តារាចម្រៀងសាន់ដេនាងចេង ស្រីនិច្ច ហៅវីរៈ និច្ច រកបានម្ចាស់ស្នេហ៍ពិតហើយតាមរយៈការភ្ជាប់ពាក្យជាមួយបុរសម្នាក់ដែលមានអាខោនហ្វេសបុកឈ្មោះថាKheiv Pich ជាថៅកែផ្ទះសំណាក់អង្គរពេជ្រ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០២១។ការមានគូដណ្ដឹងជាផ្លូវការនេះធ្វើឲ្យនាងវីរៈ និច្ច ស្រាលខ្លួនរឿងដែលគេសង្ស័យថាតារាសាច់សខ្ចីរូបនេះមានទំនាក់ទំនងស្នេហាជាមួយលោកសុខ មេសា ហៅនាយចឺម ព្រោះពេលនេះគ្រប់គ្នាបានឃើញច្បាស់ថាអនាគតស្វាមីរបស់ស្រីស្រស់រូបនេះគឺជាបុរសមកពីក្រុងកំពង់សោមមិនមែនជានាយចឺម តារាចម្រៀងរួមទ្រនុំជាមួយនាងនោះទេ។



បើតាមលោកខាន់ ជេមស៍ ដែលត្រូវជាពូបង្កើតតារាចម្រៀងវីរៈ និច្ច បានឲ្យដឹងថាក្មួយស្រីរបស់លោកនិងលោកថៅកែផ្ទះសំណាក់បានស្រលាញ់គ្នាជាយូខែមកហើយនឹងមានគម្រោងរៀបការជាមួយគ្នានៅខែធ្នូឆ្នាំ២០២១នេះទៀតផង។តែគូរឲ្យស្ដាយពិធីនោះអាចនឹងមិនអាចរៀបចំបានតាមគម្រោងនោះទេព្រោះថាកូវីដមិនទាន់ស្ងាត់បែបនេះមានតែរងចាំមើលពេលវេលាដែលសមស្របណាមួយទើបអាចធ្វើទៅបាន។




ស្រីស្អាតចេង ស្រីនិច្ច ហៅវីរៈ និច្ច ជាអតីតFreshie លេខ២កាលពីឆ្នាំ២០១៤ ហើយនាងបានចូលច្រៀងឲ្យសាន់ដេក្រោមការជ្រោមជ្រែងរបស់លោកខាន់ ជេមស៍ ដែលជាពូរបស់នាង។អំឡុងពេលឈជើងនៅសាន់ដេនេះវីរៈ និច្ច លេចធ្លោគូសមក្រោយល្បីបទ”សម័យនេះស្រលាញ់ស្មោះម៉េចស្ទាវ?”។




ដោយឡែកមុនក្លាយទៅជាគូដណ្ដឹងរបស់ថៅកែផ្ទះសំណាក់នេះវីរៈ និច្ច ក៍បានចំណាយលុយ៥ម៉ឺនដុល្លារបើកហាងលក់សម្លៀកបំពាក់នៅក្បែរផ្សារស្ទឹងមានជ័យថ្មី ខណ្ឌមានជ័យផងដែរដែលការឈានទៅបង្កើតមុខរបរក្រៅសិល្បៈនេះត្រូវបានគេជឿរថានាងនិងគូណ្ដឹងអាចដាក់ទុនចូលគ្នាមុនពេលដែលពួកគេទាំង២សម្រេចចិត្តដឹកដៃគ្នាចូលរោងការនៅពេលខាងមុខ។ប៉ុន្ដែសម្រាប់អាជីពសិល្បៈរបស់វីរៈ និច្ច វិញត្រូវបានលោកជេមស៍ បញ្ជាក់ថានាងនៅតែបន្ដច្រៀងសម្ដែងជាធម្មតាព្រោះគូដណ្ដឹងរបស់នាងមិនបានហាមឃាត់ក្មួយស្រីលោកក្នុងការលេងសិល្បៈនោះទេក្រោយពួកគេភ្ជាប់ពាក្យរួចនេះ៕



