Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិតុលាការយោធាមីយ៉ាន់ម៉ា នឹងប្រកាសសាលក្រម​លោកស្រីស៊ូជីនៅខែក្រោយ

តុលាការយោធាមីយ៉ាន់ម៉ា នឹងប្រកាសសាលក្រម​លោកស្រីស៊ូជីនៅខែក្រោយ

យោងតាមប្រភពព័ត៌មានបាងកកប៉ុស្ត៍ចេញផ្សាយកាលពី ថ្ងៃអង្គារទី ៩វិច្ឆិកា ថាតុលាការរបបយោធាមីយ៉ាន់ម៉ានឹងប្រកាសសាលក្រម​របស់ខ្លួននៅខែក្រោយថាតើមេដឹកនាំដែលត្រូវបានបណ្តេញចេញពីអំណាចលោកស្រីអ៊ុងសាន ស៊ូជីបានបំពានច្បាប់ហាម​ឃាត់ការប្រមូលផ្តុំកូវីដ-១៩  ក្នុងអំឡុងពេលបោះឆ្នោតដែលគណបក្សរបស់លោកស្រីឈ្នះភ្លូកទឹកភ្លូកដីកាលពីឆ្នាំមុនឬយ៉ាងណា។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈដែលបានបង្កឱ្យមានការតវ៉ាដ៏ធំ និងការបង្ក្រាបយ៉ាងបង្ហូរឈាមលើអ្នកប្រឆាំង។

អ្នកស្រី ស៊ូជី អាយុ ៧៦ ឆ្នាំ បាន​ឡើង​កាត់​ទោស​កាល​ពី​ខែ​មិថុនា ហើយ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​នាំ​ចូលវិទ្យុទាក់ទង Walkie Talkies ដោយ​ខុស​ច្បាប់​រហូតទៅដល់បទចោទការ​បះបោរ។

ប្រព័ន្ធផ្សព្វផ្សាយត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងដំណើរការកាត់ក្តីនៅតុលាការពិសេសក្នុងរដ្ឋធានី Naypyidaw ហើយថ្មីៗនេះរបបយោធាបានហាមឃាត់ក្រុមអ្នកច្បាប់របស់នាងមិនឱ្យនិយាយជាមួយអ្នកសារព័ត៌មាន។

កាលពីថ្ងៃអង្គារលោកស្រីស៊ូជីបានបង្ហាញខ្លួននៅក្នុងសវនាការចុងក្រោយក្នុងការកាត់ក្តីពីបទចោទប្រកាន់ថាបានបំពានបម្រាមហាមឃាត់កូវីដ-១៩ក្នុងអំឡុងពេលការបោះឆ្នោតឆ្នាំ 2020 ។

លោកស្រីនឹងផ្តល់សក្ខីកម្មការពារខ្លួននៅសប្តាហ៍ក្រោយ ។ដីកាចុងក្រោយដែលប្រកាសសាលក្រមរបស់តុលាការ ត្រូវបានកំណត់សម្រាប់ថ្ងៃទី 14 ខែធ្នូ។លោកស្រី ស៊ូជី ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល ៣ ឆ្នាំ ប្រសិន​បើ​រក​ឃើញ​ថា​មាន​កំហុស។

តុលាការរបបយោធាក៏នឹងបើកសវនាការកាត់ក្តីដាច់ដោយឡែកមួយសម្រាប់បទញុះញង់នៅសប្តាហ៍ក្រោយ ដើម្បីបញ្ចប់នីតិវិធីដែលអាចឃើញម្ចាស់ពានរង្វាន់ណូបែលត្រូវជាប់គុកជាច្រើនទសវត្សរ៍។

កាលពីខែមុនលោក Win Htein អតីតសមាជិកសភារបស់គណបក្ស NLD និងជាជំនួយការជិតស្និទ្ធរបស់លោកស្រី ស៊ូជី ត្រូវបានកាត់​ទោស​ឱ្យជាប់គុក 20 ឆ្នាំពីបទក្បត់ជាតិ ដែលជាសមាជិកជាន់ខ្ពស់ដំបូងគេរបស់គណបក្សដែលត្រូវបានកាត់ទោសដោយ​តុលាការរបបយោធា៕

RELATED ARTICLES