Monday, November 24, 2025
Homeព័ត៌មានជាតិនៅជិតផ្ទះគ្នាសោះ ឃើញមុខរាល់ថ្ងៃ មិនគួរឲ្យគេក្តៅក្រហាយសោះ

នៅជិតផ្ទះគ្នាសោះ ឃើញមុខរាល់ថ្ងៃ មិនគួរឲ្យគេក្តៅក្រហាយសោះ

ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលតាមស្រាវជ្រាវចាប់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះថា ជននេះខ្ចីម៉ូតូជិះមួយភ្លែត តែបាត់ឈឹងអស់ជាច្រើនថ្ងៃ មិនឃើញយកម៉ូតូមកសងវិញ ទាក់ទងក៏មិនបាន លុះដល់ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ទើបសមត្ថកិច្ចចាប់ខ្លួននិងដកហូតម៉ូតូបានមកវិញ។

បើតាមលោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា ជនសង្ស័យដែលប្រុងស៊ីដាច់ម៉ូតូជនរងគ្រោះនេះ មានឈ្មោះឌុត ឡៃសើ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយត្រូវកម្លាំងឃាត់ខ្លួនបាននៅនឹងផ្ទះតែម្តង។

លោកអធិការបន្តថា ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះយន់ ថ្មី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនេសាទ បានប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវស្វែងរកម៉ូតូនិងឃាត់ខ្លួនជនសង្ស័យ ដោយថាជនសង្ស័យបានខ្ចីម៉ូតូរបស់ខ្លួនមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកោះកុង ១B-៦១៦៥ ជិះមួយភ្លែត ក៏ស្រាប់តែជិះគេចខ្លួនទៅបាត់អស់រយៈពេលជាច្រើនថ្ងៃមកហើយ។

លុះពេលសមត្ថកិច្ចស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដោយដកហូតបានម៉ូតូមកវិញ។ ជនសង្ស័យត្រូវបានសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES