ភ្នំពេញ ៖ តារាកំប្លែងជើងចាស់ ដ៏មានប្រជាប្រិយភាព លោកតា ម៉ារី សុន ហៅសង់ស៊ីស ដែលបច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយ និយាយស្តីស្ទើរតែលែងចេញ រហូតលែងអាចបន្តអាជីពកំប្លែងបានតទៅទៀតនោះ កំពុងរស់នៅក្នុងស្ថានភាពជីវភាពទីទ័លក្រលំបាក និងជាប់ជំពាក់បំណុលគេ ជាង១០ម៉ឺនដុល្លារ រហូតដល់ចុងក្រោយ ក្រុមគ្រួសារលោកតាស៊ីស បានដាច់ចិត្តទម្លាយរឿងរ៉ាវ និងប្រកាសលក់ផ្ទះ ដើម្បីបានប្រាក់យកទៅសងបំណុលគេ។

លោកអ៊ឹម ជីវ៉ា តារាសម្តែងល្បីឈ្មោះមួយរូប ដែលបានទៅដល់ផ្ទះលោកតាសង់ស៊ីស បានសរសេរក្នុងទំព័របណ្តាញសងង្គម ហ្វេសប៊ុក របស់នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា “អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែងសង់ស៊ីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំឱ្យបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេ ដែលជំពាក់មានចំនួនជាង ១០ម៉ឺនដុល្លារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នា មាន ៩បន្ទប់លក់ ក្នុងតម្លៃ ២២ម៉ឺនដុល្លារ…”។

លោកអ៊ឹម ជីវ៉ា បានបញ្ជាក់ថា ព្រឹកមិញនេះ លោកបានធ្វើដំណើរទៅផ្ទះតារាកំប្លែងជើងចាស់ លោកតាសង់ស៊ីស បានជួបជាមួយតារាកំប្លែង អ្នកនាងកាឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស។ ពេលទៅជួបពួកគាត់ គឺទម្រាំលើកដៃសុំឱ្យបងប្អូន ជួយនេះ គឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេ គឺសុំឱ្យបងប្អូនដែលមានថវិកាច្រើនជួយទិញផ្ទះគាត់ផង ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ រកចំណូលមិនបាន ហើយបើទុកយូរតទៀត គឺគ្មានលទ្ធភាពសងគេទេ។

ពាក់ព័ន្ធទៅនឹងរឿងបំណុលជាង ១០ម៉ឺនដុល្លារនេះ អ្នកនាងកាឆយ បានបញ្ជាក់ថា និយាយទៅ អ្នកដែលជំពាក់បំណុលគេដោយផ្ទាល់ នោះ គឺប្អូនសុន ស្រីពេជ្រ គឺគាត់បានយកមកដោះស្រាយនៅក្នុងគ្រួសារទាំងមូលតែម្តង ដែលគាត់យកលុយមកមើលតាំងពីប្អូនឈឺ ដែលគាត់កើតមហារីកគ្រាប់ឈាម ស្លាប់ទៅនោះ ហើយវាគាប់ជួនជាមួយនឹងឪពុកធ្លាក់ខ្លួនឈឺដែរ ហើយសមាជិកគ្រួសារ ក្នុង១ឆ្នាំ ស្លាប់អស់២នាក់ទៅហើយ ចំណែកឪពុកក៏ឈឺទៀត គេហៅថាទុក្ខជាន់លើទុក្ខ ហើយគ្រប់យ៉ាងនៅលើ ស្រីពេជ្រទាំងអស់ ហើយកាលនោះ គេចេះតែរកបាន និងចេះតែយក ទើបជំពាក់គេឡើងទៅដល់ជាង ១០ម៉ឺនដុល្លារ ហើយកាលអំឡុងពេលដែលប្អូនប្រុសឈឺខ្លាំងនោះ ត្រូវចំណាយ ១ខែ ចូល២ ទៅ៣ម៉ឺនដុល្លារ យក ទៅវៀតណាម ផង យកទៅថៃ ផង គឺបន្ទុកធ្លាក់លើស្រីពេជ្រ ទាំងអស់ ហើយពីមុនគឺពួកយើងចេះតែរួមគ្នាដោះស្រាយ តែដំណាក់កាលកូវីដ នេះ គឺដោះស្រាយលែងចេញតែម្តង ដោយសារចំណូលសិល្បៈត្រូវគាំងគ្រប់ច្រក ធ្វើឱ្យគ្រួសារគាត់ជួបនឹងផលលំបាកយ៉ាងខ្លាំង រហូតដល់មូលមតិគ្នា ពិសេស ឪពុក សម្រេចចិត្តថា ប្រកាសលក់ផ្ទះនេះតែម្តង ដើម្បីសងបំណុលគេ ហើយសងគេរួចហើយ ស្រីពេជ្រ នៅសល់ដី១ដុំដែរ ហើយសល់លុយខ្លះ នឹងយកទៅសង់ផ្ទះនៅវិញ ព្រោះបើលក់ដីនោះសងគេ អត់គ្រប់ មានតែសម្រេចចិត្តលក់ផ្ទះតែម្តង ក្នុងតម្លៃ ២២ម៉ឺនដុល្លារ ដោយផ្ទះនេះ មានទំហំ ២ល្វែង មានបន្ទប់សរុបចំនួន ៩បន្ទប់ ហើយក្នុងបន្ទប់នីមួយៗសុទ្ធតែមានបន្ទប់ទឹកទាំងអស់ ។

អ្នកនាងកាឆយ បានរៀបរាប់ពីស្ថានភាពជំងឺលោកឪពុករបស់ខ្លួនថា ឪពុករបស់អ្នកនាង (លោកតាសង់ស៊ីស) បានធ្លាក់ខ្លួនឈឺ រយៈ ពេល ៤ឆ្នាំមកហើយ គឺជំងឺឡើងសម្ពាធឈាម ហើយសព្វថ្ងៃគាត់អាចដើរបាន ហូបបាន តែនិយាយមិនបាន ហើយឆ្នាំនេះ គាត់ចាប់ផ្តើមវង្វេងច្រើន ដោយសារគាត់កាន់តែចាស់ សុខភាពក៏កាន់តែខ្សោយ ណាមួយរយៈកាលកូវីដនេះ ពួកគាត់ជាកូនៗ ផ្គត់ផ្គង់ឪពុកមិនសូវបានគ្រប់គ្រាន់ ពោលគឺដោយសាររកចំណូលមិនសូវបាន ដូចកាលមុនកូវីដ៕
