អតីតតារាសម្ដែងលោកស៊ុក សុភា បានវិលចូលស្រុកកំណើតវិញជាង២សប្ដាហ៍ហើយក្រោយពីលោកនិងអតីតភរិយាអ្នកនាងហ្សារីណា ដែលជាអាណិកជនខ្មែរនៅអូស្ត្រាលីបានលែងលះគ្នាជាង២ខែ។បុរសសាច់ដុំធំរូបនេះនៅតែមានរូបរាងសង្ហារហើយថ្មីៗនេះគេឃើញលោកបានទៅញាំអាហារនៅហាងមួយនៅម្ដុំខណ្ឌសែនសុខ ក្នុងទឹកមុខហាក់ស្រងូតស្រងាត់ចិត្តជាងមុនបើទោះជាលោកត្រូវបានមិត្តភក្ដិជិតដិតដែលបែកគ្នាជាយូឆ្នាំមកសួរសុខទុក្ខនិងលើកទឹកចិត្តលោកក្ដី។



បើតាមមិត្តភក្ដិរបស់លោកសុភា ដែលញាំអាហារជាមួយលោកនោះបង្ហើបឲ្យដឹងថាសុភា មិនកំណត់វិលទៅអូស្រា្ដលីវិញឆាប់ៗទេ តែអាចនឹងបន្ដនៅស្រុកកំណើតយូថ្ងៃដើម្បីបន្ធូរអារម្មណ៍និងភាពតានតឹងទាំងឡាយ។ទោះជាយ៉ាងណាលោកសុភា គ្មានគម្រោងវិលមកថតសម្ដែងសិល្បៈវិញទេក្រោយក្លាយទៅជាពោះម៉ាយកូន៣និងកូនអតីតភរិយា២នាក់ទៀតសរុប៥នាក់ដែលលោកបានស្រលាញ់ពួកគេដូចជាកូនៗរបស់លោកដែរ។



គូររំលឹកថាស៊ុក សុភា បានរៀបការជាមួយអ្នកនាងហ្សារីណា កាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០១២ ដែលចំណងស្នេហាជាង៩ឆ្នាំនេះសុភា បានចេញទៅរស់នៅអូស្រា្ដលីជាមួយភរិយាជាមេម៉ាយកូន២យ៉ាងមានក្ដីសុខហើយអតីតតារាសម្ដែងរូបនេះតែងតែត្រូវបានមិត្តភក្ដិអ្នករួមអាជីពសរសើរនូវទឹកចិត្តពេលដែលពួកគេទៅសម្ដែងនៅអូស្រា្ដលីលោកតែងតែទៅលើកទឹកចិត្តនិងផ្ដល់លុយធីបព្រមទាំងជូនដើរលេងស្ទើគ្រប់គ្នា។



ប៉ុន្ដែនៅចុងខែសីហាឆ្នាំ២០២១ ស៊ុក សុភា ត្រូវបានប្រពន្ធប្រកាសលែងលះក្រោមហេតុផលថាលោកខៀវ បែងចែកមិនដាច់ស្រេចរវាងក្រុមគ្រួសារនៅស្រុកនិងប្រពន្ធកូនទើបធ្វើឲ្យពួកគេមិនអាចផ្សះផ្សារស្នេហ៍ឡើងវិញបាន។យ៉ាងណាតាមរយៈរូបរាងនៅតែសង្ហារនេះគេជឿរថាលោកសុភា នឹងរកបានម្ចាស់បេះដូងថ្មីមកស្អំរបួសបេះដូងក្នុងពេលឆាប់ៗនេះជាមិនខានព្រោះថា ពេលនេះលេចឭថានារីអ្នកមានទ្រព្យវ័យចំណាស់ៗ មួយចំនួនកំពុងតែជ្រួលជ្រើមចង់បានលោកខៀវ ធ្វើប្ដី។



តែអតីតគូស្នេហ៍អ្នកនាងចាន់ សុផានី និងខៀវ សុខារ៉ាវី រូបនេះអាចនឹងសាងស្នេហ៍ថ្មីលើទឹកដីអូស្រា្ដលីម្ដងទៀត ច្រើនជាងការកប្រពន្ធថ្មីនៅស្រុកកំណើត។ការសម្អាងបែបនេះដោយសារតែធ្លាប់មានដំណឹងថាមាននារីអាណិកជននៅទីនោះចង់រៀបការជាមួយស៊ុក សុភា តាំងពីក្រោយលោកនិងអ្នកនាងហ្សារីណា លែងគ្នាភ្លាមៗម្លេះ៕

