ភ្នំពេញ ៖ តារាសម្ដែងស្រីសិចស៊ី ដេននី ក្វាន់ បានប្រកាសថា នាងរកបានម្ចាស់បេះដូងថ្មីហើយ តែមិនទាន់បង្ហាញមុខបុរសនេះទេ គ្រាន់តែបញ្ជាក់តាមបណ្ដាញសង្គម ហ្វេសប៊ុក ថា នាងនឹងមើលថែគេឲ្យបានល្អបំផុត ។

ដេននី ក្វាន់ បានបង្ហោះរូបថតឈរកៀកកើយជាមួយម្ចាស់បេះដូងថ្មី នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់នាង តែបានបិទមុខបុរសនោះ ជាមួយសំណេរនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ថា “មិនខ្វល់ទេថាពីមុនមក គាត់គឺជាអ្នកណា ដឹងត្រឹមថា ពេលនេះគាត់គឺជាម្ចាស់បេះដូងរបស់ខ្ញុំ ហើយខ្ញុំនឹងមើលថែគាត់ឲ្យបានល្អបំផុត“ ។

ទោះបីជាយ៉ាងណា នៅពេល “នគរធំ” ទាក់ទងទៅដើម្បីសាកសួរបន្ថែមពីរឿងនេះ ដេននី ក្វាន់ សុំមិនបង្ហាញអត្តសញ្ញាណបុរសជាម្ចាស់បេះដូងថ្មីនេះទេ គឺនាងនៅបន្តលាក់លៀមពីរឿងឯកជនរបស់នាងនេះ ។

គួរបញ្ជាក់ថា ការប្រកាសរកបានម្ចាស់បេះដូងថ្មី តែមិនបង្ហាញមុខ មិនមែនជាលើកទី១ សម្រាប់តារាសម្តែងស្រីសាច់សខ្ចី ថៅកែលក់ផលិតផលអនឡាញ ដេននី ក្វាន់ នោះទេ គឺជាច្រើនដងហើយ ដែលនាងបានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុក ថាបានជួបម្ចាស់បេះដូងថ្មី តែមិនបង្ហាញមុខ ទើបធ្វើឲ្យគេមិនដឹងថា ម្ចាស់បេះដូងថ្មីរបស់នាង ជាមនុស្សតែម្នាក់ ឬច្រើននាក់ បើគិតពីប៉ុន្មានខែមុន មកដល់ពេលនេះ ។


យ៉ាងណាក៏ដោយ មកដល់ពេលនេះ ដោយសារតែដេននី ក្វាន់ មិនព្រមបង្ហាញមុខម្ចាស់បេះដូងថ្មីរបស់នាង ទើបធ្វើឲ្យមានមន្ទិលសង្ស័យពីមហាជនថា មិនដឹងម្ចាស់បេះដូងថ្មីរបស់នាងជាបុរសមួយណាឲ្យពិតប្រាកដ បើចេះតែបិទមុខ ហើយលាក់អាថ៌កំបាំងបែបនេះ ។ ដូច្នេះមជ្ឈដ្ឋានទាំងនោះបានធ្វើការស្នើទៅដេននី ក្វាន់ ថា បើនាងបានជាក្លាហានប្រកាសថា រកបានម្ចាស់បេះដូងថ្មីទៅហើយ គួរតែបង្ហាញឲ្យឃើញមុខមាត់ពិតតែម្តងទៅ កុំបិទមុខប្រុសស្នេហ៍តទៅទៀតអី ៕

