ខេត្តសៀមរាប ៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ឱ្យដឹង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុងរបស់លោក បានចូលរួមសហការពីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានឃាត់លោកព្រលឹងសំរេច ស៊ិនវុឌ្ឍី ហៅតាលៀង ឈ្មោះដើម ស៊ីម ឈុនលៀង អាយុ៥៦ឆ្នាំ មានមុខរបរជាអ្នកសារព័ត៌មាន រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ពីបទក្លែងបន្លំ និងកំហែងយក។

លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានបន្តទៀតថា ជនម្នាក់នេះបានធ្វើសកម្មភាពដោយប្រើប្រាស់ទូរស័ព្ទហៅទៅម្ចាស់អាជីវកម្មមួយកន្លែង នៅស្រុកក្រឡាញ់ ដោយប្រាប់គេថា ខ្លួនជាមន្ត្រីបរិស្ថានខេត្ត និងមានបញ្ជាពីថ្នាក់ដឹកនាំខេត្តឱ្យជួយដោះស្រាយលុយខ្លះ បើមិនអញ្ចឹងទេ នឹងឱ្យក្រុមការងារចុះត្រួតពិនិត្យអាជីវកម្ម។ ក្រោយការសាកសួរ សាមីខ្លួនបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពមែន។
លោកបានបន្តថា ការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយពីបានទទួលពាក្យបណ្តឹងពីតំណាងមន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមការស៊ើប អង្កេតបឋមពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការ។

លោកថា សកម្មភាពនេះនាំឱ្យប៉ះពាល់ដល់ មន្ទីរបរិស្ថានខេត្ត និងថ្នាក់ដឹកនាំខេត្ត។ បច្ចុប្បន្ន សមត្ថកិច្ចបានកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី៕