ឱក សុគន្ធកញ្ញា បានត្រៀមថតភាពយន្ដខ្នាតធំជាលើកដំបូងឲ្យហង្សមាសដែលជាផលិតកម្មរបស់បងថ្លៃនាងហើយតាមព័តមានថា តារាកូន១នឹងចាប់ដៃជាមួយលោកខេម ប៊ុនថៃ ទៀតផង បន្ទាប់ពីសុគន្ធកញ្ញា បានអាកខានថតរឿង”ខ្ញុំមានញាណលើស “ដែលពេលនោះនាងពពោះហើយត្រូវជំនួសដោយសុខ ស្រីនាង ។ប៉ុន្ដែក្រោយសម្រាលកូនបានជាង១ឆ្នាំ៩ខែនេះសុគន្ធកញ្ញា ប្រឹងសម្រកគីឡូនិងថែរាងឲ្យស្វែលមកវិញដើម្បីវាយលុកទីផ្សារសិល្បៈសាជាថ្មីនឹងត្រៀមថតកុនជាលើកដំបូងផងដែរ។



តែអ្នកដឹកនាំភាពយន្ដម្នាក់របស់ហង្សមាសបានបង្ហើបប្រាប់ថាសុគន្ធកញ្ញា អាចថតភាពយន្ដបានទាល់តែនាងមានការអនុញ្ញាត្តិពីស្វាមីនាងលោកអ៊ឹង សុខលី សិនទើបអាចទៅរួច។Director រូបនោះថាការថតរឿងមិនមែនដូចខារ៉ាអូខេទេប្លង់ខ្លះដាច់យប់អីចឹងមិនដឹងថាលោកសុខលី ឲ្យថតឬអត់នោះទេព្រោះពេលនេះមើលទៅសុគន្ធកញ្ញា ផ្ដោតលើការមើលថែកូននិងធ្វើជាស្រី្ដមេផ្ទះមួយផ្នែកដែរ។



អ្នកស្រីឌី សាវ៉េត តារាភាពយន្ដជើងចាស់ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាឱក សុគន្ធកញ្ញា អាចសម្ដែងជាតួឯកក្នុងភាពយន្ដបានព្រោះមានទេពកោសល្យសិល្បៈល្អហើយនាងជាតារាម្នាក់ដែលចេះគោរពចាស់ទុំរៀមច្បងក្នុងសិល្បៈទៀតផង។អ្នកស្រីសាវ៉េត ថែមទាំងថាសុគន្ធកញ្ញា ជាតារាដែលមានសំណាងក្រោយក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាសដែលជាក្រុមហ៊ុនបណ្ដុំទៅដោយសិល្បៈជាច្រើនទម្រង់។



ឱក សុគន្ធកញ្ញា ក្រោយមានស្វាមីជាង២ឆ្នាំនេះជីវិតនាងពោពេញទៅដោយក្ដីសុខព្រោះនៅហង្សមាសនាងជាតារាមានឥទ្ធិពលជាងគេហើយប្ដីនាងលោកសុខលី តែងតែហៅនាងថាជាឧត្តមភរិយាពេញៗមាត់តែម្ដង។ទោះជាយ៉ាងណាមានពេលខ្លះសុគន្ធកញ្ញា ក៍ធ្លាប់បង្ហាញទឹកមុខបែបស្រងូតស្រងាត់ផងដែរទើបធ្វើឲ្យគេសង្ស័យថានាងបារម្ភស្វាមីត្រូវស្រីផ្សេងតាមស្នេហ៍ព្រោះនៅក្នុងសិល្បៈអ្នកណាៗក៍ធ្លាប់ដឹងថាប្ដីកញ្ញា ជាបុរសម្នាក់ដែលមានមន្ដស្នេហ៍មិនធម្មតានោះទេព្រោះលោកបានប៉ៈស្នេហ៍ជាមួយតារាជាច្រើនដួងមកហើយមុនក្លាយទៅជាប្ដីស្របច្បាប់របស់សុគន្ធកញ្ញា ៕


