវីដេអូ ព្រឹត្តិការណ៍សមរាត្រីអង្គរ (Equinox Angkor) ក្រោមប្រធានបទ “អច្ឆរិយភាពអង្គរ” ដោយប្រើប្រាស់ទូរស័ព្ទដៃ។

ចំពោះលក្ខខណ្ឌនៃការចូលរួមប្រកួត ៖

១- ត្រូវចុះឈ្មោះតាមរយៈស្កេន QR Code ខាងក្រោម ដើម្បីស្នើសុំចូលរួមប្រកួត។

២- ការចូលរួមប្រកួតត្រូវប្រើប្រាស់ទូរស័ព្ទដៃ និងថតដោយខ្លួនផ្ទាល់។

៣- ការប្រកួត នឹងចាប់ផ្តើមពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦ (វីដេអូ ដាក់ប្រកួត ត្រូវមានរយៈពេល ចន្លោះពី១ៈ៣០នាទី ទៅ ២ៈ០០នាទី)។

៤- បេក្ខជនត្រូវផ្ញើវីដេអូ តាមរយៈលីង ៖ https://bit.ly/VideoEquinoxAngkorContest។

៥- រយៈពេលនៃការទទួលវីដេអូ មានចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

៦- ជ័យលាភី មានចំនួន ៥រូប នឹងទទួលបានប្រាក់រង្វាន់ ៖ ជ័យលាភីលេខ១ ទទួលបានចំនួន ២លានរៀល ជ័យលាភីលេខ២ ទទួលបានចំនួន ១,៥លានរៀល ជ័យលាភីលេខ៣ ទទួលបានចំនួន ១លានរៀល ជ័យលាភីលេខ៤ ទទួលបានចំនួន ៨០ម៉ឺនរៀល និងជ័យលាភីលេខ៥ ទទួលបាន ៦០ម៉ឺនរៀល។

ក្រសួងទេសចរណ៍ អំពាវនាវដល់ភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនទាំងអស់ ចូលរួមប្រកួតប្រជែងឱ្យបានច្រើនកុះករ៕

RELATED ARTICLES