តារាកូន១សួស វីសា បានបញ្ចេញរូបភាពអោបថើបមាត់ប្ដីយ៉ាងរ៉ូមែកទិកដែលមើលទៅមិនចាញ់ថ្ងៃផ្ដើមស្នេហ៍គ្រាដំបូងឡើយហើយនាងថែមទាំងថ្លែងសារថាស្រលាញ់ឧត្តមស្វាមីនាងខ្លាំងណាស់។ការប្រកាសជាចំហរបស់វីសា នៅពេលនេះក្រោយពីតារាចម្រៀងមកពីខេត្តស្វាយរៀងរូបនេះបានចាប់ដៃប្ដីងាកទៅធ្វើជំនួញជាបន្ដបន្ទាប់ដោយផ្អាកចេញច្រៀងសម្ដែងលើឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ជាច្រើនខែមកហើយ។



អ្វីដែលវីសា កាន់តែមានភាពកក់ក្ដៅខ្លាំងថែមទៀតនោះគឺប្ដីនាងលោកប៊ុនថុល ប៊ុនថង ហៅថមមី បានធ្វើគ្រប់បែបយ៉ាងដើម្បីរកលុយមកផ្គត់ផ្គងគ្រួសារពិសេសគឺនៅពេលថ្មីៗនេះលោកថមមី បានស្លៀកពាក់និងតុបតែងមុខបែបជាភេទទី៣(ខ្ទើយ)ដើម្បីឲ្យទស្សនិកជនចាប់អារម្មណ៍ចូលមើលច្រើនជាប្រយោជន៍ដល់អាជីវកម្មរបស់ពួកគេនៅលើវិស្ស័យOnline ទៀតផង ទើបធ្វើឲ្យវីសា កាន់តែស្រលាញ់ពេញចិត្តលោកថមមី និងហៅថាជា”ឧត្តមស្វាមី”។





យ៉ាងណាការទក់ទងទៅសួស វីសា ដើម្បីសួរនាំបន្ថែមមិនត្រូវបាននាងឆ្លើយតបនោះទេដោយនាងតែងតែឆ្លើយថាជាប់រវល់ទាំងទូរស័ព្ទនិងTelegram។ដោយឡែកកាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០២១ វីសា និងលោកថមមី បានធ្វើខួបកំណើតឲ្យកូនស្រីរបស់ពួកគេឈ្មោះថង សាម៉ូលីណា ហៅJenny គម្រប់១ឆ្នាំ ខណៈដែលកាលពីថ្ងៃទី១៧ខែកញ្ញាវីសា បានដឹកដៃប្ដីទៅទិញផ្ទះវីឡារមួយនៅផ្លូវជាតិលេខ៦សម្រាប់កាដូខួបកូនស្រីរបស់នាងទៀតផង។អ្វីដែលគូរឲ្យកត់សម្គាល់ក្រោយវីសា ផ្អាកឡើងឆាកពេញ១ឆ្នាំដើម្បីពពោះនិងសម្រាលកូន ហើយកាលពីដើមខែមីនាឆ្នាំ២០២១ នាងបានកើតកូវីដ នោះគឺរហូតមកដល់ពេលនេះវីសា មិនទាន់វិលមករកឆាកតន្រ្ដីវិញនោះទេ ប៉ុន្ដែនាងមានទ្រព្យកាន់តែច្រើនដូចជាមុននេះគ្រាន់តែចំណាយលុយទិញមាសពាក់អស់ប្រាក់ជាង១០ម៉ឺនដុល្លារឯណ្ណោះ។



សួស វីសា បានផ្ដាច់ស្នេហ៍ជាមួយលោកមាស សាឡី ហើយនាងភ្ជាប់ស្នេហ៍ថ្មីជាមួយលោកប៊ុនថុល ប៊ុនថង នឹងដឹកដៃគ្នារៀបការកាលពីថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៩ និងសម្រាលកូនស្រីថ្ងៃទី៩ខែតុលាឆ្នាំ២០២០។ក្រោយវីសា-ថមមី ចាប់ដៃគ្នាជិត២ឆ្នាំនេះពួកគេសល់ទ្រព្យច្រើនដូចជាទិញបានផ្ទះវីឡារ និងដីធ្លីជាច្រើនកន្លែងទៀត ព្រមទាំងជិះរថយន្ដទំនើបៗមានLexus Lx570 ,Lexus Nx200t និងMazda ជាដើម។ប៉ុន្ដែសម្រាប់អាជីពចម្រៀងវិញវីសា ក៍ដូចជាមិត្តរួមក្រុមឱក សុគន្ធកញ្ញា និងពេជ្រ សូលីកា ដែរពោលគឺក្រោយមានប្ដីនិងកូន១រៀងៗខ្លួននោះទីផ្សារចម្រៀងរបស់ពួកគេនៅទ្រឹងដូចគ្នា៕


