យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃសុក្រទី១១មីនាបានអោយដឹងថាកងកម្លាំងយោធារុស្ស៊ីដែលមិនអាចវាយចូលទីក្រុងគៀវនៅឡើយនោះបានបើកការវាយប្រហារទៅលើទីក្រុងចំនួនបន្ថែមទៀតគឺទីក្រុង Dnipro ,Lutsk និង IvanoFrankivsk។

សេវាសង្គ្រោះបន្ទាន់រដ្ឋ (SES) របស់ប្រទេសអ៊ុយក្រែន រាយការណ៍ថា មនុស្សម្នាក់បានស្លាប់នៅក្នុងស្រុក Novokodatsky ក្រុងDnipro ខណៈ២ទៀតមិនទាន់មានរបាយការណ៍។SES បាននិយាយថានៅម៉ោងប្រហែល6.10ព្រឹកមានការវាយប្រហារតាមអាកាសចំនួនបីនៅក្នុងទីក្រុងដោយវាយលុកសាលាមត្តេយ្យនិងអាគារផ្ទះល្វែង។រោងចក្រផលិតស្បែកជើងពីរជាន់ក៏ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ក្រៅពីទីក្រុង Dnipro ទីក្រុង Lutsk ដែលស្ថិតនៅតំបន់ភាគពាយ័ព្យនៃប្រទេសអ៊ុយក្រែន ក៏ទទួលរងការទម្លាក់គ្រាប់បែកពីលើអាកាសផងដែរ។

ចំណែកឯប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីទើបតែបានបញ្ជាក់ពីការវាយប្រហារលើLutskនិងIvanoFrankivsk។មន្ត្រីការពារជាតិទីក្រុងមូស្គូត្រូវបានដកស្រង់សម្តីដោយនិយាយថាមានការវាយប្រហាររយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ទៅលើអាកាសយានដ្ឋានយោធាចំនួនពីរនៅក្នុងទីក្រុងនានានៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន៕
