តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានបណ្ដើរភរិយាចូលរួមខួបកំណើតគម្រប់វ័យ១៨ឆ្នាំប្អូនជីទួតមួយរបស់ខ្លួនគឺកញ្ញាអ៊ិត ជូលីណា កាលពីរាត្រីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១ ហើយលោកប៊ុនថៃ បានព្យាយាមលើកទឹកចិត្តស្រីស្រស់ជូលីណា ឲ្យខិតខំប្រឹងប្រែងបន្ដអាជីពចម្រៀងតទៅមុខទៀតតាមរយៈសារ”ជូនពរប្អូនស្រីអ៊ិត ជូលីណា គិតអ្វីបានសម្រេចដូចក្ដីប្រាថ្នា”។ចំណែកកញ្ញាជូលីណា មានអារម្មណ៍រំភើបដែលឃើញសិរីមន្ដ និងប្រពន្ធចូលរួមថ្ងៃពិសេសរបស់នាងដោយតារាស្រអែមស្រស់រូបនេះវាចារថា”អរគុណសម្រាប់ថ្ងៃនេះបងប្រុសបងស្រីសម្លាញ់ចិត្តអូន”។


ជាញឹកញាប់គេតែងតែឃើញលោកខេម ប៊ុនថៃ បានបង្ហាញសកម្មភាពគាំទ្រកញ្ញាអ៊ិត ជូលីណា ទាំងនាងច្រៀងសម្ដែងនៅលើឆាកតន្រ្ដីនិងថតMVរបស់ខ្លួនពិសេសគឺនៅពេលដែលជូលីណា ច្រៀងCoverបទរបស់ខេមរៈ ស្រីពៅ នោះរហូតមានព័តមានថាលោកប៊ុនថៃ ចង់ឲ្យប្អូនជីទួតមួយរូបនេះស្នងតំណែងប្អូនស្រីពៅ របស់លោកដែលបានលាចាកលោកជាង២ឆ្នាំទៅហើយតែសិរីមន្ដ នៅតែអាលោះអាល័យប្អូនស្រីជាប់ជានិច្ចរហូតធ្វើរូបសំណាករបស់នាងតាំងមុខផ្ទះឪពុកម្ដាយរបស់លោកនៅស្រុកកំណើតភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នោះទៀតផង។



ចំពោះកញ្ញាអ៊ិត ជូលីណា វិញត្រូវបានទស្សនិកជនលើកឡើងថានាងមានទឹកដមសម្លេងស្រដៀងគ្នានិងខេមរៈ ស្រីពៅ ដែរ ប៉ុន្ដែបើលោកប៊ុនថៃ ពិតជាចង់លើកស្ទួយឲ្យនាងបានល្បីឈ្មោះក្នុងពិភពសិល្បៈហើយត្រូវគេស្គាល់ឈ្មោះរហ័សនោះលុះត្រាតែលោកចេញបទចម្រៀងច្រៀងឆ្លងឆ្លើយជាមួយនាងមួយនាងហើយទោះជានៅក្រៅហង្សមាសក៍ធ្វើឲ្យគេចាប់អារម្មណ៍ទៅលើជូលីណា ដែរព្រោះថាលោកប៊ុនថៃ ជាតារាល្បីឈ្មោះស្រាប់។



មហាជនកត់សម្គាល់ដែរថាលោកខេម ប៊ុនថៃ មិនមែនគាំទ្រនិងលើកទឹកចិត្តឲ្យក្មួយជីទួតមួយរបស់លោកអ៊ិត ជូលីណា ឲ្យចាប់អាជីពចម្រៀងនោះទេ ប៉ុន្ដែថ្មីនេះសិរីមន្ដ បានសណ្ដោងក្មួយស្រី២នាក់ផ្សេងទៀតឲ្យចាប់អាជីពជាតារាសម្ដែងតាមរយៈការថតMVបទល្បីៗរបស់លោកជាបន្ដបន្ទាប់នោះគឺនាងDenny និងហេង បញ្ញា ។អ្វីដែលលោកប៊ុនថៃ ធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺតារាកូន៣រូបនេះបានលើកភរិយារបស់លោកអ្នកនាងគួយ ផល្លី ឲ្យក្លាយទៅជាអ្នកដឹកនាំសម្ដែងMV និងជាជំនួយការផ្ទាល់របស់លោកតែម្ដងទើបពេលនេះអ្នកនាងផល្លី កាន់តែមានឱកាសស៊កក្មួយៗឲ្យថតសម្ដែងជាមួយលោកប៊ុនថៃ កាន់តែច្រើន៕

