Wednesday, June 25, 2025
Homeតារាខ្មែរព្រាប សុវត្ថិ នៅតែរីករាយទោះគ្មានបទភ្ជុំបិណ្ឌ

ព្រាប សុវត្ថិ នៅតែរីករាយទោះគ្មានបទភ្ជុំបិណ្ឌ

អតីតតារាចម្រៀងហង្សមាសលោកព្រាប សុវត្ថិ ដែលត្រូវបានគេគិតថាលោក​នឹង​មិន​សប្បាយចិត្តព្រោះតែឆ្នាំនេះគ្មានបទចេញសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខណៈដែលលោកខេម ប៊ុនថៃ បានសម្រុកវាយលុកបទប្រពៃណីខ្មែរធ្វើឲ្យលោកសុវត្ថិ ប្រឈមពិបាកទប់លំនឹងនោះ ស្រាប់តែនៅថ្ងៃទី២ខែតុលា លោកស្នាយ នៅតែបញ្ចេញស្នាមញញឹមជាមួយថៅ​កែGalaxy​ដោយ​ថែម​ទាំងទៅធ្វើម្ហូបនៅកណ្ដាលព្រៃភ្នំជាមួយម្ចាស់ផលិត​កម្មរបស់ខ្លួនទៀតផង ដែល​នេះ​បញ្ជា​ក់ថា​ក្រោយចេញពីហង្សមាសជាង១ឆ្នាំព្រាប សុវត្ថិ មានការប្រែប្រួលស្ទើតែទាំង​ស្រុងនោះគឺ​លោក​បានធ្វើនូវអ្វីដែលចង់។

ចំពោះទំនាក់ទំនងរវាងព្រាប សុវត្ថិ និងថៅ​កែ​Galaxyក៍ស្ទើ​តែ​ដូច​​បងប្អូនទៅហើយ ស្របពេលដែលព្រាប សុវត្ថិ ធ្លាប់និយាយថាលោក​ពេញចិត្តថៅ​កែថ្មីព្រោះតែ​មានប្រវត្តិតស៊ូដូចរូបលោក​ដែរ។យ៉ាងណាមជ្ឈដ្ឋានមហាជន​ជាច្រើននៅតែលើកឡើងថាកេរ្ដិ៍ឈ្មោះរបស់ព្រាប សុវត្ថិ ពេលទៅដល់Galaxyនេះ​មិន​ដូច​នៅហង្ស​មាសនោះទេ​ពោល​គឺអ្នកនិយមស្ដាប់និងច្រៀងបទចម្រៀងរបស់​លោកពីមុនភាគ​ច្រើនគឺស្គាល់តែបទ​លោក​នៅហង្សមាស ចំពោះការទៅGalaxyពួកគេមិនចាំថាព្រាប សុវត្ថិ បានចេញបទអីខ្លះ​ឬល្បីប៉ុន្មានបទឡើយ។

លោកជំនាញធ្វើភ្លេង(Composer)នៅហង្សមាសម្នាក់បាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថាគ្រប់គ្នាអាចមើលដឹងថាបទចម្រៀងរបស់ព្រាប សុវត្ថិ នៅហង្សមាស​និងGalaxy​មួយ​ណាត្រូវបានគេនិយមជាងគឺនៅពេលដែលមានការប្រលងចម្រៀងកម្មវិធីធំៗបើគេយកបទលោក​ទៅច្រៀងនៅGalaxyច្រើនមានន័យថាព្រាប សុវត្ថិ នៅតែខ្លាំង ។ប៉ុន្ដែបើគេនៅតែយក​បទព្រាប សុវត្ថិ ច្រៀងនៅហង្សមាសនោះបញ្ជាក់ថាព្រាប សុវត្ថិ នៅល្បីដោយសារតែកេរ្ដិ៍​ឈ្មោះពី​មុន​មកទេ ។

ព្រាប សុវត្ថិ ច្រៀងជាង២៣ឆ្នាំមក​ហើយដែលឆ្នាំនេះអាចជារដូវកាល​ដំបូងសម្រាប់​អាជីព​ចម្រៀងរបស់លោកដែលគ្មាន​បទសម្រាប់ពិធីបុណ្យភ្ជុំបុណ្ឌហើយអ្នកចាត់ការ​ទូទៅ​របស់​Galaxyលោកយឹម តាស្រង់ លើកឡើងថាផលិតកម្មមួយនេះផ្អាក​ធ្វើបទប្រពៃណីមួយ​អន្លើ​សិន ដើម្បីស្វែងរកអ្វីៗដែលថ្មីៗ។

យ៉ាងណានេះគ្រាន់តែជាឆ្នាំដំបូងដែលព្រាប សុវត្ថិ ឈជើងនៅGalaxy​គឺនៅសល់​កុង​ត្រាជិត៤ឆ្នាំទៀត ហេតុនេះហើយគេមិនទាន់អាចសន្និដ្ឋានបានទេតើព្រាប សុវត្ថិ ចេញពី​ហង្ស​មាសចូលផលិតកម្មថ្មីនេះខុសឬត្រូវនោះ។តែប្រសិនបើព្រាប សុវត្ថិ លែងល្បីខ្លាំង​ដូចមុន​ទៀត​​ក៍​តារាវ័យ៤៦ឆ្នាំរូបនេះក្លាយ​ទៅជាតារាមានទ្រព្យស្ដុករួចជាស្រេច​ទៅហើយ​ព្រោះតែ​កាលពីចុងខែកញ្ញាឆ្នាំ២០២០ មនុស្សជំនិតបំផុតជាមួយព្រាប សុវត្ថិ ទម្លាយប្រាប់​អ្នក​កា​សែត​ថា​តារា​ចម្រៀ​ងកូន៣រូបនេះសល់ទ្រព្យចំនួន៣០លានដុល្លារ៕

RELATED ARTICLES