លោកប៉ុន សុណារិន ហៅខេម បានទៅលេងផ្ទះគូស្នេហ៍នៅប្រទេសបារាំងរយៈពេលជាង២សប្ដាហ៍ហើយដើម្បីដើរកម្សាន្ដនិងសាងអនុស្សារីយ៍ឲ្យកាន់តែច្រើនថែមទៀតបន្ទាប់ពីពួកគេបានចាប់ដៃគ្នា៥ឆ្នាំមក។អ្វីដែលគូរឲ្យចាប់អារម្មណ៍លោកខេម ចាប់ផ្ដើមហ៊ានកៀកកើយជាចំហអ្នកនាងស្រីកា នៅបារាំងជាលើកដំបូងព្រមទាំងបង្អួតតាមបណ្ដាញសង្គមទៀតផង ខណៈអំឡុងពេលនៅក្នុងស្រុកលោកមិនហ៊ានបណ្ដើរអនាគតភរិយាឬឈជាមួយគ្នាឲ្យអ្នកកាសែតថតនោះទេ។



ការប្រែប្រួលរបស់ខេម នៅពេលនេះក្រោយពីតារាចម្រៀងល្បីៗជាច្រើនបាននាំគ្នាបង្ហាញមុខប្រពន្ធកូនជាសាធារណៈកាន់តែច្រើននៅរយៈពេលចុងក្រោយនេះ ហើយចំពេលដែលមានគេសរសើរថាប្រពន្ធខេម ស្អាតមិនចាញ់តារាពេលដែលអ្នកនាងស្រីកា ទៅបង្ហាញខ្លួនថ្ងៃសម្ពោធហាងខេម កាលពីដើមឆ្នាំ២០២១ នោះធ្វើឲ្យខេម សប្បាយចិត្តហើយចាប់ផ្ដើមបញ្ចេញមុខគូស្នេហ៍ដូចមិត្តរួមអាជីពដែរហើយបើទោះជាពេលនេះខេម និងអ្នកនាងស្រីកា មិនទាន់បានដឹកដៃគ្នាចូលរោងការក្ដី។



ខេម មិនទាន់កំណត់ពេលវេលានៃការដឹកដៃកំពូលស្នេហ៍ចូលស្រុកវិញទេ ប៉ុន្ដែមុនផ្ទុះកូវីដលោកតែងតែនាំម្ចាស់ចិត្តទៅដើរលេងនៅបារាំងរយៈពេល១ខែឡើងទើបវិលវិញ។ដោយឡែកការទៅលើកនេះខេម អាចនឹងបន្ដនៅយូជាងរាល់លើកព្រោះថាលោកមិនមានការរវល់ច្រើនក្នុងការច្រៀងសម្ដែងនៅក្នុងស្រុកនោះទេដោយសារតែបណ្ដារConcerts នៅតាមខេត្តទាំងឡាយត្រូវបានផ្អាកព្រោះតែកូវីដ។ប៉ុន្ដែខេម មិនជួបវិបត្តិសេដ្ឋកិច្ចឡើយព្រោះថាការចុះកុងត្រានៅGalaxy ខេម ទទួលបានប្រាក់ខែយ៉ាងទៀតទាត់បើទោះជាមិនខ្ពស់ដូចកំពូលតារាចម្រៀងព្រាប សុវត្ថិ ក្ដីក៍គេជឿរថាប្រាក់ខែលោកក៍មិនតិចតួចដែរ។



ខេម ធ្លាប់ប្រាប់អ្នកកាសែតថាលោកមិនទាន់មានគម្រោងគិតគូរឿងរៀបការជាមួយសង្សារស្រីកា នោះទេ ប៉ុន្ដែតាមចិត្តលោកចង់ប្រើពេលពី២ទៅ៣ឆ្នាំទៀតអាចនឹងរៀបការបានដូចមិត្តភក្ដិដែរហើយ៕


