Tuesday, June 24, 2025
Homeតារាខ្មែរតារាល្បី ៣ដួង ផ្អាកការឡើងឆាក

តារាល្បី ៣ដួង ផ្អាកការឡើងឆាក

នៅរដូវកូវីដនេះទាំងតារាចម្រៀងនិងសម្ដែងធ្លាក់ប្រាក់ចំណូលដូចគ្នាហើយតារាខ្លះបានងាកទៅបង្កើតមុខរបរថ្មីរៀងៗខ្លួនដើម្បីទប់ទល់វិបត្តិសេដ្ឋកិច្ច។យ៉ាងណាតារាល្បីៗជាច្រើនដួងបានវិលត្រឡប់មករកឆាកតន្រ្ដីតាមស្ថានីយ៍ទូរទស្សន៍វិញហើយទោះជាពេលនេះមិនទាន់ស្ងាត់កូវីដក្ដី តែក្នុងនោះគេកត់សម្គាល់ឃើញថាមានតារាចម្រៀង៣ដួងបានផ្អាកឡើងច្រៀងសម្ដែងតាមឆាកជាច្រើនខែមកហើយនឹងមិនកំណត់ថាវិលមកកាន់ក្បាលមីក្រូវិញនៅពេលណានោះទេ។

១៖ព្រាប សុវត្ថិៈតារាចម្រៀងGalaxyរូបនេះបានផ្អាកការឡើងច្រៀងរាំតាមបណ្ដារឆាកតន្រ្ដីនៅតាមប៉ុស្ដិ៍ទូរទស្សន៍ជាច្រើនខែពោលគឺតាំងពីផ្ទុះកូវីដមកគេឃើញព្រាប សុវត្ថិ ផ្ដោតលើការពង្រឹងអាជីវកម្មនៅក្រៅសិល្បៈដូចជាភោជនីយដ្ឋានផ្ទះព្រាប សុវត្ថិ ដែលមានទីតាំងនៅភូមិច្រេស សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងការបើកResort នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌុលគិរី ច្រើនជាងការគិតវិលមករកឆាកតន្រ្ដី។មិនត្រឹមតែព្រាប សុវត្ថិ នោះទេពោលគឺកូនៗរបស់លោកទាំង៣ក៍មិនដែលឃើញឡើងច្រៀងរាំដែរនៅរដូវកូវីដនេះដែរ។ចំពោះព្រាប សុវត្ថិ តាំងពីចេញពីហង្សមាសចូលGalaxyជិត១ឆ្នាំនេះត្រូវបានអ្នកជំនាញសិល្បៈលោកនូ ស៊ឹប លើកឡើងថាលោកមិនធ្លាក់ចុះនោះទេទោះជាទ្រនុំថ្មីនេះមានដៃគូតារាចម្រៀងស្រីឲ្យលោកច្រៀងឆ្លងឆ្លើយតែជាមួយនាងតន់ ច័ន្ទសីម៉ា ម្នាក់ក្ដី។

២៖ខេមរៈ សិរីមន្ដៈលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ក៍បាត់មុខពីការឡើងច្រៀងសម្ដែងតាមឆាកតន្រ្ដីជាយូខែមកហើយដែរដោយលោកធ្លាប់ប្រាប់អ្នកយកព័តមានយើងថាស្ថានីយ៍ទូរទស្សន៍ហង្សមាសចង់ឲ្យលោកឡើងច្រៀងនៅប៉ុស្ដិ៍ជារៀងរាល់សប្ដាហ៍តែលោកបានសុំអ្នកគ្រប់គ្រងកម្មវិធីសិល្បៈថាលោកផ្អាកមួយរយៈសិន។ថ្វីត្បិតតែលោកប៊ុនថៃ មិនទាន់ហ៊ានឡើងឆាកទូរទស្សន៍អំឡុងកូវីដក្ដី ប៉ុន្ដែលោកចេញថតស្ពតនិងMVជាធម្មតា តែមានការប្រយ័ត្នខ្ពស់បំផុតក្នុងការទប់ស្កាត់កូវីដ ខណៈដែលភរិយាលោកអ្នកនាងគួយ ផល្លី និងបងប្រុសនាងលោកខេមរៈ ភារុណ ដែលជាជំនួយការផ្ទាល់លោកប៊ុនថៃ នោះតែងតែតាមប្រឹក្សារជាមួយតារាកូន៣រូបនេះជាប់ជានិច្ចទាំងទាក់ទងការផលិតបទចម្រៀងនិងការងារក្រៅសិល្បៈ។

៣៖សុខ ពិសីៈតារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះក៍បានផ្អាកការឡើងច្រៀងសម្ដែងតាមឆាកតន្រ្ដីជាង៤ខែទៅហើយព្រោះតែកូវីដនេះ។ពិសី បានប្រាប់អ្នកយកព័តមានយើងថានាងមិនទាន់ហ៊ានកំណត់ពេលវេលានៃការឡើងច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍វិញទេ ហើយកន្លងមកមានអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីបានហៅនាងឡើងច្រៀងសឹងគ្រប់ប៉ុស្ដិ៍ដែរ តែនាងមានតែការសុំអធ្យាស្រ័យពីបងៗព្រោះរងចាំឲ្យស្ងាត់កូវីដជាងនេះទើបនាងវិលវិញ។ពិសី ក៍បានឲ្យដឹងថាទោះជាពេលនេះនាងមិនមមាញឹកទៅលើការងារសិល្បៈដូចមុនមែន តែនាងក៍រវល់ច្រើនទៅលើការមើលខុសត្រូវនៅហាងតែគុជរបស់នាងនិងការលក់ផលិតផលCollagen តាមOnline៕ ហ៊ឹម វិចិត្រ

RELATED ARTICLES