Monday, June 23, 2025
Homeតារាខ្មែរយក់ ថិតរដ្ឋា គាំងគម្រោងធំ

យក់ ថិតរដ្ឋា គាំងគម្រោងធំ

តារាចម្រៀងថោន យក់ ថិតរដ្ឋា បានជាប់គាំងគម្រោងចង់ចាប់ដៃច្រៀងឆ្លងឆ្លើយជាមួយតារាចម្រៀងហង្សមាសសពេជ្រ សោភា បន្ទាប់ពីនាងបានប្រកាសបំណងមួយនេះតាំងពីខែមិថុនាឆ្នាំ២០២០ម្លេះតែរហូតដល់ពេលនេះត្រូវបានជាប់គាំងទ្រឹងចេញមិនរួចឡើយដែលបញ្ហាចោទត្រូវបានគេលើកឡើងថាបណ្ដាលមកពីអ្នកចម្រៀងទាំងពីរដួងច្រៀងនៅផលិតកម្មផ្សេងគ្នា។ទោះជាយ៉ាងថិតរដ្ឋា-សោភា បាននិយាយគ្នាច្បាស់លាស់អស់ទៅហើយដោយពួកគេចង់បន្សល់ស្នាដៃរួមគ្នាព្រោះថាវ័យរបស់តារាទាំងពីរក៍កាន់តែច្រើនហើយដែរ។

យ៉ាងណាបទចម្រៀងរវាងថិតរដ្ឋា និងសោភា អាចច្រៀងឆ្លងឆ្លើយគ្នាទៅរួចបានគឺចេញនៅក្រៅហង្សមាសនិងថោន ខណៈដែលសោភា វិញធ្លាប់និយាយថាអំឡុងពេលដែលនាងច្រៀងនៅតាមភោជនីយដ្ឋាននិងក្លឹបមុនពេលចូលហង្សមាសនោះនាងច្រៀងតែបទថិតរដ្ឋា ច្រើនជាងគេ។

យក់ ថិតរដ្ឋា នៅតែជាតារាចម្រៀងថោន ហើយគេសង្កេតឃើញថាទោះជាមាស សុខសោភា ដែលជាតារាជើងខ្លាំងចាកចេញពីទ្រនុំនេះក្ដីក៍ថិតរដ្ឋា នៅតែពិបាកដណ្ដើមភាពលេចធ្លោក្នុងអាជីពគឺដូចគ្នាទៅនិងឈិត សុវណ្ណបញ្ញា ដែរ។ប៉ុន្ដែតារាកូន៣រូបនេះមិនផ្ដោតលើអាជីពចម្រៀងជាធំឡើយព្រោះពេលនេះនាងបានងាកទៅរកស៊ីផ្នែកអចលនទ្រព្យជាមួយស្វាមីនាងលោកឃុំ ប៉ុណ្ណាដែត ហេតុនេះហើយការច្រៀងសម្ដែងនាងគ្រាន់តែនៅបន្ដដោយសារចិត្តស្រលាញ់ប៉ុណ្ណោះ។

តារាវ័យ៣៨ឆ្នាំរូបនេះបានចាប់ដៃលោកឃុំ ប៉ុណ្ណាដែត ជាង១៥ឆ្នាំដែលពេលនេះទទួលបានចំណងដៃកូន៣នាក់(ស្រី១)គឺកូនទី១ប្រុសឈ្មោះឃុំ រដ្ឋាណាលីដូ អាយុជាង១៣ឆ្នាំ ,កូនទី២ប្រុសឈ្មោះឃុំ រដ្ឋាណាលីឌី អាយុជាង៥ឆ្នាំ និងកូនទី៣ស្រីឈ្មោះឃុំ រដ្ឋាណាតាលី អាយុជាង៧ខែ។

គូស្នេហ៍តារា១គូនេះមានទ្រព្យច្រើនរហូតរដ្ឋា ប្រាប់អ្នកយកព័តមានយើងថានាងមិនចាំថាមានផ្ទះប៉ុន្មាននោះទេព្រោះមាននៅកន្លែងផ្សេងគ្នា ហើយពេលនេះគេឃើញនាងជិះរថយន្ដទំនើប៣គ្រឿងឆ្លាស់គ្នាគឺLexus Lx570,Range Rover និងAlphard។រដ្ឋា ថានាងគ្មានគម្រោងយកកូនទី៤ឡើយព្រោះការសម្រាលកូនទាំង៣លើករបសនាងសុទ្ធតែឆ្លងកាត់ការវះកាត់ទាំងអស់ ហេតុនេះហើយស្ថានភាពសុខភាពរបស់នាងមិនអំណោយផលសម្រាប់ការយកកូនថែមទេហើយការមានកូនប្រុស២ស្រី១នេះសម្រាប់គ្រួសារនាងគ្រប់គ្រាន់៕

RELATED ARTICLES