ខេត្តបាត់ដំបង ៖ ព្រះសង្ឃ ១អង្គ គង់នៅវត្តមួយ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានចាក់ផ្សឹក និងវ៉ៃខ្នោះ បញ្ជូនទៅតុលាការ សង្ស័យពាក់ព័ន្ធរឿងរិះគន់បញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងពេលដែលទឹកដីកម្ពុជា ចំនួន៤ខេត្ត រួមមាន ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ កំពុងទទួលរងការឈ្លានពានពីភាគីសៀម (ថៃ) ។

ប្រភពព្រះសង្ឃនៅវត្តពោធិ៍វាល បានឲ្យដឹងនៅព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ថា ព្រះភិក្ខុ ជា វុទ្ធី ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង នាំព្រះកាយចាកចេញពីវត្តពោធិ៍វាល ក្រុងបាត់ដំបង ដោយមិនទាន់ដឹងហេតុអ្វីនៅឡើយ ខណៈមន្ទីរធម្មការនិងសាសនា បាននិមន្តព្រះអង្គ ទៅសួរនាំ នៅព្រឹកថ្ងៃដដែលនោះ ។ ប៉ុន្តែក្រុមព្រះសង្ឃ រួមសាកលវិទ្យាល័យជាមួយភិក្ខុ ជា វុទ្ធី ថា អាចមកពីសំណេររិះគន់រឿងបញ្ហាព្រំដែន ក្រោ យសង្រ្គាមជាមួយសៀម ។ ប៉ុន្តែសំណេរ ត្រូវបានលុបវិញហើយ កាលពីប៉ុន្មានថ្ងៃមុន ។

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ដែលតាមដានករណីនេះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ថា ក្នុងនាមជាគណបក្សនយោបាយក្រៅរដ្ឋាភិបាល លោកសូមអង្គការសិទ្ធិមនុស្ស ជាតិនិងអន្តរជាតិ ជួយតាមដានហេតុការណ៍នេះផង ព្រោះបើគ្រាន់តែជាការរិះគន់ក្នុងន័យស្ថាបនា ពាក់ព័ន្ធរឿងព្រំដែន រឿងសៀម ឈ្លានពានទឹកដីកម្ពុជា វាមិនអាចថ្នាក់ដល់ជាឧក្រិដ្ឋជន ត្រូវចាប់ផ្សឹក និងបញ្ជូនទៅដាក់ទោសទណ្ឌនៅតុលាការ នោះទេ យ៉ាងច្រើនត្រឹមណែនាំទៅបានហើយ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា ពេលវេលានេះ វាមិនមែនជាពេលវេលាកាន់តែធ្វើឲ្យមានការជ្រួលច្របល់នៃស្ថានការណ៍នយោបាយទេ ព្រោះថា ពលរដ្ឋ ក៏ដូចជាមហាជន មជ្ឈដ្ឋានជាតិនិងអន្តរ ជាតិ កំពុងតែផ្ដោតទៅលើស្ថានការណ៍សង្រ្គាមពិភពលោក នៃវិបត្តិថាមពលជាសកល ក៏ដូចជាសង្គ្រាមកន្លង មក រវាងកម្ពុជា ជាមួយនឹងសៀម ហើយយើងឃើញថា ការបង្ហាញនូវមតិរិះគន់ស្ថាបនា ឬក៏ចំណុចបញ្ហាណា គឺជាពហុគំនិតនៅក្នុងសង្គមប្រជាធិបតេយ្យ នៃសេរីភាព ការនិយាយស្ដី ការបញ្ចេញមតិ ខ្ញុំថារដ្ឋាភិបាល ត្រូវពិចារណារឿងនេះ ឲ្យមែនទែន ព្រោះវាមិនមែនជារឿងពាក់ព័ន្ធទៅដល់បទឧក្រិដ្ឋ ឬក៏វិទ្ធង្សនាវឹកវរអីទេ គ្រាន់ តែជាការឈឺឆ្អាលនៃប្រជាជាតិ ប្រទេសរបស់ខ្លួន ដែលត្រូវបាត់ទឹកបាត់ដី ត្រូវគេឈ្លានពានអធិបតេយ្យ បូរ ណភាពទឹកដី ។ អ៊ីចឹងហើយមានការឈឺចាប់ ការចង់សម្ដែងមតិ ការចង់ឲ្យរដ្ឋាភិបាល ធ្វើនូវប្រការណាៗ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ហើយរដ្ឋាភិបាល យកមតិ មិនយកមតិ ក៏យើងសម្រួលស្ថានការណ៍មួយរយៈ ដើម្បីរកការឯកភាពជាតិ ចៀសវាងការបែកបាក់ផ្ទៃក្នុងជាតិ អានោះទើបជារឿងសំខាន់ណាស់ តែក៏សំណូមពរឲ្យអ្នកដែលរិះគន់ហ្នឹង គឺរិះគន់ បញ្ចេញមតិដោយអង្គហេតុ អង្គច្បាប់ មានហេតុ មានផល ឲ្យអ្វីជាដំណោះ ស្រាយ ជាជាងយើងបង្កើតបញ្ហា ព្រោះយើងក៏ដឹងថា រដ្ឋាភិបាល ក៏កំពុងតែទទួលនូវការស្ដីបន្ទោស ការរិះគន់ ការចង្អុលបង្ហាញភាពអវិជ្ជមានក្នុងការដឹកនាំ ឬក៏ចង់ឃើញមានកិច្ចសហការនៃការសាមគ្គីជាតិ ឯកភាពផ្ទៃក្នុងជាតិ ដែលធ្វើកិច្ចការតាមរយៈគណបក្សកាន់អំណាច បក្សក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ឬក៏ប្រជាពល រដ្ឋម្ចាស់ប្រទេសអីជាដើមហ្នឹង យើងរួមគ្នាធ្វើកិច្ចការងារទៅ» ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ហើយដូចជាការចាប់ផ្សឹកលោកអីហ្នឹង គឺខ្ញុំមើលទៅដូចជាមិនមានអ្វីធ្ងន់ធ្ងរ ហើយណាមួយ សារដែលលោកផុសហ្នឹង ក៏បានលុបចោល ពីរបីថ្ងៃទៅដែរហើយ រហូតដល់លោកស្ម័គ្រចិត្តចូលទៅជួបមន្ទីរធម្មការនិងសាសនា នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ហ្នឹង យើងគួរតែអប់រំណែនាំនិងព្រមាន ឬក៏ក្នុងកម្រិតណា នៅក្នុងផ្លូវពុទ្ធចក្រ ព្រោះមិនមែនជាផ្លូវអាណាចក្រ ដែលយើងងាកចាប់ផ្សឹកៗ ហើយទៅតាមហេតុផលនយោបាយ ឬក៏បែបផែនណាដែលគេមើលទៅយើងកំពុងតែប្រើនូវអំណាចបែបផ្ដាច់ការ ឬក៏អំណាចដែលយើងចង់បាននូវសន្តិសុខសុវត្ថិភាព គឺថាលោកមិនមែនជាមនុស្សឧក្រិដ្ឋ ឬក៏មនុស្សដែលរឹងត្អឹងទៅនឹងបញ្ហានៃការចង់ជួយកសាងសង្គម តាមបែបការឲ្យជាធម្មទាន ការឲ្យជាព្រះយោបល់ គំនិតបែបណា ខ្ញុំថាមិនមែនជារឿងដែលយើងងាកចាប់ដាក់ខ្នោះ ងាកចាប់ដាក់គុក អាហ្នឹងវាមិនមែនជាការរកដំណោះស្រាយចំពោះជនស្លូតត្រង់ វាមិនមែនជាជនឧក្រិដ្ឋគ្រឿងញៀន ឬក៏ជនឧក្រិដ្ឋសម្លាប់មនុស្ស ឃាតកម្ម ឬក៏ឧក្រិដ្ឋបែបណា ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ កូនលោកធំ ស្រវឹងបើកឡានបុកគេ ប្រមាថកាតទាន ប្រើលុយទិញជីវិតមនុស្សអី អាហ្នឹងបានវាជាស្ថានភាពជាក់ស្ដែង។ ប៉ុន្តែស្ថានភាពនៃការរិះគន់ស្ថាបនា ឬក៏ចង្អុលបង្ហាញបែបណា ឃើញថាមិនគប្បី យើងណែនាំ ព្រមាន ឬក៏អីទៅ ហើយចាំយើងមើលទៅតាមហេតុផលហ្នឹងទៀត ព្រោះវាជាជាងការងាកចាប់ដាក់គុកៗ វាមិនមែនជារឿងល្អសម្រាប់ពង្រឹងនូវមនសិការ ស្មារតីជាតិនិយមរបស់យុវជន ដែលជាទំពាំងស្នងឫស្សី ដែលជាចលករសម្រាប់បន្តវេន បន្តជំនាន់ បន្តនូវអ្វីជាកិច្ចការនយោ បាយ កិច្ចការប្រទេសជាតិ រួមចំណែកកសាងជាតិ កសាងសេរីភាព ការរួបរួមគ្នា ឯកភាពជាតិ ផ្សះផ្សាជាតិ អាហ្នឹងហើយជាអ្វីដែលខ្ញុំចង់បាន“ ។

ជាមួយគ្នានោះដែរ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានលើកឡើងថា ក្នុងស្ថានភាពដែលទឹកដីរបស់ខ្លួន កំពុងត្រូវបានសៀម បន្តឈ្លានពាន អាជ្ញាធរ សមត្ថកិច្ច រដ្ឋាភិបាល មិនទៅទប់ស្កាត់សៀម បែរបង្ក្រាបខ្មែរគ្នាឯងទៅវិញ ដែលការធ្វើបែបនេះ គួរឲ្យសង្វេគណាស់ និងបង្កើនការឈឺចាប់កាន់តែខ្លាំងសម្រាប់ប្រជាពលរដ្ឋខ្មែរ ។
លោក ម៉ែន ណាត បានមានប្រសាសន៍នៅថ្ងៃដដែលថា “ជុំវិញការចាប់ផ្សឹកព្រះសង្ឃ ជា វុទ្ធី នៅខាងវត្តពោធិ៍វាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខ្ញុំតាមដានមើលទៅ វាគឺជារឿងមួយគួរឲ្យសង្វេគណាស់ ដោយសារព្រះអង្គ មិនទិតៀនអីធ្ងន់ធ្ងរទេ គ្រាន់តែផ្ដល់យោបល់ទៅលើការដែលសៀម ឈ្លានពានកម្ពុជា កន្លងទៅហ្នឹង ហើយលោកសរសេរប៉ុន្មានថ្ងៃមុនហ្នឹង ខ្ញុំក៏មិនបានមើលដែរ ប៉ុន្តែឃើញបងប្អូនយើងចែករំលែកលើបណ្ដាញសង្គមថា ព្រះអង្គ បានលុបសារហ្នឹងហើយ ប៉ុន្មានថ្ងៃមុនហ្នឹង ពាក់ព័ន្ធការទិតៀនរឿងបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលថៃ ឈ្លានពានចូលទឹកដីកម្ពុជា ហ្នឹង ។ ក្នុងរឿងសៀម ឈ្លានពាននេះ អ្នកណាក៏ទទួលស្គាល់ដែរថា សៀម ឈ្លានពាន រដ្ឋាភិបាល ក៏ទន្ទេញចាំមាត់ថា សៀម ឈ្លានពានដែរ ហើយពលរដ្ឋខ្មែរ ទាំងអស់គ្នាហ្នឹង ឈឺចាប់ បង្ហាញពីមនោសញ្ចេតនា អំពីមតិយោបល់អំពីរឿងសៀមឈ្លានពានដែរ តែវាសង្វេគនៅត្រង់ថា ពេលដែលសៀមឈ្លានពានហើយ បែរទៅជារដ្ឋាភិបាល អាជ្ញាធរ សមត្ថកិច្ចហ្នឹង ធ្វើទុក្ខបុកម្នេញដល់អ្នកទិតៀន រឿងដែលអាជ្ញាធរ ឬរដ្ឋាភិបាល យឺតយ៉ាវក្នុងការធ្វើយ៉ាងណាដើម្បីយកទឹកដីមកវិញនោះ ។ អាហ្នឹងគឺជាមតិយោបល់ គ្មានទោសកំហុសអីទេ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន ព្រោះប្រជាពលរដ្ឋមានសិទ្ធិបញ្ចេ ញមតិ ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ មិនគួរយកច្បាប់ព្រហ្មទណ្ឌ យកច្បាប់អាជ្ញាសឹក ទៅចាប់មនុស្សដាក់ ទោសទណ្ឌ ហើយចោទប្រកាន់ពីបទប្រព្រឹត្តិនេះ ប្រព្រឹត្តនោះ ពីបទឧក្រិដ្ឋនោះទេ“ ។
លោក ម៉ែន ណាត បានមានប្រសាសន៍បន្តថា “ជុំវិញការចាប់ខ្លួនព្រះអង្គ ជា វុទ្ធី នេះ សុំឲ្យអាជ្ញាធរ រដ្ឋាភិ បាលកម្ពុជា លោកហ៊ុន ម៉ាណែត ហ្នឹង ដោះលែងព្រះអង្គ ឲ្យមានសេរីភាពឡើងវិញមក ព្រោះគ្មានអីល្អជាងការផ្សះផ្សាជាតិទេ មេដឹកនាំ យោគយល់ អធ្យាស្រ័យដល់ប្រជាពលរដ្ឋទៅ អាហ្នឹងរឿងសមហេតុសមផលណាស់ ហើយម្យ៉ាងទៀត គ្រប់គ្នាចង់បានស្មារតីផ្សះផ្សាជាតិ លោកហ៊ុន ម៉ាណែត ខ្លួនឯង ក៏ធ្លាប់បាននិយាយប៉ុន្មានសប្ដាហ៍មុនហ្នឹងថា ត្រូវការរួបរួម ឯកភាពជាតិដែរ ឥឡូវហ្នឹង រឿងអីដែលមិនរួបរួម ឯកភាពជាតិ បែរទៅជាចាប់ថែមដាក់គុក ចាប់ហើយចាប់ទៀតហ្នឹង មិនចេះចប់មិនចេះហើយហ្នឹង ។ ម៉្លោះហើយក្នុងរឿងនេះ សូមអំពាវនាវទៅដល់រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត និងអាជ្ញាធរ សមត្ថកិច្ច រួមទាំងតុលាការខាងបាត់ដំបង ហ្នឹង ដោះលែងព្រះអង្គ ជា វុទ្ធី ឲ្យមានសេរីភាព ដោយគ្មានលក្ខខណ្ឌ ឲ្យព្រះអង្គបន្តការងារព្រះអង្គតទៅទៀតទៅ កុំបង្កើនការឈឺចាប់ដល់ប្រជាពលរដ្ឋថែមទៀត ។ យើងធ្លាប់បញ្ជាក់លើកមុនថា រឿងសៀម ឈ្លានពាននោះ វាបង្កការឈឺចាប់មួយហើយ ទាំងរដ្ឋាភិបាល ទាំងប្រជាពលរដ្ឋខ្មែរ ហើយទី២ នៅពេលដែលអាជ្ញាធរ រដ្ឋាភិបាលហ្នឹង ចាប់ជនរងគ្រោះហ្នឹងដាក់គុក ដាក់ទណ្ឌកម្ម បង្កើតឲ្យក្រុមគ្រួសារជនរងគ្រោះឈឺចាប់មួយជាន់ទៀត ហើយទី៣ នោះ ការឈឺចាប់របស់ជនភៀសសឹក បាត់បង់ផ្ទះសម្បែងរបស់ពួកគាត់ ឈឺចាប់មួយទៀត ។ ដូច្នេះការឈឺចាប់នេះ វាគុណនឹងពីរ គុណនឹងបី គុណនឹងបួន ឈឺចាប់ខ្លាំងណាស់ ។ ម្ល៉ោះហើយ រដ្ឋាភិបាលកម្ពុជា មិនគួរបង្កការឈឺចាប់ដល់ប្រជាពលរដ្ឋខ្មែរ តទៅទៀតទេ នៅក្នុងរឿងដែលសៀម ឈ្លានពានហ្នឹង រកមធ្យោ បាយផ្សះផ្សាស្មារតីខ្មែរហ្នឹងឲ្យល្អឡើងវិញ រួចធ្វើយ៉ាងណាដើម្បីដាក់សម្ពាធថៃ ឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា ហើយនិងទាមទារឲ្យថៃ ផ្ដល់យុត្តិធម៌មកកម្ពុជា វិញ តាមរយៈសម្ពាធការទូតអន្តរជាតិ និងសម្ពាធតុលា ការ ត្រូវតែដាក់ ។ សម្ពាធតុលាការ ចង់បានន័យថា កម្ពុជា ត្រូវតែដាក់បណ្ដឹងទៅតុលាការអន្តរជាតិ ទាំង ICJ និង ICC ជាដើម ដើម្បីទាមទារយុត្តិធម៌ជូនប្រជាពលរដ្ឋ ជូនជាតិខ្មែរយើងទាំងអស់គ្នាហ្នឹង“ ។
គួរបញ្ជាក់ថា ព្រះតេជព្រះគុណ ជា វុទ្ធី ជាសកម្មជនសង្ឃ ដែលស្រលាញ់ជាតិ និងឈឺឆ្អាលរឿងសង្គមជាតិ បូរណភាពទឹកដី ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង សហការជាមួយមន្ទីរធម្មការខេត្ត ចាប់ផ្សឹក នៅព្រឹកថ្ងៃទី១ ខែមេសាឆ្នាំ២០២៦
មុនពេលចាប់ផ្សឹក និងបញ្ជូនទៅតុលាការ សង្ឃ ជា វុទ្ធី បានសរសេររិះគន់រាជរដ្ឋាភិបាលកម្ពុជា រឿងមិនអាចដោះស្រាយព្រំដែន ឬទាមទារទឹកដីដែលថៃ ឈ្លានពានគ្រប់គ្រងកាន់កាប់នោះមកវិញបាន ថា “ខ្មាសថៃ ណាស់អញ” ។

ក្រោយការចាប់ផ្សឹក និងនាំខ្លួនសង្ឃ ជា វុទ្ធី ទៅតុលាការ មជ្ឈដ្ឋានជាច្រើន បានចាត់ទុកជារឿងអយុត្តិធម៌ និងបំពានរដ្ឋធម្មនុញ្ញ ក៏ដូចជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ព្រោះគ្រាន់តែរិះគន់រឿងព្រំដែន មិនខុសនឹងរដ្ឋ ធម្មនុញ្ញ និងខុសច្បាប់ នោះទេ ។
ទោះបីយ៉ាងណា ករណីនេះ នៅមិនទាន់មានការបញ្ជាក់បំភ្លឺ ពីក្រសួងធម្មការនិងសាសនា និងតុលាការ នៅ ឡើយ កាលពីម្សិល ៕ កុលបុត្រ