ឱក សុគន្ធកញ្ញា ហាក់ក្រៀមក្រំប្លែកជាងពេលមុនៗតាមរយៈការបញ្ចេញរូបភាពចុងក្រោយនេះនៅលើបណ្ដាញសង្គមតែគេឃើញនាងរាងស្រកគីឡូជាងមុនបន្ដិចបើទោះជាមិនទាន់ដូចដើមព្រោះក្រោយសម្រាលកូនជាង១ឆ្នាំនាងឡើងគីឡូនិងបែកសាច់ជាងមុនក្ដី។ការស្រងូស្រងាត់របស់ឱក សុគន្ធកញ្ញា នេះកើតមានក្រោយពីនាងបានបាត់បង់លោកយាយជាទីស្រលាញ់របស់នាងឈ្មោះថាម៉ា រិនថា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១ ទើបធ្វើឲ្យសុគន្ធកញ្ញា នៅតែអាលោះអាល័យលោកយាយដែលបានចាកចេញពីនាងអស់រយៈពេលជាង១ខែមកនេះ។យ៉ាងណាការមិនសូវសប្បាយចិត្តរបស់សុគន្ធកញ្ញា នៅពេលនេះក៍ធ្វើឲ្យមានការសង្ស័យពីអ្នកខ្លះថានាងមានបញ្ហារជាមួយស្វាមីផងដែរ។ប៉ុន្ដែតារាចម្រៀងស្និតបំផុតជាមួយសុគន្ធកញ្ញា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីថ្ងៃទី៦សីហា ថាសុគន្ធកញ្ញា គ្មានរឿងជាមួយប្ដីនាងទេហើយការថតរូបមើលទៅមិនរីករាយសោះនោះជាបញ្ចេកទេសនៃស្ទីលថតសម្ដែងរបស់នាងតែប៉ុណ្ណោះ។



ឱក សុគន្ធកញ្ញា ត្រូវបានតារាសម្ដែងជើងចាស់អ្នកស្រីឌី សាវ៉េត ចាត់ទុកថាជាតារាដែលមានសំណាងព្រោះក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន ជាក្រុមហ៊ុនបណ្ដុំទៅដោយសិល្បៈជាច្រើនទម្រង់។ប៉ុន្ដែមុនក្លាយទៅជាភរិយាស្របច្បាប់របស់លោកអ៊ឹង សុខលី មានអ្នកគាំទ្ររបស់តារាល្បីរូបនេះខ្លះបារម្ភខ្លាចនាងជួបរឿងពិបាកចិត្តព្រោះតែគ្រប់គ្នាដឹងថាប្ដីសុគន្ធកញ្ញា ជាបុរសដែលមានមន្ដស្នេហ៍និងមានតារាស្រីក្មេងៗមួយចំនួនតោងស្នេហ៍ទៀតផង។តែក្រោយសុគន្ធកញ្ញា សម្រាលបានកូនប្រុស១ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅCharlieកាលពីថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៩ មកស្វាមីរបស់នាងស្រលាញ់និងថ្នាក់ថ្នមតារាកូន១រូបនេះលើសកាលផ្ដើមស្នេហ៍គ្រាដំបូងទៅទៀតទើបធ្វើឲ្យFanរបស់នាងចាត់ទុកថាសុគន្ធកញ្ញា ជាតារាដែលជោគជ័យទាំងអាជីពចម្រៀងនិងស្នេហាព្រមគ្នាតែម្ដង។



គេកត់សម្គាល់ថាក្រោយឱក សុគន្ធកញ្ញា មានស្វាមីនិងកូន១មកនាងមិនសូវមានទីផ្សារចម្រៀងស្ទុះខ្លាំងដូចមុននោះទេព្រោះគ្មានបទផ្ទុះ។ប៉ុន្ដែនាងរស់នៅសុខសាន្ដលើផ្ទះវីឡាស្កឹមស្កៃនិងជិះរថយន្ដទំនើប២គ្រឿងឆ្លាស់គ្នាគឺAudi និងRange Rover ។ដោយសារតែកូវីដ មិនទាន់ស្ងាត់នេះសុគន្ធកញ្ញា បានផ្អឹបបទចម្រៀងដែលត្រៀមចេញហើយព័តមានដែលថានាងគ្រោងចាប់ដៃលោកប៊ុនថៃ ថតភាពយន្ដភាគឲ្យហង្សមាសនោះក៍មិនទាន់ចេញជារូបរាងដែរ ខណៈដែលតំណែងធំទាំង៤ដែលស្វាមីនាងផ្ដល់ឲ្យធ្វើជាគ្រូបង្វឹកនិងគណៈកម្មាការThe Voice Cambodia, The Voice Kids Cambodia ,Cambodian Idol និងX Factor Cambodiaរដូវកាលថ្មីនោះក៍មិនទាន់តំណើរការទើបធ្វើឲ្យនាងមិនសូវលេចធ្លោដូចមុនទៀតឡើយ។យ៉ាងណាអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់ថាលោកមិនជឿរថាហង្សមាសនឹងបណ្ដោយឲ្យសុគន្ធកញ្ញា ធ្លាក់ចុះជាដាច់ខាតតែលោកប្រាកដស្ទើ១០០%ថានាងនឹងកាន់តែល្បីថែមទៀតក្រោយមានស្វាមីនិងកូន១នេះព្រោះថាពេលនេះនាងបានក្លាយទៅជាសមាជិកគ្រួសារថៅកែហង្សមាសទៅហើយ។



ឱក សុគន្ធកញ្ញា ស្ថិតក្នុងចំណោមតារាដែលមានកូន១ហើយទីផ្សារសិល្បៈមានការប្រែប្រួលនៅឆ្នាំ២០២១នេះមានដូចជានាងសួស វីសា ,ពេជ្រ សូលីកា ,ឌុច លីដា ,ម៉ាក សែនសូនីតា និងនៅ សុនិតា ជាដើម។តាមអ្នកជំនាញសិល្បៈបានលើកឡើងថានៅរដូវកូវីដនេះនៅហង្សមាសតារាចម្រៀងដែលមានសន្ទុះឡើងគឺមានតែ២ដួងប៉ុណ្ណោះនោះគឺលោកខេម ប៊ុនថៃ និងរ៉េត ស៊ូហ្សាណា ។ចំពោះសុគន្ធកញ្ញា វិញស្វាមីរបស់នាងជាអ្នកដឹកនាំកម្មវិធីសិល្បៈទាំងអស់នៅប៉ុស្ដិ៍ហង្សមាសហេតុនេះហើយនាងចង់ចេញច្រៀងសម្ដែងនៅពេលណាក៍បានដែរព្រោះមានប្ដីនៅក្រោយខ្នងចាំជួយអីចឹងប្ដីនាងប្រាកដជាមិនធ្វើឲ្យភរិយាធ្លាក់ចេញពីក្នុងចំណោមតារាចម្រៀងស្រីជូរមុខគេឡើយ៕ ហ៊ឹម វិចិត្រ

