Monday, June 23, 2025
Homeតារាខ្មែរតើខេមរៈ សិរីមន្ដ អាចប៉ៈព្រាប សុវត្ថិ លើកទី២?

តើខេមរៈ សិរីមន្ដ អាចប៉ៈព្រាប សុវត្ថិ លើកទី២?

ខេមរៈ សិរីមន្ដ នៅសល់កុងត្រាជាមួយហង្សមាសជាង១ឆ្នាំទៀតក្នុងដំណាក់កាលកុងត្រាដំបូងកាលពីឆ្នាំ២០១៧ ដែលមានរយៈពេល៥ឆ្នាំ។យ៉ាងណាលោកប៊ុនថៃ ជាមុខសញ្ញានៃការចង់បានរបស់ផលិតកម្មថ្មីGalaxy បន្ទាប់ពីពួកគេទទួលបានកំពូលតារាចម្រៀងព្រាប សុវត្ថិ ដោយជោគជ័យមកនោះផលិតកម្មនេះនៅមានមហិច្ឆតាធំមួយទៀតនោះគឺចង់យកសិរីមន្ដ ទៅពង្រឹងកំលាំងឲ្យកាន់តែរឹងមាំថែមទៀត។

សំណួរដែលមហាជនចង់ដឹងថាតើខេមរៈ សិរីមន្ដ អាចនឹងទៅជួបលោកព្រាប សុវត្ថិ ជាលើកទី២ដែរឬទេ?

បើតាមអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់ប្រាប់ថាការដែលព្រាប សុវត្ថិ ចេញពីហង្សមាសទៅGalaxyធ្វើឲ្យប៉ៈពាល់ដល់ផលិតកម្មធំនេះព្រោះតារាល្បីជាងគេរបស់ខ្លួនត្រូវគេទាញយកទៅបាន។ប៉ុន្ដែលោកថាព្រាប សុវត្ថិ អាចសម្លឹងឃើញថាទៅផលិតកម្មថ្មីនោះមានអនាគតជាងទើបលោកសម្រេចចិត្តទៅ។ដោយឡែកទាក់ទងដំណឹងខេមរៈ សិរីមន្ដ ត្រូវបានGalaxy  ចង់បានទៅរួមទ្រនុំជាមួយលោកព្រាប សុវត្ថិ សារជាថ្មីនោះត្រូវបានលោកនូ ស៊ឹប អះអាងកាលពីថ្ងៃទី៤ខែសីហា ថាសម័យនេះសំខាន់បំផុតលើលុយព្រោះគេចាយលុយសាហាវណាស់ពេលនេះ។រឿងសិរិមន្ដ បើសិនជានឹងចេញពីហង្សមាសនៅពេលខាងមុខមែនហង្សមាសនឹងអស់មានអីទៀតតែម្ដង។ចំពោះរឿងអ្នកខ្លះថាសិរីមន្ដ និងព្រាប សុវត្ថិ មិនសូវត្រូវគ្នាមិនអាចច្រៀងផលិតកម្មតែមួយបាននោះលោកនូ ស៊ឹប សង្កត់ថារឿងហ្នឹងសំខាន់លើអ្នកដឹកនាំផលិតកម្មនោះទេ។

ខេមរៈ សិរីមន្ដ បានវ៉ាដាច់អស់តារាចម្រៀងរួមក្រុមនៅហង្សមាសក្រោយពីព្រាប សុវត្ថិ ចេញពីហង្សមាសជាង១ឆ្នាំនេះហើយថៅកែផលិតកម្មក៍បានប្រគល់តំណែងសំខាន់ឲ្យលោកប៊ុនថៃ តាមរយៈការធ្វើជាគ្រូបង្វឹកកម្មវិធីX Factor Cambodia  រដូវកាលទី១ផងដែរទើបធើ្វឲ្យសីរីមន្ដ កាន់តែស្ទុះទៅមុខ។ប៉ុន្ដែតំណែងព្រាប សុវត្ថិ ទាំង៣ដែលនៅទំនេរសម្រាប់កៅអីជាគណៈកម្មាការ និងគ្រូបង្វឹកកម្មវិធីCambodian Idol ,The Voice Kids Cambodia និងCambodian Idol Junior នោះមិនទាន់ប្រាកដថាថៅកែហង្សមាសនឹងប្រគល់ទៅឲ្យខេមរៈ សិរីមន្ដ ទាំងអស់ដើម្បីចង់ជើងតារារូបនេះកុំឲ្យចេញពីហង្សមាសឬយ៉ាងណានោះទេព្រោះលោកវណ្ណា ដែលជាអ្នកគ្រប់គ្រងកម្មវិធីខាងលើថាមិនទាន់គិតដល់ចំណុចនេះនៅឡើយហើយការផ្សព្វផ្សាយថានឹងដំណើរការរដូវកាលថ្មីឆាប់ៗចំពោះកម្មវិធីខាងមុខនេះគ្រាន់តែជាការជូនដំណឹងសិនប៉ុណ្ណោះព្រោះបណ្ដារកម្មវិធីទាំងនោះប្រព្រឹត្តទៅបានទាល់តែស្ងាត់កូវីដ សិន។

ថ្វីត្បិតតែមិនទាន់ច្បាស់លាស់ថាខេមរៈ សិរីមន្ដ នឹងទទួលបានតំណែងដែលនៅទំនេរទាំងអស់របសព្រាប សុវត្ថិ ឬយ៉ាងណានោះក្ដី ប៉ុន្ដែគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសបាននិយាយច្បាស់ៗថាបើហង្សមាសចង់លើកខេមរៈ សិរីមន្ដ ឲ្យជំនួសព្រាប សុវត្ថិ មែននោះដាច់ខាតតំណែងពីកម្មវិធីទាំងនោះដែលនៅសល់ក្រោយព្រាប សុវត្ថិ ចាកចេញនោះត្រូវតែឲ្យទៅសិរីមន្ដ ទាំងអស់មិនអាចឲ្យទៅតារាផ្សេងណាម្នាក់ណាផ្សេងបានឡើយ ទោះជាសុគន្ធ និសា ឬពេជ្រ សោភា ដែលមិនទាន់បានការងារទាំងនោះថែមហើយគេអាចអង្គុយនៅកៅអីនោះបានដែរក្តី តែគេអាចនឹងបង្កើតកម្មវិធីថ្មីផ្សេងៗទៀតឲ្យពួកគេកាន់វិញហើយទុកការងារទាំងនោះឲ្យសិរីមន្ដ ដើម្បីចងជើងកុំឲ្យទៅGalaxyផងនិងម្យាងទៀតប្រជាប្រិយភាពលោកប៊ុនថៃ អាចរ៉ាប់រ៉ងជំនួសព្រាប សុវត្ថិ បានផងដែរ។

ទោះជាខេមរៈ សិរីមន្ដ ពិបាកគេចពីអន្ទាក់Galaxyនៅពេលដែលលោកផុតពីកុងត្រានៅហង្សមាសក្ដី តែផលិតកម្មជើងថ្មីដែលចាយលុយធំនេះក៍ធ្លាប់ត្រូវបានតារាស្រីល្បីឈ្មោះ២ដួងបដិសេធទៅរួមទ្រនុំនោះដូចគ្នាដែរនោះគឺនាងមាស សុខសោភា និងពេជ្រ សោភា ។ទស្សនិកជនមួយចំនួនយល់ថាខេមរៈ សិរីមន្ដ អាចនឹងបន្ដឈជើងនៅហង្សមាសច្រើនជាងការជ្រើសរើសផ្លូវចាកចេញព្រោះលោកប៊ុនថៃ ពេលនេះជាសេ្ដចត្រាញ់នៅផលិតកម្មនេះទៅហើយ ចាំបាច់អីទៅប៉ៈជាគ្នាជាថ្មីជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលពិបាករកឃើញអ្នកឈ្នះចាញ់ ?តែលោកនូ ស៊ឹប ថាសម័យគេចាយលុយនេះរឿងអីក៍អាចកើតឡើងបានដែរ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES