ការក្សារកេរ្ដិ៍ឈ្មោះបានរយៈពេល២៣ឆ្នាំរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ព្រោះតែលោកអាចច្រៀងបានគ្រប់ទម្រង់ ពិសេសគឺបទដែលស្រែកខ្ពស់ៗបំផុតដែលហង្សមាសផលិតឲ្យច្រៀងរាប់រយបទមកហើយ។ប៉ុន្ដែការទៅជ្រកនៅGalaxyរយៈពេល១ឆ្នាំគត់កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នោះព្រាប សុវត្ថិ នៅមិនទាន់មានបទចម្រៀងមួយណាដែលប្រើសម្លេងខ្ពស់បំផុតដូចអំឡុងលោកច្រៀងនៅហង្សមាសឡើយ ជាហេតុធ្វើឲ្យមានការលើកឡើងពីសំណាក់អ្នកគាំទ្ររបស់តារាវ័យ៤៦ឆ្នាំនេះថាព្រាប សុវត្ថិ មិនទាន់បញ្ចេញសម្ថភាពអស់ទេព្រោះម៉ារយៈមុននេះលោករវល់តែច្រៀងផ្ដោះផ្ដងជាមួយច័ន្ទសីម៉ា ច្រើនពេក។



តារាភាពយន្ដជើងចាស់អ្នកស្រីឌី សាវ៉េត ធ្លាប់ប្រាប់តាមទូរស័ព្ទថាអ្នកស្រីសរសើរហង្សមាសដែលកន្លងមកធ្វើបទចម្រៀងឲ្យព្រាប សុវត្ថិ ច្រៀងត្រូវនិងសម្លេងរបស់លោកតែម្ដងទើបធ្វើឲ្យព្រាប សុវត្ថិ ល្បីល្បាញរហូតមកដល់បច្ចុប្បន្ន។តែអ្នកស្រីសាវ៉េត ថាតាំងពីព្រាប សុវត្ថិ ចូលផលិតកម្មថ្មី(Galaxy)មកអ្នកស្រីផ្ទាល់មិនទាន់បានស្ដាប់បទអតីតតារាហង្សមាសរូបនេះ១បទឡើយ ហេតុនេះហើយមិនអាចធ្វើការសន្និដ្ឋានពីគុណភាពបទចុងក្រោយរបស់តារាជើងខ្លាំងម្នាក់នេះឡើយ។



ចំណែកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសបានទទួលស្គាល់ថាលោកក៍មិនទាន់ឃើញព្រាប សុវត្ថិ ច្រៀងបទខ្ពស់បំផុតដូចមុនដែរ។តែលោកថាការផលិតបទចម្រៀងទៅតាមទីផ្សារអ្នកស្ដាប់ហើយនោះគឺគោលការណ៍របស់Galaxy ខណៈដែលលោកជឿរជាក់ថាទោះជាពេលនេះព្រាប សុវត្ថិ វ័យជិត៥០ឆ្នាំក្ដី ប៉ុន្ដែសម្លេងរបស់លោកនៅតែអាចច្រៀងបទខ្ពស់ៗបាននៅឡើយ។



ព្រាប សុវត្ថិ តាំងពីចីលGalaxyជាង១ឆ្នាំនេះលោកមានដៃគូចម្រៀងឆ្លងឆ្លើយតែជាមួយស្រីស្រស់តន់ ច័ន្ទសីម៉ា ម្នាក់គត់ដែលខុសពីពេលដែលលោកច្រៀងនៅហង្សមាសសម្បូរទៅដោយបុប្ផាចម្រុះព័ណ។ទោះជាយ៉ាងណាលោកនូ ស៊ឹប ថាក្រោយព្រាប សុវត្ថិ ប្ដូរផលិតកម្មច្រៀងជាង១ឆ្នាំនេះលោកស្នាយ មិនទាន់ធ្លាក់ចុះឡើយគឺនៅតែជាតារាប្រុសដែលមិនទាន់មានអ្នកណាប្រជែងឈ្នះ៕


