អ៊ីវ៉ា បានផ្ដាច់ស្នេហ៍ចាស់ជាមួយលោកថៅកែក្លឹបនិងហាងបញ្ចាំលោក”ប”នៅក្រុងសៀមរាបជាង៧ឆ្នាំមកហើយព្រោះតែបុរសទ្រព្យស្ដុកនោះប្រចណ្ឌនិងហួងហែងនាងខ្លាំងពេកទើបធ្វើឲ្យអ៊ីវ៉ា ខកខានធ្វើប្អូនថ្លៃលោកផ្កាយ៣ម្នាក់។ទោះជាយ៉ាងណាអ៊ីវ៉ា ប្រាប់ថានៅឆ្នាំ២០២៣ខាងមុខនេះចំពេលនាងមានអាយុគម្រប់អាយុ៣០ឆ្នាំនោះនាងអាចនឹងគិតគូរឿងរៀបការហើយមិនបណ្ដោយឲ្យឆ្លងទៅអាយុច្រើនជាងនេះទេ។ប៉ុន្ដែនៅពេលដែលអ្នកយកព័តមានយើងសាកសួររឿងគូស្នេហ៍ថ្មីនោះអ៊ីវ៉ា ព្យាយាមលាក់ដោយថាមិនទាន់ច្បាស់លាស់ទៅវិញតែនាងសារភាពថាពិតជាមានបុរសទាំងក្នុងនិងក្រៅស្រុកធ្លាប់តាមសុំស្នេហ៍មែន មិនអត់នោះទេ…។



ទោះជាអ៊ីវ៉ា មិនព្រមបង្ហាញអត្តសញ្ញាណគូស្នេហ៍ថ្មីមែន តែការត្រៀមខ្លួនគ្រងឈុតកូនក្រមុំរបស់នាងប្រាកដជាធ្វើឲ្យឪពុកនាងលោកអ៊ូ វ៉ាវ សប្បាយចិត្តជាមិនខានព្រោះលោកវ៉ាវ ហៅចន្ថា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកមិនចង់ឲ្យកូនស្រីទុកភាពនៅលីវតទៅទៀតនោះទេ ព្រោះលោកយល់ថាជីវិតមនុស្សយើងប្រៀបបានផ្កាអីចឹងរីកហើយក៍រោយទៅវិញហេតុនេះបើនៅមិនទាន់យកគូច្រើនឆ្នាំពេកខាតតែពេលវេលា។លោកថាមិនបារម្ភចំពោះកូនស្រីថាមានប្ដីទៅការងារសិល្បៈធ្លាក់ចុះឬមិនសូវមានគេគាំទ្រនោះទេព្រោះតារានៅលើសម្ថភាពហើយមហាជនគាំទ្រតារាមិនមែនរឿងថានៅលីវឬមានគ្រួសារហើយនោះឡើយ។លោកបន្ថែមថាបើអ៊ីវ៉ា ឆាប់មានគ្រួសារទៅអាចជំនួសដៃជើងលោកបានជាពិសេសគឺការបើករថយន្ដជូននាងទៅច្រៀងតាមឆាកតន្រ្ដីហើយលោកអាចសម្រាកនៅផ្ទះបានច្រើនជាងមុន។



ក្រៅពីជម្រុញឲ្យអ៊ីវ៉ា ឆាប់យកប្ដីនោះលោកអ៊ូ វ៉ាវ ថែមទាំងផ្ដល់ល័ក្ខខណ្ឌងាយៗដល់អនាគតកូនប្រសសាររបស់លោកដូចជាមិនប្រកាន់វណ្ណៈនោះទេ ប៉ុន្ដែជំហរបស់លោកនៅរក្សារដដែលនោះគឺរឿង”ប្ដីគេ”ផ្ទះរបស់លោកមិនស្វាគមន៍ជាដាច់ខាតទោះជាមហាសេដ្ឋីក៍ដោយគឺមិនឲ្យចូលផ្ទះលោកតែម្ដង។យ៉ាងណាលោកវ៉ាវ បន្ថែមថាលោកនៅតែទុកសិទ្ធិទៅឲ្យកូនស្រីជ្រើសរើសគូស្រកដូចមុនដដែលពោលគឺ៦០%ឲ្យកូនជាអ្នកសម្រេចចិត្ត ហើយ៤០%លោកមើលតាមក្រោយកូន។



អ៊ីវ៉ា ចាប់អាជីពចម្រៀងជាង១០ឆ្នាំនាងមិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហាធ្ងន់ធ្ងរឡើយគឺទើបតែនៅថ្ងៃទី១០សីហា តារាសាន់ដេរូបនេះត្រូវនារីម្នាក់ដែលមានអាខោនហ្វេសបុកឈ្មោះAh July បានជេនាងនិងឪពុកដោយព្រមានធ្ងន់ៗទៀតផងទើបធ្វើឲ្យផ្អើលពេញបណ្ដាញសង្គម។ប៉ុន្ដែក្រោយអ៊ីវ៉ា បានជូនដំណឹងទៅអាជ្ញាធរខេត្តកំពង់ស្ពឺ និងព្រមានប្ដឹងស្រ្ដីរូបនោះប្រសិនបើនាងមិនបញ្ឈប់សកម្មភាពជេប្រទេចមកលើនាងនោះទើបធ្វើឲ្យរឿងរ៉ាវនេះស្ងាត់ទៅវិញ ហើយអ៊ីវ៉ា ចេញច្រៀងសម្ដែងជាធម្មតាមិនខ្លាចពីសុវត្ថិភាពនោះទេ ព្រោះតាំងពីចាប់ក្បាលមីក្រូច្រៀងរហូតមកដល់ពេលនេះនាងត្រូវបានឪពុកតាមការពារជាប់គ្រប់ជំហ៊ានតែម្ដង។


គេកត់សម្គាល់ថានៅរដូវកូវីដនេះអ៊ីវ៉ា បន្ដចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីជាធម្មតាមិនផ្អាកដូចតារាមួយចំនួនទេ តែនាងពាក់ម៉ាសក៍ជាប្រចាំដើម្បីការពារកូវីដ។អ្វីដែលគូរឲ្យចាប់អារម្មណ៍ស្រីស្រស់សាច់សខ្ចីរូបនេះមិនត្រឹមតែគ្មានវិបត្តិសេដ្ឋកិច្ចឡើយ តែពេលនេះនាងក៍ចាប់ផ្ដើមងាកមកលេងម៉ូដរថយន្ដជាងមុនផងដែរដោយជិះរថយន្ដទំនើប៣គ្រឿងឆ្លាស់គ្នាគឺFord, Starex និងLexus Rx330 ។ប៉ុន្ដែក្នុងជំនួបផ្ទាល់កន្លងមកនៅពេលសាកសួរអ៊ីវ៉ា ថាមានផែនការណ៍ទិញLexus Lx570 ឬRange Rover ដែល១គ្រឿងតម្លៃជាង២០ម៉ឺនដុល្លារឬអត់នោះអ៊ីវ៉ា ថានាងធ្វើអ្វីទៅតាមលទ្ធភាពហើយក៍គ្មានបំណងទៅប្រកួតប្រជែងជាមួយអ្នកណាដែរ។


ទស្សនិកជនរងចាំមើលថាតើកូនកំលោះរបស់អ៊ីវ៉ា ដែលនាងចង់លាភានៅលីវនៅឆ្នាំ២០២៣ ខាងមុខនេះជាប្រុសចាស់ឬក្មេង?ខណៈដែលពេលនេះនាងព្យាយាមលាក់បាំងអនាគតប្ដីជិតឈឹង៕ ហ៊ឹម វិចិត្រ


